មន្ត្រី​​នគរបាល​​ថា​ អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ហក់​​ឡើង​​ខ្ពស់​​បំផុត​​នៅ​​ខែ​​មីនា​​នេះ​

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា ថ្លែងក្នុងសន្និសីទសារព័តមានស្តីពីទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រីជាន់ខ្ពស់ផ្នែកចរាចរណ៍ ឲ្យដឹងថា ​មនុស្ស​ដល់​ទៅ​ជាង ២០០​នាក់ ស្លាប់​ ហើយ​ជាង ៥០០​នាក់​ទៀត បាន​រង​របួសក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ជិត ៤០០​ករណី​នៅ​ក្នុង​ខែមីនា​កន្លង​មក​នេះ ជា​អត្រា​ស្លាប់​​ខ្ពស់​បំផុត​ បើធៀប​នឹង​តួលេខ ២​ខែ​ទៀត​ក្នុង​ឆ្នាំ​នេះ។

ថ្លែងក្នុងសន្និសីទសារព័តមានស្តីពីទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅទីស្តីការគណៈរដ្ឋមន្ត្រីព្រឹកនេះ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ លោក រុន រ័ត្នវាសនា បាន​ឲ្យដឹងថា មនុស្ស​ដល់​ទៅ ២០៣​នាក់ បាន​ស្លាប់​ និង​៥១៥​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​៣៨៣​ករណី នៅ​ទូទាំង​ប្រទេស ​នៅ​ក្នុង​ខែមីនា​កន្លង​មក​នេះ ជា​តួលេខ​ខ្ពស់​ជាង​តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខែ​កុម្ភៈ និង​ខែ​មករា​កន្លង​មក​ទៅ​ទៀត។

មន្ត្រី​នគរបាល​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខែ​កុម្ភៈ មាន​ចំនួន​ជាង ១៥០​នាក់ និង​ខែ​មករា​កន្លង​មក​មាន​ចំនួន​ ១៤៨​នាក់​ប៉ុណ្ណោះ។

បើ​តាម​មន្ត្រី​នគរបាល​រូប​នេះ យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​មករា និង​ខែ​កុម្ភៈ ប៉ុន្តែ អត្រា​ចំនួន​អ្នក​ស្លាប់​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ បាន​កើន​ឡើង​ដល់ ១១​នាក់​នៅ​ក្នុង​ខែមីនា​កន្លង​មក​នេះ។

លោក រុន រ័ត្នវាសនា មានប្រសាសន៍ថា​៖ «គ្រោះថ្នាក់ចរាចរណ៍នេះនៅតែជាកង្វល់! មិនអាចតែនគរបាលមួយមុខធ្វើបានទេ វាទាល់តែមានការផ្សព្វផ្សាយ។ ពេលនេះ យើងផ្សព្វផ្សាយគ្រប់ទូរទស្សន៍ គ្រប់សារព័ត៌មាន គ្រប់វេបសាយ វិទ្យុមួយចំនួន ប៉ុន្តែ ការផ្សព្វផ្សាយយ៉ាងណាក៏ដោយនៅតែមិនគ្រប់គ្រាន់។ វាមានតែការផ្សព្វផ្សាយ​តៗគ្នា ដែលល្អជាងវិទ្យុ ទូរទស្សន៍នេះឯង!»

មន្ត្រី​នគរបាល​រូប​នេះ បាន​បន្ទោស​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​លើ​ការបើក​បរ​របស់​មនុស្ស ដូចជា បើក​បរ​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ បើក​បរ​ជែង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដើម។

អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ សម្តែងការបារម្ភពី​កំណើន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ និងថា ឥរិយាបថអ្នកប្រើប្រាស់ផ្លូវនៅតែមិនមានការកែប្រែ ដោយលោកជំរុញឲ្យសមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋហ្នឹង គាត់ដូចជាមិនកែប្រែឥរិយាបថទេ បើទោះជាមានការអប់រំផ្សព្វផ្សាយ។ អាចថា គាត់មាន តែមិនសមធ្វើតាម។ អញ្ចឹង ដល់ដំណាក់កាលនេះ គឺមានតែយើងសំណូមពរឲ្យសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច គាត់រឹតបន្តឹងច្បាប់ឲ្យបានតឹង ហើយសុំធ្វើឲ្យបានច្រើនកន្លែង ធ្វើឲ្យបានទៀតទាត់»

លោក រុន រ័ត្នវាសនា រំលឹកឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចណ៍នៅឆ្នាំ២០១៨ បានសម្លាប់មនុស្សចំនួន ១ ៧៦១នាក់ ដែលចំនួននោះមានការថយចុះអ្នកស្លាប់ ១៩នាក់ពីឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ