ក្រសួង​ពាណិជ្ជកម្ម​ ថា​តម្លៃ​ប្រេងសាំង​ហក់​ឡើង​ដោយសារ​តម្លៃនៅលើទីផ្សារ​អន្តរជាតិ

ស្ថានីយ៍សាំងមួយកន្លែងនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ លើក​ឡើង​ថា​ តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​ឡើងថ្លៃ​ គឺ​មក​ពី​ចរន្ត​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។

ក្នុង​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ដែល​ចេញ​កាលពី​ម្សិលមិញ​ ចាប់ពី​ថ្ងៃទី១​ ដល់​ ថ្ងៃទី១៥​ ខែមេសា​ ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​មានតម្លៃ៣៧៥០រៀល​ ហើយ​ប្រេងម៉ាស៊ូត​ក្នុង​មួយ​លីត្រ​មានតម្លៃ៣៥៥០រៀល​។ 

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ាង​ ថៃ​ មាន​ប្រាប់​ VOD​ បន្ថែម​ នៅ​ព្រឹក​នេះ​ ថា​ ការ​ឡើង​ថ្លៃ​នេះ​គឺ​ដោយ​សារ​ការ​ឡើង​ថ្លៃ​ប្រេង​ពីទី​ផ្សារ​អន្តរជាតិ​ ហើយ​ក្រសួង​នៅ​មិនទាន់​ចាត់​វិធានការ​អី​នៅឡើយ​ដែរ​ ដោយ​ថា​ តម្លៃ​នេះ​នៅក្នុង​កម្រិត​ពិចារណា​នៅឡើយ​។

លោក​ ស៊ាង​ ថៃ​ មានប្រសាសន៍​ថា​៖ ​«ដូច​យើង​បាន​ជ្រាប​ហើយ​ យើង​អត់​ផលិត​សាំង​ទេ​! ហើយ​រដ្ឋ​ក៏​អត់មាន​បាន​ដំឡើង​អីដែរ​ គឺ​នៅ​ដដែល​! តាម​ការ​គណនា​ហ្នឹង​ យើង​ឃើញ​ហើយ​ ដោយសារ​ថ្លៃ​អន្តរជាតិ​វា​ឡើង​។ ស្អី​ដែល​វា​ឡើង​វា​ចុះ​ វា​ពាក់ព័ន្ធ​តែ​ជាមួយនឹង​ថ្លៃ​អន្តរជាតិ​។ យើង​មិនទាន់​មានអី​ទេ​ឥឡូវ​ ព្រោះ​វា​ឡើង​វា​ចុះ​ៗ ដូច​ថ្ងៃមុន​នោះ​វា​ឡើង​ដល់៤០០០ជាង​ វា​ចុះ​មក​ទាប​មែនទែន​ ឥឡូវ​វា​ឡើង​មកដល់៣៧៥០​ អ៊ីចឹង​ កម្រិត​វា​នៅសល់​ក្នុង​ការពិចារណា។​»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់​ ពៅ​ ​សំណូមពរ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សាំង​ឡើងថ្លៃ​ជាបន្ទាន់​ ដោយ​ថា​ករណីនេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​។

លោក​ វន់​ ពៅ​ ​មានប្រសាសន៍​ថា​៖ ​«បើសិនជា​រដ្ឋាភិបាល​មិន​គិតគូរ​ នៅតែ​បណ្តែតបណ្តោយ​សាំង​ឡើង​ចុះ​ៗតាមអំពើចិត្ត​របស់​អ្នកលក់​មួយចំនួន​ទេ​ ខ្ញុំ​គិតថា ​វា​ជា​រឿង​មួយ​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​តែម្តង ​រឿង​ថ្លៃ​សាំង​នេះ​។ តែ​ឥឡូវ​សាំង​ឡើងថ្លៃ​ ហើយ​ប្រជាពលរដ្ឋ​ប្រើ​ម៉ាស៊ីនភ្លើង​ច្រើន​ទៀត​ សួរ​ថា​វា​ប៉ះពាល់​ដល់កម្រិត​ណា​? អាហ្នឹង​រដ្ឋ​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​ផង​ដែរ​!» ។

តាម​សេចក្ដីជូនដំណឹង​កំណត់​ពី​តម្លៃ​សាំង​របស់​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៣ខែ​ចុង​ក្រោយ​នេះ​ តម្លៃ​សាំង​ធ្លាក់​ចុះ​ថ្លៃ​ទាប​បំផុត​នៅ​ត្រឹម​៣២០០រៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ