លោក ស៊ុយ សែម រំឮកអាជ្ញាធរ និងគ្រូបង្រៀននៅខេត្តពោធិ៍សាត់ ទប់ស្កាត់កុំឲ្យសិស្សបង្កើតបងធំក្នុងសាលា

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងក្នុងកម្មវិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ព្រះវិហារ ស្ថិតនៅវត្តស្តេចពពិច ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ រូបភាព៖ CJ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្រើនរំឮកដល់អាជ្ញាធរ និងគ្រូបង្រៀន ទប់ស្កាត់កុំឲ្យសិស្សានុសិស្សរៀននៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បង្កើតក្រុមបងតូចបងធំនៅក្នុងសាលា ដើម្បីកុំឲ្យប៉ះពាល់ដល់សិស្សានុសិស្សផ្សេងទៀត។

ក្នុងកម្មវិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ព្រះវិហារ ស្ថិតនៅវត្តស្តេចពពិច ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានរំឭកដល់អាជ្ញាធរ ក៍ដូចជាលោកគ្រូអ្នកគ្រូតាមសាលា ត្រូវតែតាមឃ្លាំមើលសិស្សានុសិស្ស កុំឲ្យបង្កើតក្រុមបងតូចបងធំនៅក្នុងសាលា ព្រោះវានាំឱ្យប៉ះពាល់ដល់ការរៀនសូត្រសិស្សគេផ្សេងៗទៀត ដែលនាំឲ្យអស្ថេរភាពនៅក្នុងសាលា និងធ្វើឲ្យ​សិស្សផ្សេងទៀតខ្លាចមិនហ៊ានទៅរៀន ហើយ​អាចបោះបង់ចោលការសិក្សាជាដើម។

លោកមានប្រសាសន៍ថា ៖ «ស្រុកយើងបានចប់សង្គ្រាមដោយអាវុធហើយ ហើយក្មួយៗកុំចង់ច្បាំងគ្នានឹងដំបង បំពង់ទីបឲ្យសោះ សមត្ថកិច្ចមិនយោគយល់ឡើយ ហើយបើមានជម្លោះអ្នកចាញ់ចូលពេទ្យ ឬស្លាប់ ឯអ្នកឈ្នះមានតែរត់ចោលស្រុក និងចូលគុក»។

មន្ត្រីក្រសួងរ៉ែរូបនោះ ថ្លែងទៀតថា សមាជិកក្រុមប្រឹក្សាស្រុក-ឃុំ នៅក្នុងស្រុកភ្នំក្រវ៉ាញ រួមទាំងអាជ្ញាធរក្នុងខេត្តពោធិ៍សាត់ទាំងមូល ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យលើសពីអាណត្តិមុនៗទ្វេដង ពិសេសការងារផ្តល់សេវាកុំប្រកាន់ថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ដោយសារកាតព្វកិច្ចរបស់អាជ្ញាធរត្រូវបំរើរាស្ត្រដោះស្មោះត្រង់៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។