មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ថា មន្ទីរជំនាញបានឃាត់ខ្លួន ហើយកំពុងស៊ើបអង្កេត និងសាកសួរបន្ថែមទៀតលើឈ្មោះ ហោ រ៉ាពិណាត ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធិ បានឲ្យ VOD ដឹងថា មន្ទីរជំនាញកំពុងស៊ើបអង្កេត និងសួរចម្លើយបន្ថែមលើឈ្មោះ ហោ រ៉ាពិណាត។ លោកបន្តថា ប្រហែលជាត្រូវការ៤៨ម៉ោង ដល់៧២ម៉ោងទៀត មុននឹងបញ្ជូនទៅតុលាការ។
លោកថា៖ «ការឃាត់ខ្លួននោះ គឺផ្អែកទៅលើតម្រុយ និងភស្តុតាង ការប្រព្រឹត្តបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការប្រព្រឹត្ត សមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលភស្តុតាងហ្នឹងដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក្នុងដែនសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន។»
សមត្ថកិច្ចបានឃាត់ខ្លួនលោក ហោ រ៉ាពិណាត នាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមនុស្ស២នាក់ផ្សេងទៀត កាលពីម្សិលមិញ នៅក្នុងខណ្ឌច្បារអំពៅ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រចំពោះវិធានការនេះ ដោយថា ជាគំរូនៃការបង្ក្រាបគ្រឿងញៀនមួយដែលជាជំហាននៃការសំអាតមន្ត្រីមិនល្អចេញពីតួនាទីរដ្ឋ ខណៈលោកជំរុញឲ្យមានវិធានការបន្ថែមទៀតទៅលើឈ្មួញជួញដូរធំៗ និងអ្នកផ្សំគំនិតផងដែរ។
លោកថា៖ «មន្ត្រីដែលមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីសាធារណៈ គឺជាមុខសញ្ញាដែលត្រូវបោសសំអាតមុនគេ ត្រូវចាត់វិធានការមុនគេ គឺមន្ត្រីរបស់រដ្ឋហ្នឹងហើយ បន្ទាប់មកទើបយើងអាចបោសសំអាតទៅដល់ប្រជាពលរដ្ឋបាន។ ជាមួយគ្នានោះដែរ យើងឃើញថា គួរតែបោសសំអាតពាក់ព័ន្ធនឹងរឿងឈ្មួញដូរធំៗជាមួយមន្ត្រីអនុវត្តច្បាប់ផងដែរ។»
តាមរបាយការណ៍សមត្ថកិច្ច ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ សមត្ថកិចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២០៣៣ករណី និងឃាត់មនុស្សចំនួន៤៣៩៩នាក់ ក្នុងនោះស្រី៣៧២នាក់ ជនបរទេស១០៤នាក់។ របាយការណ៍ដដែលឲ្យដឹងសមត្ថកិច្ចបានរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង៩៦គីឡូក្រាម កញ្ឆាក្រៀមចំនួន ២៩២៩៧ដើម និងចាប់យកសម្ភារមាន រថយន្ត១១គ្រឿង ម៉ូតូ២៨០គ្រឿង ទូរសព្ទ៩០៦គ្រឿង និងជញ្ជីង៦២គ្រឿង ។