កសិករនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពាវនាវសុំជំនួយបច្ចេកទេសពីរដ្ឋាភិបាល ព្រោះដំណាំម្រេចរបស់ពួកគាត់ឆ្នាំនេះ ងាប់ច្រើនខុសឆ្នាំមុនៗ ពិសេសក្នុងរដូវក្តៅនេះ។
កសិករនៅឃុំដារ ស្រុកមេមត់ លោក សន នាង រៀបរាប់ថា ដំណាំម្រេចរបស់លោកជាង១ហិកតា ក្នុងចំណោមម្រេច៤ហិកតា បានងាប់អស់ ហើយលោកក៏បានយកដីនោះទៅដាំដំណាំកៅស៊ូ កាហ្វេ និងដំណាំហូបផ្លែផ្សេងទៀត។
លោកយល់ថា បញ្ហាម្រេចងាប់ច្រើននៅឆ្នាំនេះ អាចដោយសារបច្ចេកទេសប្រើថ្នាំ ឬជីមិនបានត្រឹមត្រូវ ម្យ៉ាងបញ្ហាអាកាសធាតុក្តៅខ្លាំងពេកនាពេលបច្ចុប្បន្ន និងបញ្ហាជំងឺផ្សិត ជាដើម។
កសិករដាំម្រេចជិត១០ឆ្នាំរូបនេះ ប្រាប់ថា កន្លងមក ម្រេចធ្លាប់ងាប់ខ្លះដែរ ប៉ុន្តែ មិនធ្លាប់ងាប់ច្រើនដូចពេលនេះឡើយ ហើយបញ្ហានេះធ្វើឱ្យប្រជាកសិករបារម្ភអំពីបញ្ហាប្រឈមក្នុងជីវភាព ពិសេសប្រឈមបញ្ហាបំណុលធនាគារតែម្តង។
លោកបន្ថែមថា៖ «ខ្ញុំសំណូមពរទៅមន្ទីរ ឬក្រសួងកសិកម្ម ផ្នែកដំណាំម្រេចហ្នឹង ជួយបើកវគ្គបណ្តុះបណ្តាលដល់កសិករ ឬក៏ផ្តល់ជាយោបល់ផ្សេងៗ។ ទីពីរ ឱ្យជួយរកមីក្រូហិរញ្ញវត្ថុដែលមានការប្រាក់ទាបបំផុតជូនកសិករ ទើបគ្នាមានលទ្ធភាពតទៅមុខទៀត»។
ដំណាំម្រេចជាដំណាំប្រភេទវល្លិ៍ ដាំក្នុងរយៈពេល១ឆ្នាំកន្លះនឹងទទួលផល ដោយម្រេចអាចផ្តល់ផលក្នុង១ហិកតា ចន្លោះពី៣ ទៅ៦តោន។
ម្រេចក្នុងមួយហិកតា កសិករអះអាងថា អាចដាំបានចំនួនពីជាង១ពាន់ជន្លង់ ទៅជាង២ពាន់ជន្លង់អាស្រ័យលើស្ថានភាពដី ហើយចំណាយដើមទុនប្រមាណ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយហិកតា ឬលើសពីនេះ ដោយថា ដើមទុនបច្ចុប្បន្នភាគច្រើន កសិករខ្ចីបុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
ប្រធានសហគមន៍កសិកម្មដំណាំម្រេចដារ-មេមត់ លោក ហុង សាន អះអាងថា ដំណាំម្រេចនៅស្រុកមេមត់ពិតជាងាប់ច្រើនលើសពីបណ្តាឆ្នាំមុនៗប្រាកដមែន ដោយថា ដំណាំម្រេចរបស់កសិករប្រមាណ៧៥ភាគរយ នៅឃុំដារ ជួបប្រទះបញ្ហានេះ។
ប្រធានសហគមន៍ម្រេចរូបនេះ សម្តែងក្តីបារម្ភចំពោះបញ្ហាម្រេចងាប់ច្រើន ហើយលោកគ្រោងផ្សព្វផ្សាយដល់កសិករឱ្យបង្កើនការថែទាំម្រេចរបស់ខ្លួនបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «ផ្សាយដំណឹងដល់សមាជិកហ្នឹង កាត់បន្ថយអាជាតិគីមីហ្នឹង ហើយដល់ពេលធ្លាក់ភ្លៀងមក យើងធ្វើស្មៅឱ្យបានស្អាត។ ដល់ពេលរដូវរំហើយ អស់ទឹកភ្លៀង យើងកាត់ស្បៃអាមួយម៉ែត្រចងបន្ថែមវាទៀត ជួយទប់កម្តៅហ្នឹងណា!»
លោក ហុង សាន លើកឡើងថា ក្រៅពីបញ្ហាម្រេចងាប់ កសិករនៅស្រុកមេមត់ក៏ប្រឈមបញ្ហាធ្លាក់ចុះតម្លៃខ្លាំងនាពេលបច្ចុប្បន្ន ដោយកសិករលក់បានក្នុង១គីឡូក្រាមតម្លៃ៨០០០រៀល ខណៈកាលឆ្នាំ២០១៨ ពួកគាត់អាចលក់បានតម្លៃជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម។
តម្លៃម្រេចនៅខេត្តត្បូងឃ្មុំដែលហក់ឡើងខ្ពស់ គឺកាលពីឆ្នាំ២០១៤-២០១៥ ដោយកាលណោះពលរដ្ឋលក់បានតម្លៃប្រមាណ៤ម៉ឺនរៀល (៤០០០០) ក្នុងមួយគីឡូក្រាម ហើយក៏បន្តធ្លាក់ថ្លៃជាបន្តបន្ទាប់។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថា មន្ត្រីជំនាញកំពុងចុះស្រង់ទិន្នន័យម្រេចដែលងាប់ ដោយថា កន្លងមក ខាងមន្ត្រីកសិកម្មខេត្តក៏ធ្លាប់បានចុះណែនាំដល់កសិករអំពីបច្ចេកទេសដាំដុះ និងថែទាំ ជាដើម។
លោកបញ្ជាក់ថា បញ្ហាម្រេចងាប់ដោយសារកត្តាបម្រែបម្រួលអាកាសធាតុជារឿងម្យ៉ាង ប៉ុន្តែ លោកសង្កេតឃើញថា ក៏បណ្តាលមកពីកង្វះការថែទាំពីកសិករផងដែរ។ ដោយឡែកបញ្ហាធ្លាក់ចុះនៃតម្លៃម្រេច លោកថា ពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «ទាក់ទងហ្នឹង មិនមែនតែម្រេចទេ ដំណាំទូទៅ យើងតែចុះផ្ទាល់ជាមួយកសិករ ដើម្បីជម្រាបគាត់ពីបច្ចេកទេស និងការយកចិត្តទុកដាក់ថែទាំ ព្រោះដំណាំប្រសិនបើយើងមិនយកចិត្តទុកដាក់ទេ វានឹងខូចហើយ។»
ប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ថា ផ្ទៃដីដាំម្រេចនៅខេត្តត្បូងឃ្មុំ មានចំនួនជាង២ពាន់ហិកតា ហើយស្រុកមេមត់ជាស្រុកដាំដុះម្រេចច្រើនជាងគេ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន កត់សម្គាល់ថា កន្លងមក ប្រជាកសិករតែងប្រើចំណេះដឹង និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកកសិកម្មរបស់ខ្លួន ត្បិតការឆ្លើយតបពីរដ្ឋាភិបាលនៅមានកម្រិតនៅឡើយ។
លោកមើលឃើញថា ប្រសិនបើបញ្ហាម្រេចងាប់ និងការធ្លាក់ចុះតម្លៃនៅតែបន្តគ្មានដំណោះស្រាយទៀត កសិករដាំម្រេចនឹងអាចបោះបង់របរនេះចោល ដោយងាកទៅរកមុខរបរផ្សេង ហើយការចំណាកស្រុកនឹងកើតឡើងកាន់តែច្រើន។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវសហការជាមួយដៃគូផ្សេងៗ ឬក្រុមហ៊ុន ត្រូវចុះធ្វើការជជែក និងផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋ។ តាមរយៈបង្កើតហិរញ្ញប្បទានណាមួយ ដើម្បីធានាទៅលើការដាំផលិតផលកសិកម្ម ឬការប្រកបមុខរបរកសិកម្មរបស់ប្រជាពលរដ្ឋ មិនមែនតែម្រេច ដោយវិស័យកសិកម្មជាវិស័យដែលគួរគិតគូរហិរញ្ញប្បទានថវិកា ឬការគាំពារ ធានាររ៉ាប់រងពីសំណាក់រដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋដែរ»។
របាយការណ៍សហគមន៍ម្រេចដារ-មេមត់ឱ្យដឹងថា កាលពីឆ្នាំ២០១៨ កសិករប្រមូលផលម្រេចបានជាង១ពាន់តោន និងបានលក់ចេញទៅសហគមន៍អន្តរជាតិបានប្រហែល១រយតោន៕