សកម្មជនបរិស្ថាន ទទូចឱ្យអាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការចំពោះសកម្មភាពបង្ហូរទឹកស្អុយចូលទៅសមុទ្រ បន្ទាប់ពីពួកគេបានរកឃើញករណីបង្ហូរទឹកស្អុយចូលទៅសមុទ្រថ្មីមួយទៀតដែលចេញពីសណ្ឋាគារចិនមួយឈ្មោះ សាន់សាញ បេ នៅតំបន់ឆ្នេរឯករាជ្យ។
សកម្មជនបរិស្ថាន លោក ម៉េង ហេង បានប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ទឹកស្អុយលាយឡំនឹងលាមកផង ត្រូវបានបង្ហូរចូលសមុទ្រតាមប្រព័ន្ធលូធំមួយ ចេញពីសណ្ឋាគារ សាន់សាញ់ បេ របស់ចិន ដែលបានធ្វើឱ្យទឹកសមុទ្រចំណុចឆ្នេរឯករាជ្យស្ទើរតែពាក់កណ្តាលកខ្វក់។
សកម្មជនបរិស្ថានរូបនេះ បន្ថែមថា បញ្ហានេះធ្វើឱ្យចំនួនភ្ញៀវទេសចរមកកម្សាន្តតំបន់ឆ្នេរឯករាជ្យកាន់តែធ្លាក់ចុះ ម្យ៉ាងបង្ហាញថា សណ្ឋាគារ និងកាស៊ីណូចិនធំមួយនេះ ដើរផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា កាលពីកន្លងមក។
លោក ម៉េង ហេង មានប្រសាសន៍៖ «យើងអាចនិយាយបានថា អនាគតទៅ ឆ្នេរសមុទ្រខ្មែរហ្នឹង វាលែងស្អាត ដែលគេផ្សព្វផ្សាយប៉ុន្មានឆ្នាំមុនថា ជាឆ្នេរស្អាតនៅក្នុងពិភពលោក។ អ៊ីចឹង វាលែងស្អាត វាទៅជាកខ្វក់ទៅជាអីហ្នឹង មានទឹកលូ មានអីហូរចូល វាធ្វើឱ្យភ្ញៀវទេសចរមានការថយចុះ»។
នាយកក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ សាន់សាញ បេ លោក HUANG XIAOHUI (ហ្វ័ង សាវហ៊ុយ) បានឱ្យ វី.អូ.ឌី ដឹងតាមសារអេឡិចត្រូនិចថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនគិតគូរដល់បរិស្ថានជានិច្ច និងមិនបានបង្ហូរទឹកស្អុយចូលទៅសមុទ្រដូចការចោទប្រកាន់ឡើយ។
នាយកក្រុមហ៊ុនជនជាតិចិនរូបនេះ ក៏បានជំរុញឱ្យអ្នកពាក់ព័ន្ធចុះពិនិត្យបញ្ហានេះទៀតផង។
លោក ហ្វ័ង សាវហ៊ុយ ឆ្លើយតបថា៖ «ក្រុមហ៊ុនយើងបានជាប់ជាក្រុមហ៊ុនដែលគោរពតាមស្តង់ដាររបស់រដ្ឋាភិបាល និងជាក្រុមហ៊ុនដំបូងគេដែលមានអាងប្រព្រឹតិ្តកម្មទឹកកខ្វក់»។
ក្នុងវីដេអូ ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិ ជាង២នាទីនៅថ្ងៃនេះ បានបង្ហាញពីទិដ្ឋភាពនៃទឹកលូស្អុយហូរចេញពីសណ្ឋាគារ និងកាស៊ីណូ សាន់សាញ បេ ដោយទឹកកខ្វក់ទាំងនោះធ្វើឱ្យខូចសោភ័ណភាពឆ្នេរឯករាជ្យ និងទឹកសមុទ្រធ្ងន់ធ្ងរផងដែរ។
កាលពីចុងខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានប្រកាសប្រាប់ពលរដ្ឋនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូលទៀតហើយ។ បន្ថែមពីនេះ លោកថា ឆ្នេរសមុទ្រនៅខេត្តនេះនឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញ។
យ៉ាងនេះក្តី សកម្មជនបរិស្ថាន លោក ម៉េង ហេង ក៏បានអះអាងដែរថា នៅថ្ងៃដែលលោក ជា សុផារ៉ា ប្រកាស និងថ្ងៃបន្តបន្ទាប់ ខាងសកម្មជនបរិស្ថានពួកលោកក៏បានចុះទៅស្រាវជ្រាវស្ថានភាពឆ្នេរនៅខេត្តនេះ ហើយរកឃើញថា បញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រនៅតែកើតមានឡើង ជាក់ស្តែង ករណីសណ្ឋាគារ និងកាស៊ីណូចិននេះ ជាដើម។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា សណ្ឋាគារ និងកាស៊ីណូ សាន់សាញ បេ ពិតជាកម្មសិទ្ធិរបស់ជនជាតិចិនប្រាកដមែន ហើយបញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រនោះ លោកថា មន្ត្រីជំនាញបរិស្ថានកំពុងចាត់វិធានការ។
លោកមានប្រសាសន៍ថា៖ «យើងអ្នកបច្ចេកទេស យើងអ្នកបច្ចេកទេសបរិស្ថាន កំពុងតែធ្វើការហើយរឿងហ្នឹង។ ខ្ញុំអត់ទាន់ដឹងថាម៉េចទេ ប៉ុន្តែ កំពុងឱ្យអ្នកបច្ចេកទេសកំពុងធ្វើការរឿងហ្នឹង»។
ស្ថាបនិកអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោក អាឡិច ហ្គន់សាឡេសដេវិតសិន មើលឃើញថា បញ្ហាទឹកកខ្វក់ចូលសមុទ្រនាភាគនិរតីមួយនេះ បានក្លាយជាវិបត្តិធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់បរិស្ថាន និងមនុស្ស ពិសេសប៉ះពាល់កិត្តិយសប្រទេសកម្ពុជា វិស័យទេសចរណ៍ និងអ្នកវិនិយោគទុនផងដែរ។
លោក អាឡិច ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលថា ដើម្បីដោះស្រាយវិបត្តិនេះ អាជ្ញាធរត្រូវរឹតបន្តឹងច្បាប់ឱ្យបានម៉ឹងម៉ាត់ ឈប់បោកប្រាស់ពលរដ្ឋ ដោយហ៊ាននិយាយការពិត ជាដើម។
លោក អាឡិច ហ្គន់សាឡេសដេវិតសិន មានប្រសាសន៍ថា៖ «កុំកុហកប្រជាជន គួរនិយាយនូវអ្វីដែលជាការពិត ហើយសំណូមពរឱ្យប្រជាពលរដ្ឋចូលរួម គេនឹងចូលរួមជាមួយ។ ទីបី គួរតែលើកស្ទួយ និងផ្តល់រង្វាន់ដល់សកម្មជនណា ឬក៏អង្គការណា ដែលហ៊ានទៅស៊ើបអង្កេតខ្លួនឯងផ្ទាល់។ ហ៊ានចំណាយពេលវេលា ប្រឈមនឹងគេចាប់ផង ប្រឈមនឹងគេធ្វើបាប ដើម្បីលាតត្រដាងពីភាពចន្លោះប្រហោងបាទ។»
នៅដើមឆ្នាំ២០១៩នេះ ក្រុមសកម្មជនបរិស្ថានបានរកឃើញទីតាំងបង្ហូរទឹកស្អុយចូលសមុទ្រយ៉ាងហោចណាស់ ៥កន្លែង រួមមាន នៅឆ្នេរអូរឈើទាល នៅឆ្នេរអូរត្រេះ ទីតាំងមួយចំនួននៅកោះរ៉ុងសន្លឹម កោះរ៉ុង និងចុងក្រោយនៅឆ្នេរឯករាជ្យ។
ទីតាំងបង្ហូរទឹកស្អុយចូលសមុទ្រមួយចំនួន រដ្ឋាភិបាលក៏បានចាត់វិធានការដោះស្រាយ ដូចជាកសាងអាងប្រព្រឹតិ្តកម្មទឹកកខ្វក់មុនបង្ហូរចូលសមុទ្រ និងផ្អាកដំណើរការម្ចាស់អាជីវកម្មដែលជាប្រភពបង្ហូរទឹកស្អុយចូលសមុទ្រ ជាដើម៕