គណកម្មការ Khmer Fight រកវិធីឲ្យក្បាច់គុនខ្មែរល្បីដូច Thai Fight

គណកម្មការទូរទស្សន៍ប៉ុស្ដិ៍លេខ៥បាន​បើកព្រឹត្តិការណ៍ប្រកួត​ប្រដាល់គុនខ្មែរចម្រុះ ដែលមានឈ្មោះថា Khmer Fight ជាលើកទី២ កាលពីថ្ងៃទី១៥ ខែមេសា ដើម្បីអបអរសាទរសង្ក្រាន្តព្រៃវែងក្រោមការចូលរួមយ៉ាងច្រើនកុះករពីអ្នកទស្សនាជាតិ និងអន្តរជាតិ ហើយមាន​កីឡាករល្បីៗរបស់កម្ពុជា និងបរទេសខ្លាំងៗរហូតដល់៦គូមក​ចូលរួមប្រកួត។

នេះជាលើក២ហើយដែលកម្ពុជាក្រោមការរៀបចំរបស់គណកម្មការទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បាន​បើកព្រឹត្តិការណ៍ប្រកួត​ប្រដាល់គុនខ្មែរចម្រុះ ដែលមានឈ្មោះថា Khmer Fight ដោយ​លើកទី១បើកប្រកួត​នៅក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ និងលើកទី២​គឺទើបតែបញ្ចប់នៅក្នុងព្រឹត្តិការណ៍សង្ក្រានព្រៃវែងកាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០១៩នេះ។ ការប្រកួតនេះគឺជាផ្នែកមួយនៃការផ្សព្វផ្សាយគុនខ្មែរឲ្យអន្តរជាតិបានស្គាល់ផងដែរ។

គណកម្មការ​រៀបចំការប្រកួតបានអះអាងថា​​ប្រដាល់​ក្បាច់គុនបុរាណខ្មែរ​កម្ពុជាមានតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រទេស​ថៃបាន​​​​បើកព្រឹត្តិការណ៍​ Thai Fight ហើយល្បីសុះសាយ​លើឆាកអន្តរជាតិ​​​​ខ្លាំងជាកម្ពុជា ទើបនៅពេលកម្ពុជាជាម្ចាស់​ក្បាច់គុនដើម ដែលទើបនឹងបើកព្រឹត្តិការណ៍ Khmer Fight បែរទៅជាមានទស្សនៈថាកម្ពុជាចម្លងក្បាច់គុន និងការប្រកួតតាមលំនាំThai Fight។

លោក សេង កដិកា អ្នករៀបចំ​ការប្រកួតប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា គឺជារឿងលំបាកដែលកម្ពុជានឹង​​​​​​​​​​​ត្រូវ​​បន្តឲ្យ​​​សុះសាយ​​ក្បាច់គុនរបស់ខ្លួន​​​​​​​​ដើម្បីឲ្យអន្តរជាតិទទួលស្គាល់ភ្លាមៗនោះទេ ដោយសារតែអន្តរជាតិនាពេលបច្ចុប្បន្ន​គេស្គាល់ថា​Thai Fight របស់ថៃច្រើនជាង។ លោកថា​កម្ពុជាត្រូវការ​​ការជ្រោមជ្រែងច្រើនទៀត ដើម្បីរៀបចំព្រឹត្តិការណ៍មួយនេះឲ្យបានញឹកញាប់ ហើយក៏ត្រូវតែមានដៃគូដែលមានទុនច្រើនដើម្បីអញ្ជើញកីឡាករខ្លាំងៗរបស់បរទេសឲ្យមកប្រកួត​បានល្អជាង២លើកកន្លងមក ដើម្បី​​​ឲ្យបរទេសច្រើនឡើង​បានស្គាល់ពី​ព្រឹត្តិការណ៍ Khmer Fight ដែលជាម្ចាស់ក្បាច់គុន ដោយមិនមែនចម្លងពីថៃ។

លោក សេង កដិកា បានបន្តថាព្រឹត្តិការណ៍ Khmer Fight តម្រូវឲ្យកីឡាករបរទេស​មកប្រកួត​ត្រូវគោរពតាមលក្ខន្តិកៈរបស់ក្បាច់គុនចម្រុះខ្មែរ ដែលមិនខុសពីដើម្បី​ផ្សព្វផ្សាយអោយ​ក្បាច់គុនត្រូវបាន​​អន្តរជាតិទទួលស្គាល់​។ លោកថាព្រឹត្តិការណ៍ Thia Fight ត្រូវបានថៃ​គេបើកប្រកួតស្ទើរតែជុំវិញពិភពលោក ហើយគណកម្មការរបស់គេក៏មាន​ហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបើកប្រកួត​ដណ្ដើម​ខ្សែក្រវាត់ និងប្រាក់រង្វាន់ច្រើនៗដែលនាំឲ្យ​​កីឡាករបរទេសល្បីៗ​នៅលើពិភពលោកចង់ចូលមកប្រកួតនោះដែរ។ ដូច្នេះហើយទើបធ្វើឲ្យក្បាច់គុនថៃតាមរយៈព្រឹត្តិការណ៍មួយនេះល្បីល្បាញជាងខ្មែរ។

លោក សេង កដិកា អំពាវនាវឲ្យមានការ​សហការ និង​ចូលរួមគាំទ្រព្រឹត្តិការណ៍នេះឲ្យបាន​​​ខ្លាំង ដោយក្រៅពី Khmer Fight ត្រូវមានលទ្ធភាពប្រកួតបានញឹកក្នុងស្រុក ក៏ត្រូវតែមានលទ្ធភាពផ្ដល់តម្លៃខ្លួនឲ្យកីឡាករ​បរទេសខ្លាំងៗមកប្រកួត និងត្រូវមានលទ្ធភាពទៅប្រកួតនៅក្រៅប្រទេសដូចគ្នានឹង​ Thai Fight កន្លងមក ទើបធ្វើឲ្យក្បាច់គុនរបស់ខ្មែរ សុះសាយលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ Khmer Fight ដែលបានធ្វើឡើងជាលើកទី២នៅសង្ក្រានព្រៃវែងដ្បិតថាមានតែកីឡាករបរទេស​៦គូ មកពី៥ប្រទេសមកប្រកួតមែន ប៉ុន្តែសម្រាប់ការរៀបចំគឺទទួលបានជោគជ័យខ្លាំង ដោយគេសម្គាល់ឃើញមាន គេហទំព័របរទេស​មួយចំនួនផ្សាយបន្តពីកម្ពុជា ដែលធ្វើអោយក្បាច់គុនខ្មែរចាប់ផ្ដើមទទួលស្គាល់លើឆាកអន្តរជាតិជាបណ្ដើរៗនោះផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ