ភរិយា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​មកពី CNRP ហៅ​ការ​ចាប់​ខ្លួន​ស្វាមី​ថា ជា​រឿង​នយោបាយ​

ស៊ូ យាន ជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំរបស់គណបក្សសង្គ្រោះជាតិ។ រូបភាព៖ ហ្វេសប៊ុក Su Yean

ភរិយាលោក ស៊ូ យាន ដែលជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំគណបក្សសង្គ្រោះជាតិ ហៅការចាប់ខ្លួនស្វាមីគាត់ថា ជារឿងនយោបាយ និងជាការគុំគួនពីសំណាក់រដ្ឋអំណាច ដោយថាប្តីគាត់មិនព្រមចុះចូលបក្សកាន់អំណាច ម្យ៉ាងប្តីអ្នកស្រីធ្លាប់រិះគន់រដ្ឋាភិបាលផង។

ភរិយាលោក ស៊ូ យាន គឺអ្នកស្រី ស្រី សៀត រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា មុនការចាប់ខ្លួនស្វាមីគាត់ប៉ុន្មានថ្ងៃ គឺមានហេតុការណ៍ប្លែកៗកើតឡើងទៅគ្រួសារគាត់ ដូចជា មានជនមិនស្គាល់មុខមកគប់ផ្ទះរបស់អ្នកស្រី និងមានសមត្ថកិច្ចចុះមកឃ្លាំមើលគ្រួសារគាត់ ក្រោមហេតុផលមកសួររកអ្នកបេះម្រេច ឬសួររកផ្លូវ​ ជាដើម។

អ្នកស្រីបន្តថា៖ «ខ្ញុំថា មិនមានមូលហេតុអីទេ គឺមានតែរឿងបក្ស។ មានតែរឿងប៉ុណ្ណឹង ខ្ញុំគ្មានសត្រូវជាមួយពីណាទេ។ ចាស៎! រឿងនយោបាយ។»  ​

លោក ស៊ូ យាន គឺជាអតីតអនុប្រធានទី១ គណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបក្សប្រឆាំងមួយនេះផង។

លោកត្រូវបានសមត្ថកិច្ចខេត្តនេះ ចុះចាប់ខ្លួនកាលពី​រសៀលថ្ងៃម្សិលមិញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តត្បូងឃ្មុំ លោក ឡុង ហុកម៉េង ដើម្បីសាកសួរតាមបណ្តឹងព្រហ្មទណ្ឌ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមគណនីហ្វេសប៊ុកឈ្មោះ SU Yean កាលពីថ្ងៃទី២០ ខែមេសា។

អតីតមិត្តរួមការងាររបស់លោក ស៊ូ យាន មួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បញ្ជាក់ថា​ លោក ស៊ូ យាន ជាមនុស្សសកម្មនឹងការងារសង្គម ពិសេសកាលពីបក្សប្រឆាំងនៅមានជីវិត លោកជាមនុស្សមានប្រជាប្រិយ្យភាពក្នុងបក្ស ព្រមទាំងមានការគាំទ្រច្រើនពីពលរដ្ឋក្នុងមូលដ្ឋាន។

លើសពីនេះ លោក ស៊ូ យាន ក៏ជាមនុស្សហ៊ានរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលឥតសំចៃ​មាត់ផងដែ។ អតីតមិត្តរួមការងារបក្សរូបនេះ យល់ឃើញថា ការចាប់ខ្លួនលោក ស៊ូ យាន ក៏ជារឿងនយោបាយដែរ។ 

នៅលើគណនីហ្វេសប៊ុក របស់លោក ស៊ូ យាន កាលពីថ្ងៃទី២០ ខែមេសា មិនឃើញមានការបង្ហោះសារអ្វីដែលជាការប្រមាថនោះទេ ប៉ុន្តែ ឃើញតែការចែករំលែកព្រឹត្តិការណ៍ព័ត៌មាន និងបទអត្ថាធិប្បាយមួយចំនួន ដូចជា ព្រឹត្តិការណ៍បាតុកម្មភ្លើងទៀនរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅប្រទេសកូរ៉េខាងត្បូង។

ការចែករំលែកព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA វិទ្យុអាស៊ីសេរី និងមតិលើកឡើងរបស់សកម្មជនគណបក្សសង្រ្គោះជាតិ ជាដើម។

ប្រធានយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ខែម ប៊ុនថន ដែលជាដើមបណ្តឹងម្នាក់ក្នុងសំណុំរឿងនេះ អះអាងថា លោកប្តឹងលោក ស៊ូ យាន ​ក្នុងនាមតំណាងពលរដ្ឋដែលស្រលាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកថា ភស្តុតាងដែលប្តឹងអតីតសមាជិកក្រុមប្រឹក្សាខេត្តបក្សប្រឆាំងរូបនេះ គឺលោកទទួលបានតាមរយៈប្រអប់សារ ឬ Messenger ដែលបញ្ជូនបន្តគ្នា ដោយមានសារប្រមាថលោក ហ៊ុន សែន និងអ្នកគាំទ្រ​លោកនាយករដ្ឋមន្ត្រីផង ប៉ុន្តែ លោកក៏មិនដឹងអំពីប្រភពសារជេរប្រមាថនោះដែរ។

លោក បន្តថា៖ «អាហ្នឹង ខ្ញុំឃើញបញ្ជូនបន្តៗ មកគ្នាមកទាំងអស់ ហើយមកដល់ដៃខ្ញុំៗ ប្រតិកម្មភ្លាមហ្មង។ បាទ! បញ្ជូនបន្តគ្នាទាំអស់ អត់មានមកពីណាទេ សំខាន់ខ្ញុំទទួលឃើញប៉ុណ្ណា ខ្ញុំយកប៉ុណ្ណឹងបង។»

លោក ប៉ាន់ខែម ប៊ុនថន ថាសារបែបនេះ​មានលក្ខណៈប្រមាថជ្រុលហួសហេតុពេក និងជាការញុះញង់ថែមទៀតផង ព្រមទាំងជាសារមួយដែលលោកមិនអាចទទួលយកបាន។

ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ចក់ សុខកៅ មានប្រសាសន៍ថា នគរបាលបានបញ្ចប់នីតិវិធីលើសំណុំរឿងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងបានបញ្ជូលលោក ស៊ូ យាន ទៅស្ថាប័នតុលាការរួចហើយដែរកាលពីព្រឹកមិញនេះ។

លោកថា ការចាប់ខ្លួននេះធ្វើឡើងតាមដីការបស់តុលាការ បន្ទាប់ពីមានពលរដ្ឋអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២៥នាក់ មកពីខេត្តចំនួន៤ បានដាក់ពាក្យប្តឹងលោក ស៊ូ យាន ជុំវិញករណីនេះ។ ​ ​   ​

លោក មានប្រសាសន៍ថា៖ «បាទ! គេកំពុងដំណើរការនីតិវិធី នៅអយ្យការ បង។ បាទ! អត់ទាន់ដឹងទេបង។»

កាលពីថ្ងៃម្សិលមិញ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានណែនាំមន្ត្រីរបស់ខ្លួនមិនឱ្យឆ្លើយឆ្លងជាមួយមេបក្ស ឬក្រុមបក្សប្រឆាំងឡើយ។

ក្រៅពីមិនឱ្យឆ្លើយឆ្លង លោកក៏បានណែនាំឱ្យមន្ត្រីទាំងឡាយរបស់ខ្លួនចាត់វិធានការកម្ចេចក្រុមប្រឆាំងមិនឱ្យងើបរួច​ទៀតផង។

លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនចាំបាច់និយាយអ្វីវែងឆ្ងាយដែរ ព្រោះបានណែនាំហើយ ងើបមួយវ៉ៃមួយ ងើបពីរវ៉ៃពីរ ចប់។ វាគ្មានរឿងអីកើតឡើងទេ តែក្រៅច្បាប់ហើយ ខុសច្បាប់ហើយ គឺដាក់ហើយ។ អាហ្នឹង គឺរឿងតែប៉ុណ្ណឹងទេ។» 

អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា ការចាប់ខ្លួនអតីតមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់នេះ ជាលទ្ធផលនៃយុទ្ធសាស្ត្រតាមដានយ៉ាងដិតដល់ដែលរៀបចំឡើងជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីកម្ទេចបក្សប្រឆាំង ឬអ្នកប្រឆាំងណាដែលហ៊ានងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ 

លោកបន្ថែមថា៖ «ព្រោះចំណុចជាអាទិភាពនៃអំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃ គឺការចេះប្រើល្បិចគ្រប់កល ក្នុងការសង្កត់អ្នកប្រឆាំង កុំឱ្យងើបឡើងបាន»។

ប្រធានការិយាល័យអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅលើបណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធអ៊ិនធឺណិតបច្ចុប្បន្ន គឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ហើយអ្នករងគ្រោះច្រើនជាងគេក្នុងការបញ្ចេញមតិនោះគឺ ក្រុមអ្នកគាំទ្របក្សប្រឆាំងតែម្តង។

លោកបន្ថែមថា៖ «ដូចជាករណីការចាប់ខ្លួនម្សិលមិញអ៊ីចឹង! ឃើញថា ទាំងអស់ហ្នឹងមិនមែនជាសាធារណៈទេ ប៉ុន្តែ គ្រាន់តែជាការផ្ញើសារមួយ ហើយប្រភពសារហ្នឹងអត់ដឹងចេញពីណាទេ ហើយទៅដល់ដៃមនុស្សម្នាក់ ហើយចាប់ផ្តើមធ្វើការប្តឹង។ អ៊ីចឹង យើងត្រូវគិតថា អ្វីជាការផ្សព្វផ្សាយសាធារណៈ? អ្វីជាការទំនាក់ទំនងបុគ្គល? អាហ្នឹងវាមានភាពខុសគ្នាអ៊ីចឹង។ អាហ្នឹង សេរីភាពនៃការបញ្ចេញមតិ គឺយើងមិនបានគិតគូរឱ្យបានត្រឹមត្រូវទេ។»

របាយការណ៍អង្គការ​លីកាដូ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក យ៉ាងហោចណាស់មានអ្នកប្រើប្រាស់បណ្តាញសង្គមជិត ២០នាក់ (១៧)​ ដែលត្រូវបាន​តុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួនជុំវិញបទជេរប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស បន្ទាប់ពីពួកគេបានបង្ហោះសាររិះគន់​ថ្នាក់ដឹកនាំរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ