ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកនៅក្រៅប្រទេសខ្លះ ដែលទំនងសំដៅទៅក្រុមបក្សប្រឆាំង ថាបានតែស្រែករិះគន់ ដោយមិនព្រមធ្វើអ្វីជួយដល់ពលរដ្ឋនៅពេលពួកគេមានទុក្ខឡើយ ហើយតែងអួតថា ខ្លួនឯងជាអ្នកស្នេហាជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តបាត់ដំបង នាព្រឹកនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា អ្នកស្នេហាជាតិពិតប្រាកដ គឺជាអ្នកព្រមនៅស្លាប់រស់ជាមួយពលរដ្ឋ ដោយមិនព្រមរត់ចោលពលរដ្ឋពេលមានទុក្ខឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បន្តថា ក្រុមលោកនៅក្នុងប្រទេសធ្វើការងារជូនពលរដ្ឋរាល់ថ្ងៃ ប៉ុន្តែ ត្រូវបានអ្នករិះគន់នៅក្រៅប្រទេសចោទថា ជាមនុស្សមិនស្រលាញ់ជាតិ ខណៈពួកគេមិនបានធ្វើអ្វីសោះសម្រាប់ពលរដ្ឋ តែលើកខ្លួនឯងថា ជាមនុស្សស្នេហាជាតិ។
លោកថា៖ «អ្នកស្នេហាជាតិ គឺចង់និយាយថា ពេលជាតិមានទុក្ខ ប្រជាជនមានទុក្ខ យើងត្រូវនៅជាមួយប្រជាជន ហើយត្រូវការពារប្រជាជន ការពារទឹកដីរបស់ខ្លួនឱ្យបាន ការពារឯករាជ្យភាពរបស់ខ្លួនឱ្យបាន។ ធ្វើម៉េចឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព មានការអភិវឌ្ឍ។ អាហ្នុងហើយដែលហៅថា ស្នេហាជាតិ។ មិនមែនស្នេហាជាតិ គ្រាន់តែស្រែកតែមាត់ ឬសរសេរនៅលើក្រដាសទេ គឺការក្រាញននៀល សុខចិត្តស្លាប់រស់ជាមួយប្រជាពលរដ្ឋឯណេះទេ។ អ្នកនោះឯង ទើបហៅថា អ្នកស្នេហាជាតិពិតប្រាកដ»។
អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា លើកឡើងថា នរណាក៏ចង់រស់នៅស្រុកកំណើតដែរ ប៉ុន្តែ ដោយសារនៅកម្ពុជា បច្ចុប្បន្ន ស្ថានភាពនយោបាយអាក្រក់ ការចាប់ចង ការគំរាមកំហែង ភាពអយុត្តិធម៌ ជាដើម ទើបបង្ខំឱ្យពួកគាត់ត្រូវរស់នៅក្រៅប្រទេស។
លោក មានប្រសាសន៍ថា ជំនួយជាច្រើនដែលពលរដ្ឋខ្មែរនៅក្រៅប្រទេស អង្គការជាតិ អន្តរជាតិបានផ្តល់ឱ្យរដ្ឋាភិបាល និងពលរដ្ឋក្នុងស្រុកផងដែរ។ លោកបន្តថា អ្នកនៅក្នុងប្រទេសខ្លះក៏ជាអ្នកធ្វើឱ្យពលរដ្ឋឈឺចាប់ ធ្វើឱ្យជាតិមានវិបត្តិ តាមរយៈការបំផ្លិចបំផ្លាញធនធានធម្មជាតិ ភាពអយុតិ្តធម៌ និងអំពើពុករលួយ ជាដើម។
លោកបន្តថា៖ «មិនអាចចោទពួកគាត់ថា អ្នកស្នេហាជាតិទាល់តែនៅក្នុងប្រទេស អ្នកនៅក្រៅប្រទេសសុទ្ធតែជាអ្នកក្បត់ជាតិ ហើយមិនបានជួយជាតិ និងស្នេហាជាតិ អាហ្នឹងវាមិនមែនទេ សំខាន់លើរដ្ឋាភិបាលធានា ការពារយុត្តិធម៌ និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ ទៅ អាហ្នឹងគេទៅ (នៅ) ហើយ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការជួយពលរដ្ឋ ឬជួយប្រទេសជាតិមួយ ពេលខ្លះគឺ គេប្រើសកម្មភាពផ្សេងៗពីក្រៅប្រទេស ហើយវាក៏មានលទ្ធផលអាចដោះស្រាយវិបត្តិទាំងនោះផងដែរ។
សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ ឱ្យនិយមន័យពាក្យស្នេហាជាតិពិតប្រាកដថា ជាការជាប់ជំពាក់នឹងទឹកដី ព្រមទាំងប្រជាជនរបស់ខ្លួន ដោយរិះរកវិធីជួយប្រជាជាតិខ្លួនឱ្យខ្លាំក្លា ជាដើម។
លោក មានប្រសាសន៍ថា៖ «ហើយមានគំនិតចង់ជួយទឹកដីហ្នឹង ហើយប្រជាពលរដ្ឋហ្នឹង ឱ្យមានជីវភាពរស់នៅល្អប្រសើរ សុខភាពល្អ និងសុខដុមរមនាជាមួយគ្នា។ ហើយធ្វើឱ្យប្រទេសហ្នឹងទៅជាចម្រើនលូតលាស់ និងខ្លាំងពូកែ នៅក្នុងតំបន់ ឬក្នុងពិភពលោក»។
ក្រោយការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងរំលាយគណបក្សប្រឆាំងនេះ កាលពីចុងឆ្នាំ២០១៧ វិបត្តិនយោបាយនៅកម្ពុជានៅមិនទាន់វិលទៅរកភាពប្រសើរនៅឡើយទេ។ ទាំងមន្ត្រីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច នៅតែបន្តចោទប្រកាន់គ្នាជុំវិញរឿងស្នេហាជាតិ និងបំផ្លាញជាតិឥតឈប់ឈរ។
ចំណែកសហគមន៍អន្តរជាតិ ដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានជំរុញឱ្យអ្នកដឹកនាំខ្មែរវិលទៅរកដំណោះស្រាយជាតិរួមមួយ ដោយឈរនៅលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងតម្កល់ផលប្រយោជន៍ជាតិជាធំ។
សហគមន៍អន្តរជាតិខាងលោកសេរី បានព្រមានថា ប្រសិនបើកម្ពុជាមិនព្រមវិលទៅរកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ រដ្ឋាភិបាលនឹងរងទណ្ឌកម្មសេដ្ឋកិច្ចពីពួកគេ តាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាជំហានដំបូង៕