គ្រួសារ​លោក ឈុត វុទ្ធី អស់​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​

កូនស្រីរបស់លោក ឈុត វុទ្ធី អុជធូបឧទ្ទិសដល់ឪពុកខ្លួន ក្នុងថ្ងៃខួប៧ឆ្នាំនៃការសម្លាប់លោក ឈុត វុទ្ធី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

ក្រុមគ្រួសារសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី លើកឡើងថា ៧ឆ្នាំកន្លងផុតទៅ ប៉ុន្តែ យុត្តិធម៌សម្រាប់គ្រួសារពួកគេនៅឆ្ងាយដូចជើងមេឃ ដោយគ្មានសង្ឃឹមឡើយថា នឹងទទួលយុត្តិធម៌ពិតប្រាកដ។

កូនប្រុសបង្កើតលោក ឈុត វុទ្ធី និងជាប្រធានអង្គការការពារធនធានធម្មជាតិ លោក  ឆឺយ ឧត្តមរស្មី បង្ហាញការឈឺចាប់ ត្បិតឪពុករបស់ខ្លួនត្រូវបានឃាតករបាញ់សម្លាប់រយៈពេល៧ ឆ្នាំមកហើយ ប៉ុន្តែ រដ្ឋាភិបាល​នៅតែមិនអាចរកយុត្តិធម៌ពិតជូនគ្រួសារលោកបាន។

សកម្មជនការពារធនធានធម្មជាតិរូបនេះ ទាត់ចោលរបាយការណ៍ស៊ើបអង្កេតរបស់រដ្ឋាភិបាលកន្លងមក ដោយថា សំណុំរឿងនេះអាចមានអ្នកមានអំណាចនៅពីក្រោយខ្នងនៃការសម្លាប់ឪពុកខ្លួន។ លោកសង្ឃឹមថា យុត្តិធម៌សម្រាប់ឪពុកលោកនឹងអាចទទួលបាន ប្រសិនបើមានរដ្ឋាភិបាល​ថ្មីកើតឡើង។  ​

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា អនាគតនឹងមានការផ្លាស់ប្តូររាជរដ្ឋាភិបាល និងការរកយុត្តិធម៌ជូនឪពុកខ្ញុំ។ អ៊ីចឹងហើយ ខ្ញុំមិនមានភាពសង្ឃឹមទៅលើរដ្ឋាភិបាលបច្ចុប្បន្នទេ។ អ៊ីចឹងហើយ ខ្ញុំមិនចង់អំពាវនាវអ្វីច្រើនទេ ប៉ុន្តែ សារជាសំខាន់ក្នុងថ្ងៃខួបលោក ពុក ឈុត វុទ្ធី គឺសុំឱ្យសកម្មជនការពារព្រៃឈើទាំងអស់ហ្នឹង ងើបការពារសកម្មភាព ការពារធនធានធម្មជាតិរបស់ខ្លួនឯងដែលមាន ហើយកុំបាក់ទឹកចិត្តឱ្យសោះ ប្រឹងតស៊ូតទៅទៀត»។

​ពិធីសូត្រមន្តរំឭកខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលរៀបចំឡើងនៅស្រុកកំណើតរបស់លោក ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកនេះ គឺមានអ្នកចូលរួមជិត៥០អង្គនិងនាក់។ ​ក្នុងពិធីនោះ បានរំឭកអំពីវីរភាពរបស់វីរជនល្បីៗមួយចំនួន ដែលស្លាប់ដោយអំពើឃាតកម្មក្នុងបុព្វហេតុសិទ្ធិសេរីភាព ការការពារសិទ្ធិកម្មករ និងការពារធនធានធម្មជាតិ រួមមាន លោក ឈុត វុទ្ធី លោក ជា វិជ្ជា និងលោកបណ្ឌិត កែម ឡី ជាដើម។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ម៉ែន ប៊ុនរិទ្ធិ បានរុញការឆ្លើយតបករណីនេះទៅកាន់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។

ដោយឡែក អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍​ថា រឿងក្រុមគ្រួសារលោក ឈុត វុទ្ធី អស់ជំនឿលើរដ្ឋាភិបាល ឬតុលាការជារឿងឯកជនរបស់ពួកគេ ដោយមិនពាក់ព័ន្ធផ្លូវច្បាប់នោះឡើយ។ ​

លោកបន្តថា៖ «អារឿងគាត់ជឿទុកចិត្ត ឬមិនជឿទុកចិត្ត រឿងរបស់គាត់តើ! រឿងឯកជនរបស់គាត់តើ! វាមិនពាក់ព័ន្ធរឿងផ្លូវច្បាប់ណា៎»។

ព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ ព្រះតេជគុណ លួន សាវ៉ាត មានថេរដីកាថា ព្រះអង្គនៅតែមិនអាចទទួលយកបានចំពោះលទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើសំណុំរឿងនេះ។

ព្រះអង្គបន្តថា ​រដ្ឋាភិបាលនៅតែបរាជ័យក្នុងការផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដោយសារអំពើឃាតកម្មធំៗ ដែលធ្វើឱ្យពលរដ្ឋកាន់តែបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ព្រះអង្គមានថេរដីកាបន្តថា៖ «ប៉ុន្តែ បើឃាតកម្មណាពាក់ព័ន្ធរឿងនយោបាយ រឿងបញ្ហាសង្គម។ កុំថាឡើយតែលោក ឈុត វុទ្ធី  លោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី ក៏យើងឃើញថា ការបកស្រាយ និងភស្តុតាង គឺមិនទាន់បានទទួលការពិតនៅឡើយ។ វាហាក់បីដូចជា ​បកស្រាយយកហេតុផលមួយដែលមិនអាចទទួលយកបាន។ ដូច្នេះ វាប៉ះពាល់ហើយ វាប៉ះពាល់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ប៉ះពាល់លើពន្លឺយុត្តិធម៌សម្រាប់ទាំងអស់គ្នា។»

អតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅជិតតំបន់ព្រៃការពារមួយកន្លែង​ ត្រង់ចំណុចវាលបី ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីឆ្នាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោកបាននាំអ្នកកាសែត ឌឹខេមបូឌា ដេលី ពីររូបចុះទៅយកព័ត៌មានអំពីបទល្មើសព្រៃឈើនៅតំបន់នោះ។

​សំណុំ​រឿងឃាតកម្មមួយនេះ​ ត្រូវ​បានតុលាការបិទបញ្ចប់ ​ដោយ​អះអាង​ថា ​អ្នក​ដែល​បាញ់​សម្លាប់លោក ឈុត វុទ្ធី ពេលនោះ​ជាមន្ត្រីកងរាជ​អាវុធហត្ថខេត្តកោះកុងម្នាក់ឈ្មោះ​ អ៊ិន រតនា បន្ទាប់ពី​គណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាល​ចុះ​ស៊ើប​​អង្កេត​ករណីនេះ អះអាងថា លោក អ៊ិន រតនា បានបាញ់សម្លាប់ខ្លួនឯង ក្រោយ​ពីបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី រួច។

ក្រោយការស្លាប់លោក ឈុត វុទ្ធី​ មន្ត្រីរដ្ឋាភិបាលពេលនោះអះអាងថា រដ្ឋាភិបាលប្តេជ្ញាការពារធនធានធម្មជាតិ ពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឱ្យបាន។

ព្រះអង្គ លួន សាវ៉ាត កត់សម្គាល់ថា ក្រោយបាត់បង់លោក ឈុត វុទ្ធី រដ្ឋាភិបាលនៅតែបរាជ័យក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដដែល។

យ៉ាងនេះក្តី ព្រះអង្គបានឧទ្ទិសកុសលផលបុណ្យក្នុងពិធីរំលឹកខួប៧ឆ្នាំលោក ឈុត វុទ្ធី​ ដោយសុំឱ្យលោកបានទៅកាន់សុគតិភព និងសុំឱ្យពន្លឺយុតិ្តធម៌ពិតប្រាកដនឹងកើតមានដល់វីរជនការពារព្រៃឈើ និងគ្រួសាររបស់លោកក្នុងពេលឆាប់ៗផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ