សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ជំរុញទៅរដ្ឋាភិបាលឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីបង្ហាញការពិតជុំវិញសំណុំរឿងកូនរបស់អតីតមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានម្នាក់ស្លាប់ក្នុងពន្ធនាគារ ដោយគ្រួសារសង្ស័យថា ការស្លាប់នោះអាចបណ្តាលមកពីការធ្វើទារុណកម្ម។
ប្រធានការិយាល័យផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើទោះបីជាមន្ត្រីតុលាការ ព្រមទាំងមន្ត្រីនគរបាលខេត្តកំពង់ចាម អះអាងថា ករណីលោក ទិត រ៉ន ស្លាប់ក្នុងពន្ធនាគារពុំមែនជាករណីធ្វើទារុណកម្មក៏ដោយ ប៉ុន្តែស្លាកស្នាមលើសាកសព គឺមានចំណុចគួរឱ្យសង្ស័យច្រើនពាក់ព័ន្ធការវាយដំ ឬធ្វើទារុណកម្ម។
លោក សំអាត បន្ថែមថា ដើម្បីឱ្យមានតម្លាភាព និងយុត្តិធម៌សម្រាប់គ្រួសារសព និងអ្នកស្លាប់ផងនោះ រដ្ឋាភិបាលគប្បីបង្កើតគណៈកម្មការឯករាជ្យថ្នាក់ជាតិមួយចុះស្រាវជ្រាវករណីនេះ។
លោមានប្រសាសន៍ថា៖ «ជាធម្មតា ឧទាហរណ៍ថា កើតហេតុនៅផ្ទះមួយ ហើយម្ចាស់ផ្ទះ ជាអ្នកអះអាង។ អាហ្នឹង បើយើងនិយាយអំពីការជឿ ឬជំនឿទុកចិត្ត គឺវាមិនមានជំនឿទុកចិត្តទេ។ អីចឹង វាត្រូវតែមានគណៈកម្មការមួយថ្នាក់ជាតិ ដែលជាគណៈកម្មការឯករាជ្យ ចុះស្រាវជ្រាវធ្វើការស៊ើបអង្កេត»។
ដោយឡែក មន្ត្រីអង្កេតសមាគមអាដហុកខេត្តកំពង់ចាម លោក ឡេង សេងហាន បានលើកឡើងថា ប្រសិនបើករណីនេះ អាជ្ញាធរនៅតែមិនអាចផ្តល់យុត្តិធម៌ជូនគ្រួសារសពបាន នឹងធ្វើឱ្យសាច់ញាតិ ព្រមទាំងសាធារណៈជនមិនស្ងប់ចិត្តឡើយ។
លោក សេងហាន ប្រាប់ថា៖«ខាងអាជ្ញាធរមានសមត្ថកិច្ច គួរតែមានក្រុមការងារជំនាញឯករាជ្យមួយចុះទៅធ្វើកោសល្យវិច័យម្តងទៀត ដើម្បីឱ្យអស់មន្ទិលសង្ស័យ ហើយអាចធ្វើឱ្យក្រុមគ្រួសារសាច់ញាតិសពជនរងគ្រោះអាចទទួលយកបាន »។
វីអូឌីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ជាច្រើនសារនៅថ្ងៃនេះ ប៉ុន្តែ គ្មានអ្នកទទួលទូរស័ព្ទឡើយ។
កាលពីថ្ងៃទី៣០ ខែមេសាកន្លងមកថ្មីៗនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បានចេញរបាយការណ៍បំភ្លឺមួយដោយថា ករណី លោកទិត រ៉ន ដែលស្លាប់នៅក្នុងពន្ធនាគារនោះ គឺបណ្តាលមកពីរអិលដួលបោកក្បាលទៅនឹងជ្រុងអាងទឹកក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តនេះកាលពីថ្ងៃទី១៧ ខែមេសា។
របាយការណ៍ដដែលអះអាងថា ក្នុងពេលឃុំខ្លួននៅបន្ទប់ស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចមិនបានប្រើអំពើហិង្សា ឬធ្វើទារុណកម្មលើជនសង្ស័យឈ្មោះ ទិត រ៉ន នោះឡើយ។
ចំណែកប្រធានពន្ធនាគារខេត្តកំពង់ចាម លោក ហ៊ុន ខី បានបំភ្លឺក្នុងរបាយការណ៍ដដែលនេះថា លោក ទិត រ៉ន បានស្លាប់នៅប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារខេត្តនេះកាលពីថ្ងៃទី១៨ ខែមេសា បណ្តាលមកពីការដួលប៉ះទង្គិចក្បាល។
យ៉ាងនេះក្តី ឪពុកលោក ទិត រ៉ន គឺលោក អៀម ទិត ដែលជាអតីតសមាជិកគណៈកម្មការប្រតិបត្តិរបស់គណបក្សសង្រ្គោះជាតិនៅឃុំទួលព្រះឃ្លាំង អះអាងក្នុងវីដេអូឃ្លីបកាលពីចុងខែមេសាថា កូនរបស់លោកជាសកម្មជន និងធ្លាប់សង្កេតការណ៍ការបោះឆ្នោតឱ្យគណបក្សប្រឆាំងទៀតផង។
លោក អៀម ទិត បញ្ជាក់ថា កូនរបស់លោកមិនធ្លាប់មានជំងឺឡើយ និងមានសុខភាពល្អជាធម្មតា ប៉ុន្តែ លោកថា ករណីកូនរបស់ខ្លួនស្លាប់នៅពន្ធនាគារនោះ អាចជាការវាយដំ ត្បិតស្នាកស្នាមសពមានជាំជាច្រើនកន្លែង បែកចិញ្ចើមខាងស្តាំ និងបាក់កទៀតផង។
លោក អៀម ទិត អះអាងថា៖ «បាទ! បាក់ក ហើយជ្រាយល្អូកហើយលោកគ្រូ ជាំឡើងខ្មៅជ្រាយល្អូកហើយ។ ជាំក បត់បានហ្នុង រួចស្មាក្រោមក្លៀកអីទាំងអស់ ខ្នងអីជាំទាំងអស់។ រួចកូនខ្ញុំ ទៅពីផ្ទះទៅអត់មានកើតអីផង។ បាទ! អត់មានអីទេ អត់មានឈឺអីទេ អត់មានឈឺអីទេ នៅរាល់ថ្ងៃ វានៅផឹកស៊ីជាមួយបងប្អូនរាល់ថ្ងៃ។ បង់ត្រីរាល់ថ្ងៃ»។
លោក ទិត រ៉ន ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាមចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ក្នុងសំណុំរឿងបង្ករបួសស្នាមកាលពីជាង ១០ឆ្នាំមុន ហើយបីថ្ងៃក្រោយមក សមត្ថកិច្ចបានប្រាប់សាច់ញាតិឱ្យមកយកសពលោក រិត រ៉ន តែម្តង។
លោក អៀម ទិត ក៏បានអំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ ពិសេសស្នើឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ដែលកំពុងធ្វើទស្សនៈកិច្ចនៅកម្ពុជា ជួយអន្តរាគមន៍រកយុត្តិធម៌ជូនកូន និងគ្រួសាររបស់លោកផងដែរ៕