សម្ព័ន្ធ​អ្នក​កាសែត​អាស៊ីអាគ្នេយ៍​៖ សេរីភាព​សារព័ត៌មាន​កម្ពុជា​ស្ថិត​ក្រោម​ការ​បង្ក្រាប​ពី​ច្បាប់

ក្រុមអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយនៅទីក្រុងភ្នំពេញកាលពីពេលកន្លងទៅ។ (រូបថត៖ ជន ចាន់រ៉ែន)

សម្ព័ន្ធ​អ្នក​កាសែត​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា SEAPA លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ក្នុង​ការ​បង្ក្រាប​អ្នក​កាសែត​ ខណៈ​រដ្ឋាភិបាល​ច្រាន​ចោល​ និង​​ថា​ច្បាប់​មាន​សម្រាប់​អនុវត្ត​លើ​អ្នក​ខុស​ប៉ុណ្ណោះ។

ក្នុង​អត្ថបទ​របស់​ SEAPA ចេញ​ផ្សាយ​ថ្ងៃ​ទី​៣ ខែឧសភា ​បាន​លើក​ឡើង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​ថ្មី​ៗ​ជា​ច្រើន​ និង​កំពុង​តែ​ធ្វើ​ច្បាប់​ថ្មី​មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

SEAPA បាន​បន្ថែម​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ​មាន​អ្នក​កាសែត​៧​នាក់​ហើយ ​​ក្នុង​នោះ​មាន​អតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​នាក់ អតីត​អ្នក​កាសែត​ Cambodia Daily ម្នាក់ អ្នក​កាសែត​អនឡាញ​៣​នាក់ និង​អ្នក​កាសែត​អូស្ត្រាលី​ម្នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ទាំង​នោះ​​ប្រឆាំង​ពួកគេ​។

SEAPA លើក​ឡើង​ថា៖ « ជា​អកុសល​ ករណី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ ជារឿយៗ​មិន​ត្រូវ​បាន​ស៊ើបអង្កេត ឬ​ស៊ើបអង្កេត​ដោយ​គ្មាន​តម្លាភាព​ ឯករាជ្យ​ភាព និង​លំអៀង។ ហើយ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ ពួកគេ​តែងតែ​ទទួល​បាន​ការ​កាត់ទោស​យ៉ាង​អយុត្តិធម៌ ​ឬ​ត្រូវ​បាន​ដោះ​លែង​មុន​» ។

ច្បាប់​ដែល ​SEAPA លើក​ឡើង​នោះ ​រួម​មាន ​ច្បាប់​វិសោធនកម្ម​ថ្មី​រដ្ឋធម្មនុញ្ញ ក្រម​ព្រហ្មទណ្ឌ សេចក្ដី​ប្រកាស​រួម​របស់​ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសនីយ៍ និង​ក្រសួងព័ត៌មាន ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ថា ​គ្មាន​អ្នក​កាសែត​អាជីព​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ណា​ម្នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើ​ច្បាប់​ជា​ការ​គំរាមកំហែង​នោះ​ទេ មាន​តែ​អ្នក​កាសែត​ដែល​ធ្វើ​ខុស​ច្បាប់​ប៉ុណ្ណោះ​ ដែល​ត្រូវ​ប្រឈម​នឹង​សកម្មភាព​របស់​ខ្លួន។

លោក​ថា៖ « គាត់​គិត​តែ​មួយ​ចំហៀង​ តែ​គាត់​អត់​គិត​មួយ​ចំហៀង​ទៀត! ហើយ​សួរ​ទៀត​ តើ​អ្នក​កាសែត​ដែល​មាន​រឿង​ប៉ុន្មាន​ក៏​ដោយ​ដែល​ឮ​ឈ្មោះ​ឬ​អត់​? ​មន្ត្រី​របស់​ខ្ញុំ​ក៏​មាន​មួយ​ដែរ​នៅ​AKP ក៏​ជាប់​គុក​ដែរ ​ព្រោះ​ខុស​ច្បាប់​ដូច​គ្នា » ។

​នាយិកា​ប្រតិបត្តិ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ​លោកស្រី ស្រី សុធារី មាន​ប្រសាសន៍​ថា ​ចាប់​ពី​ឆ្នាំ​២០១៨​មក​ សេរីភាព​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​រឹតត្បិត​ប្រាកដ​មែន ដែល​បាន​ធ្វើ​ឲ្យ​​ធ្លាក់​ចុះដល់​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន ហើយ​វា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។

លោកស្រី ស្រី សុធារី៖ « ជាពិសេស​មុន​ពេល​បោះឆ្នោត កំឡុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត​ហ្នឹង។ យើង​ឃើញ​ថា ​មាន​ការ​រឹត​ត្បិត​សិទ្ធ​សេរីភាព​ មាន​ការ​ប្រើប្រាស់​ច្បាប់​មួយ​ចំនួន​! ជា​យន្តការ​ដើម្បី​បិទ​សិទ្ធិ​សេរីភាព​ ​មិន​មែន​ជា​ការ​ផ្ដល់​នូវ​សិទ្ធិ​សេរីភាព​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ចុះ​ផ្សាយ​នូវ​សារព័ត៌មាន​ពិត​ទេ » ។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​​លេខ​១៤៣ លើ​១៨០ ដែល​បង្ហាញ​ថា ​សេរី​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ​ស្ទើរ​តែ​គ្មាន​សេរីភាព​ទាល់​តែ​សោះ នឹង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ពី​១៤២​ នៅ​ឆ្នាំ​២០១៨ និង​១៣៧ ​ក្នុង​ឆ្នាំ​២០១៧៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ