កាលពីថ្ងៃទី៤ ឧសភា ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការប្រកួតនៅក្នុងថ្ងៃនោះ គឹជាការបើកឆាកប្រកួតជម្រុះរវាងអ្នកឈ្នះ១៦នាក់ដែលជ្រើសរើសបានក្នុងជុំទី១ ដើម្បីអោយពួកគេចាប់គូគ្នាប្រកួតជម្រុះយកតែ៨នាក់អោយឡើងទៅវគ្គបន្ត។

កីឡាករ បង្គោលខៀវ ចាន់ សាន់ មកពីក្លិបនិតោធមានជ័យ បានក្លាយជាអ្នកដណ្ដើមបានកៅអី៨នាក់នោះមុនគេ ខណៈដែលជ័យជម្នះរបស់គេ សូម្បីតែគេខ្លួនឯងក៍មិនចង់ជឿនោះដែរ ព្រោះតែបង្គោលក្រហម ម៉ន ភារម្យ មកពីក្លិបការិយាល័ហទី៥ កងទ័ពជើងគោក ដែលជាគូប្រកួត គឺជាកីឡាករជើងខ្លាំង ធ្លាប់ល្បីយូរមកហើយ ហើយបើនិយាយពីប្រវត្តិឡើងរេញក៏ច្រើនជាងដាច់ឆ្ងាយ។
ការប្រកួតរបស់កីឡាករទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងសង្វៀនប៉ុស្តិ៍លេខ៥ ស្ថិតនៅព្រែកកំពិស ដោយក្នុងថ្ងៃនោះ គេកត់សម្គាល់ថា មានអ្នកទស្សនាយ៉ាងកកកុញតែម្ដង ព្រោះតែអ្នកទាំងពីរគឺជាគូប្រកួតបើកឆាកសម្រាប់ការដណ្ដើមកៅអី៨នាក់ ហើយកីឡាករទាំងពីរក៏បញ្ចេញថ្វីដៃមិនខុសពីចង់សុីសាច់ហុតឈាមគ្នានៅលើសង្វៀន។
ពេញរយៈពេល៣ទឹក គេមិនឃើញកីឡាករណាម្នាក់សំចៃដៃទុកមុខអោយគ្នានោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅវគ្គបន្ត ហើយមិនចង់ជ្រុះចេញពីកម្មវិធី។ រវាងកីឡាករទាំងពីររូប បង្គោលក្រហម ម៉ន ភារម្យ គឺជាកីឡាករជើងចាស់ និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយ ទើបក្រោយបញ្ចប់ការប្រកួត ហើយពិធីករប្រកាសថា បង្គោលខៀវដែលជាកីឡាករវ័យក្មេង និងមិនសូវមានឈ្មោះបោះសំលេងនៅឡើយបានឈ្នះ ហាក់ធ្វើអោយអ្នកណាៗក៏ជួយអបអរសាទរ។
បង្គោលខៀវ ចាន់ សាន់ បានអះអាងថា ខ្លួនអត់មានរំពឹងសូម្បីតែបន្តិចនៅពេលដឹងថា ឈ្មោះរបស់គេត្រូវឡើងប៉ះប្រកួតជាមួយកីឡាករ ម៉ន ភារម្យ ដែលជារៀមច្បង ហើយក៏ជាកីឡាករជើងខ្លាំង។ បើទោះជាមុនឡើងរេញ លោកបានហ្វឹកហាត់ដិតដល់ និងបានចាក់មើលវីដេអូឡើងប្រកួតកន្លងមករបស់កីឡាករ ម៉ន ភារម្យ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រៀមច្បងរូបនេះដឹងច្រើន តែលោកនៅតែគ្មានសង្ឃឹមសម្រាប់ការផ្ដួលអោយរៀមច្បងរូបនេះហាលអាវ ហើយអាចបានឡើងទៅវគ្គ៨នាក់ដដែល។

លោកសប្បាយលោតកញ្ជ្រោល នៅពេលពិធីករប្រកាសថា លោកបានឈ្នះ តែក្ដីសង្ឃឹមសម្រាប់ឱកាសបានឈ្នះបន្ត ក៍នៅមិនទាន់ហ៊ាននសង្ឃឹមនោះដែរ បើទោះលោកប្រាប់ថា ត្រៀមខ្លួនអោយអស់ពីសមត្ថភាព ព្រោះមិនចង់ជ្រុះចេញពីកម្មវិធី ដើម្បីបានឱកាសបានឡើងទៅវគ្គ៤នាក់ ដែលជាវគ្គក្នុងក្ដីស្រម៉ៃ។