មិននឹកស្មាន ជើងថ្មី ផាន់ សូផាត ផ្ដួលអោយសិស្ស អេ ភូថង ហាលអាវ

កីឡាករបង្គោលខៀវ ផាន់ សូផាត ក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន

កាលពីថ្ងៃទី១១ ខែឧសភា ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការប្រកួតនៅក្នុងថ្ងៃនោះ គឹជាការបើកឆាកប្រកួតជម្រុះរវាងអ្នកឈ្នះ១៦នាក់ដែលជ្រើសរើសបានក្នុងជុំទី១ ដើម្បីអោយពួកគេចាប់គូគ្នាប្រកួតជម្រុះយកតែ៨នាក់អោយឡើងទៅវគ្គបន្ត។

កីឡាករបង្គោលខៀវ ផាន់ សូផាត និងបង្គោលក្រហម អេ ហនុមាន ក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន

កីឡាករ បង្គោលខៀវ ផាន់ សូផាត មកពីក្លិបពុទ្ធសេរីវង្សកីឡា ខណ្ឌពោធិសែនជ័យ បានក្លាយជាអ្នកដណ្ដើមបានកៅអី៨នាក់នោះទី៣ ខណៈដែលជ័យជម្នះរបស់គេ សូម្បីតែគេខ្លួនឯងក៍មិនចង់ជឿនោះដែរ ព្រោះតែបង្គោលក្រហម អេ ហនុមាន មកពីក្លិបអេភូថង ដែលជាគូប្រកួតគឺជាកីឡាករជើងខ្លាំងធ្លាប់ល្បីយូរមកហើយ ហើយបើនិយាយពីប្រវត្តិឡើងរេញក៏ច្រើនជាងខ្លួនដាច់ឆ្ងាយ។

ការប្រកួតរបស់កីឡាករទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងសង្វៀនប៉ុស្តិ៍លេខ៥ ស្ថិតនៅព្រែកកំពិស ដោយក្នុងថ្ងៃនោះគេកត់សម្គាល់ថា មានអ្នកទស្សនាយ៉ាងកកកុញតែម្ដង ព្រោះតែអ្នកទាំងពីរគឺជាគូប្រកួតបើកឆាកសម្រាប់ការដណ្ដើមកៅអី៨នាក់ ហើយកីឡាករទាំងពីរក៏បញ្ចេញថ្វីដៃមិនខុសពីចង់សុីសាច់ហុតឈាមគ្នានៅលើសង្វៀន។

ការប្រកួតទាំងមូលមិនទាន់បានជក់ចិត្តអ្នកគាំទ្រផង បង្គោលក្រហម អេ ហនុមាន ដែលជាជើងខ្លាំងប្រចាំក្លិបរបស់ អេ ភូថង ដែលជាកីឡាករជើងចាស់ និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយ ស្រាប់តែសន្លប់ភីង ដែលធ្វើអោយអ្នកណាៗក៏ជួយអបអរសាទរ។

បង្គោលក្រហម អេ ហនុមាន សន្លប់ក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន

បង្គោលខៀវ ផាន់ សូផាត បានអះអាងថា ខ្លួនអត់មានរំពឹងសូម្បីតែបន្តិចនៅពេលដឹងថា ឈ្មោះរបស់គេត្រូវឡើងប៉ះប្រកួតជាមួយកីឡាករ អេ ហនុមាន ដែលជារៀមច្បង ហើយក៏ជាកីឡាករជើងខ្លាំង។

បើទោះជាមុនឡើងរេញ លោកបានហ្វឹកហាត់ដិតដល់ និងបានចាក់មើលវីដេអូឡើងប្រកួតកន្លងមករបស់កីឡាករ អេ ហនុមាន ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រៀមច្បងរូបនេះដឹងច្រើន តែលោកនៅអត់សង្ឃឹមសម្រាប់ការផ្ដួលអោយរៀមច្បងរូបនេះហាលអាវ ហើយអាចបានឡើងទៅវគ្គ៨នាក់ដដែល។

លោកសប្បាយលោតកញ្ជ្រោល នៅលោកមានឱកាសវាយផ្ដួលអោយ អេ ហនុមាន សន្លប់ភីងក្នុងទឹកទី១។ លោកចាត់ទុកថា នេះជាលទ្ធផលបានមកពីសំណាង ប៉ុន្តែ ក៏ប្រឹងអស់ពីសមត្ថភាពផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ