លោក ហ៊ុន សែន ​ប្រាប់ប្រទេសមួយចំនួនថា ការអភិវឌ្ឍ​ដោយសមធម៌ត្រូវផ្តល់សិទ្ធិអំណាចឲ្យពលរដ្ឋ

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់ប្រទេសមួយចំនួនថា ដើម្បីធានាការអភិវឌ្ឍមួយប្រកបដោយសមធម៌ គឺទាមទារឱ្យមានការផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋ ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ​ប្រទេសថៃ កាលពីថ្ងៃម្សិលមិញ។

នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ទោះបីប្រជាជនកម្ពុជាទទួលបានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយក៏ដោយ។ ប៉ុន្តែ លោកថា ​មានស្រទាប់ប្រជាជន ឬសហគមន៍មួយចំនួននៅមិនទាន់ទទួលបាន​សិទ្ធិអំណាចសមរម្យ ព្រមទាំងមិនទាន់ទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវនៅឡើយទេ ដែលថា ធ្វើឲ្យពួកគេទាំងនោះជាជនងាយរងគ្រោះ ។

លោកនាយករដ្ឋមន្ត្រី ថ្លែងទៀតថា ដើម្បីឆ្លើយតបទៅនឹងសមភាពសង្គមតាមបំណងប្រាថ្នារបស់រដ្ឋាភិបាលបាន ជាការដោះស្រាយបញ្ហាត្រូវជំរុញឱ្យមានការផ្តល់សិទ្ធិអំណាចដល់ប្រជាជនដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន។

លោក ហ៊ុន សែន បន្តថា៖ «ខ្ញុំមានជំនឿថា វិធីសាស្ត្រមួយដែលយើងអាចអនុវត្តបាន ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ គឺការធ្វើបរិយាបន្នកម្ម។ ការធ្វើបរិយាបន្នកម្មអាចសម្រេចទៅបាន តាមរយៈការផ្តល់សិទ្ធិអំណាចដល់ប្រជាជន ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន ដែលជាការអនុវត្តអាចឱ្យពួកគាត់បង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការផ្លាស់ប្តូរទៅរកសង្គមមួយដែលមានសមធម៌»។

សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការ​សហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ដែលធ្វើឡើងនៅប្រទេសថៃនេះ ក្រោមប្រធានបទ «ការផ្តល់សិទ្ធ​អំណាចជូនប្រជាជន និងការធានា​នូវបរិយាបន្នភាព ឬការចូលរួមរបស់ពលរដ្ឋក្នុងការអភិវឌ្ឍជាតិ និងសមភាព​»។

​សន្និបាតនេះ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្នុងគោលបំណង​សំខាន់​ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ការងារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។

របាយការណ៍ និងផែនការនៃសន្និបាតនេះ នឹងដាក់ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក សហរដ្ឋអាមេរិកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ