ប្រតិភូ​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​ស្វែងរក​ការពិត​នៅ​កម្ពុជា​នា​ដើម​ខែ​ក្រោយ បន្ទាប់​ពី​ប្រកាស​ដំណើរ​ការ​ព្យួរ​​ EBA

អគ្គរដ្ឋទូតសហភាព​អឺរ៉ុប លោក George Edgar ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

ប្រតិភូ​សហភាព​អឺរ៉ុប​គ្រោង​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ ដើម្បី​ពិនិត្យ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​បរិបទ​នៃ​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ជាបណ្ដោះអាសន្ន។ នេះ​បើ​តាម​តំណាង​បេសកកម្ម​ទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា ​លោក George Edgar។

ប្រាប់​ VOD តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​នៅ​ថ្ងៃ​នេះ តំណាង​បេសកកម្ម​ទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar ឲ្យ​ដឹង​ថា ​ប្រតិភូ​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣ ខែមិថុនា ខាង​មុខ​ ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​រាប់​ថ្ងៃ​ថយ​ក្រោយ​ពី​វិធាន​ការ​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វីៗ​គ្រប់យ៉ាង​លើក​លែង​តែ​អាវុធ»​កាល​ពី​ខែ​កុម្ភៈ។

លោក​សរសេរ​ថា៖ «ជា​បេសកកម្ម​ស្វែង​រក​ការ​ពិត​ មក​ពី​គណៈកម្មការ​សហភាព​អឺរ៉ុប និង​គណៈកម្មាការ​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ ដែល​នេះ​ជា​ផ្នែក​នៃ​ដំណើរការ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ក្នុង​បរិបទ​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ »។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ជំនឿ​ថា​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​សហភាព​អឺរ៉ុប​លើក​នេះអាច​ស្វែងរក​ការ​ពិត​ជាក់​ស្ដែង​ពី​កម្ពុជា​នោះ​ទេ ដោយ​ថា​ ការ​ចុះ​បេសកកម្ម​របស់​តំណាង​សហភាព​អឺរ៉ុប​ជា​ច្រើន​ដង​មក​ហើយ​នោះ​ សុទ្ធ​តែ​មាន​ចម្លើយ​អវិជ្ជមាន​សម្រាប់​ប្រទេស​នេះ។

លោក សុខ ឥសាន៖ «គេ​កំពុង​តែ​នៅ​សប្បាយ​ អ្នក​រក​ស៊ី​អី​រក​ស៊ី​ទៅ​ ធ្វើ​ការ​អី​ធ្វើការ​ទៅ ជីវភាព​សង្គម​វា​ធម្មតា​ ដល់​អ្នក​វាយ​តម្លៃ​បែរ​ជា​ថា ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​វិញ។ បើ​សិន​ជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ សង្គម​ហ្នឹង​វា​រំជើបរំជួល​បះបោរ​ហុយ​ផ្សែង រត់​ចូល​លេណដ្ឋាន​គ្រប់​គ្នា​ហើយ»។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ រដ្ឋាភិបាល​មិន​អាច​វាយ​តម្លៃយក​ត្រូវ​តែ​ម្ខាងបាន​​នោះ​ទេ ហើយ​ការ​វាយ​តម្លៃ​យក​ត្រូវ​តែ​ជា​របស់​ខ្លួន ហើយ​មិន​ទទួល​យក​យោបល់​របស់​សហភាព​អឺរ៉ុប ​គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​ទាំង​មូល។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​បន្ទន់​ជំហរ​ចរចា និង​ទទួល​យក​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​មក​កែប្រែ​ដើម្បី​រក្សា​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​ទាំង​មូល​។

លោក​ ករុណា៖ «មាន​ន័យ​ថា ​បញ្ហា​ដែល​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ទាំង​ប៉ុន្មាន​ យើង​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ ហើយ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ទៅ។ ​ព្រោះ​បញ្ហា​ទាំង​អស់​ហ្នឹង​វា​មិន​មែន​ជា​បញ្ហា​របស់​ជន​បរទេស​ ឬ​ក៏​អន្តរជាតិ​ទេ​ គឺ​ជា​បញ្ហា​រវាង​ជាតិ​សាសន៍​ខ្មែរ​ខ្លួន​ឯង។​ យើង​គួរ​តែ​យក​ដំណោះស្រាយ​ហ្នឹង​មកជជែក​គ្នា​រក​ដំណោះស្រាយ​ ដើម្បី​ឲ្យ​ខ្មែរ និង​ខ្មែរ​​ត្រូវ​រ៉ូវ​គ្នា​ ហើយ​យើង​ចាប់​ផ្ដើម​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​នៅ​កម្ពុជាដោយ​ត្រឹមត្រូវ​ឡើង​វិញ​ ដោយ​មិន​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​តទៅ​មុខ​ទៀត»។​

សហភាព​អឺរ៉ុប​ កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថយ​ក្រោយ​អំពី​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ។

ដំណើរ​ការ​រាប់​ថយ​ក្រោយ​នោះ​គឺ​មាន​រយៈពេល​ ១៨​ខែមុន​ការ​ព្យួរ​ ឬ​មិន​ព្យួរ​ពី​កម្ពុជា ក្នុង​នោះ ​៦​ខែ​​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ពិនិត្យ និង​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល ហើយ​ ៣​ខែ​ទៀត​រៀប​ចំ​របាយការណ៍​ដោយ​ផ្អែក​តាម​ការ​រក​ឃើញ ហើយ​សល់​ពី​នោះ​មាន​រយៈពេល ​១២ខែ​ក្នុង​ការ​ពិចារណា​ដក​ហូត ឬ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​នេះ​។

​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែឧសភា ធនាគារ​ពិភព​លោក​ព្រមាន​ថា​ កម្ពុជា​ប្រឈម​នឹង​ការ​ខាតបង់​ទឹក​ប្រាក់​ចន្លោះ​ពី​៥១៣​លាន​ដុល្លារ ដល់​៦៥៤លានដុល្លារ​ ប្រសិន​ជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ​​EBA ក្នុង​នោះ​វិស័យ​កាត់ដេរ​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​ជាង​ ៣៨១លានដុល្លារ ​ស្បែក​ជើង​ត្រូវ​ប្រឈម​នឹង​ការ​ខាត​បង់​ជាង ​១២៨លានដុល្លារ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ