ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានជំរុញឱ្យខ្មែរគ្រប់រូបត្រូវឈរនៅលើគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិ ដោយថា ជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពជូនសង្គមជាតិ។
សារនយោបាយរបស់លោក ទៀ បាញ់ ត្រូវបានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃនេះ។ លោកអះអាងថា ចំពោះប្រទេសកម្ពុជា សន្តិភាពដែលមានបច្ចុប្បន្នគឺទទួលបានយ៉ាងលំបាក បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈពេលជាង ៣ទសវត្សរ៍។
លោកថា បញ្ហានេះ ដែលទាមទារឱ្យខ្មែរទាំងឡាយរួមគ្នារក្សាឱ្យបាននូវវប្បធម៌ផ្សះផ្សា និងបង្រួបបង្រួមជាតិបន្តទៀត។
សាររបស់លោក ទៀ បាញ់ សរសេរថា៖ «ការផ្សះផ្សា និងបង្រួបបង្រួមជាតិជាគោលការណ៍យ៉ាងសំខាន់ដែលនាំមកនូវសន្តិភាពជូនសង្គមជាតិ និងបន្តរក្សាសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក បន្ទាប់ពីសង្គ្រាមស៊ីវិលអស់ជាង ៣ទសវត្សរ៍។ យើងត្រូវរួមគ្នារក្សាឱ្យបាននូវវប្បធម៌ផ្សះផ្សា និងបង្រួបបង្រួមជាតិនេះ»។
វី.អូ.ឌី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បីពន្យល់បន្ថែមបានទេនៅថ្ងៃនេះ។
ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា សារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកជាសារនយោបាយរបស់លោករដ្ឋមន្ត្រី ប៉ុន្តែ លោក ឈុំ សុជាតិ មិនអាចបង្ហាញការយល់ឃើញអំពីសារនេះបានទេ។
កាលពីថ្ងៃម្សិលមិញដែរ ទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិដដែល លើកឡើងថា គោលបំណងនៃការកសាងកម្លាំងទ័ព គឺដើម្បីស្វែងរកសន្តិភាព និងរក្សាសន្តិភាព ក្នុងបុព្វហេតុនៃភាពសុខសាន្តរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះឡើយ។
អ្នកវិភាគ និងសង្គមស៊ីវិល មើលឃើញថា សារនយោបាយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ទុយគ្នាទាំងស្រុងទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីប្រទេសជប៉ុន កាលពីថ្ងៃម្សិលមិញ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា នៅរយៈពេលចុងក្រោយនេះ ក្នុងជួរថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន មានការបញ្ចេញមតិ ឬការប្រកាសសារនយោបាយមិនចុះសម្រុងគ្នាទេ។
យ៉ាងនេះក្តី លោកថា ការប្រកាសរបស់លោក ទៀ បាញ់ ជាចំណុចវិជ្ជមាន ប៉ុន្តែ លោកចង់ឱ្យរដ្ឋាភិបាលយកគោលនយោបាយឈ្នះៗ មកដោះស្រាយវិបត្តិអ្នកនយោបាយខ្មែរបច្ចុប្បន្ន។
លោក មានប្រសាសន៍ថា៖ «វិជ្ជមាន ប៉ុន្តែ គឺអនុវត្តគោលនយោបាយឈ្នះៗទៅ ដើម្បីដោះស្រាយបញ្ហាសព្វថ្ងៃ ឬក៏ជម្លោះរវាងខ្មែរ និងខ្មែរហ្នឹង។ កាលពីមុនបានអនុវត្តគោលនយោបាយឈ្នះៗហ្នឹងទៅ ឱ្យខាងខ្មែរក្រហមដែលជាបនប្រល័យពូជសាសន៍ឈ្នះដែរនោះ ដើម្បីបញ្ចប់សង្គ្រាមនោះ។ ចុះឥលូវ គួរយកគោលនយោបាយឈ្នះហ្នឹងមកអនុវត្តជាថ្មីទៀតទៅ»
ស្រដៀងគ្នានេះ មន្ត្រីអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សាទរចំពោះការថ្លែងសារនយោបាយឱ្យមានការបង្រួបបង្រួម និងផ្សះផ្សាជាតិរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយថា ការរួបរួមជាតិពិតប្រាកដ គឺជាអ្វីដែលពលរដ្ឋកម្ពុជាចង់បាន ។
ប៉ុន្តែ សង្គមស៊ីវិលរូបនេះ ក៏មើលឃើញថា សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិមានភាពផ្ទុយគ្នា ដូច្នេះ លោកថា គេនៅរង់ចាំមើល តើថ្នាក់ដឹកនាំរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការផ្សះផ្សា និងបង្រួបបង្រួមជាតិដែរឬទេ?
លោក មានប្រសាសន៍ថា៖ «បើសិនជាឆន្ទៈមួយពិតប្រាកដដែលធ្វើឡើងទាំងព្រម ដែលមានន័យថា ទាំងថ្នាក់ដឹកនាំបក្ស ថ្នាក់ដឹកនាំរដ្ឋ មកដល់ថ្នាក់ក្រោម។ បានន័យថា មូលមាត់គ្នា ជជែកគ្នា ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំគិតថា ជាប្រយោជន៍សំខាន់ណាស់សម្រាប់ប្រទេសជាតិ ព្រោះយើងមិនចង់ឃើញមានវិបត្តិផ្នែកនយោបាយរ៉ាំរ៉ៃ ហើយពលរដ្ឋហ្នឹងក៏ពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតដែរ »។
ថ្លែងក្នុងវេទិកាអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី៣០ ខែឧសភា នៅទីក្រុងតូក្យូ លោក ហ៊ុន សែន អះអាងថា លោកកំពុងរង់ចាំធ្វើសង្គ្រាមជាមួយអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ហើយនឹងធ្វើដល់ទីបញ្ចប់ ដោយថា សង្គ្រាមនេះ លោកនឹងមិនអាចចាញ់បានឡើយ៕