ក្រុម​សង្គម​ស៊ីវិល​​ជិត​១០០​ស្ថាប័ន ​ស្នើ​ឲ្យ​កម្ពុជាគោរព​​ស្មារតី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឡើង​វិញ​ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​ ៨៥​ បាន​ស្នើ​ទៅ​​គ្រប់​ថ្នាក់​ដឹក​នាំ និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឲ្យ​ចូលរួម​ការពារ និង​លើក​តម្កើង​នូវ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើង​វិញ ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​អស្ថិរភាព​សង្គម។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​៣ ខែឧសភា ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម​កម្ពុជា បាន​បង្ហាញ​​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច​ ក្រោយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ និង​ក្រោយ​ការ​ផាត់​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្ដាល​ប្រទេស​ចេញ។

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា៖ «ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា កង្វះ​យន្តការ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​រង​ទុក្ខ​វេទនា​យ៉ាង​ធ្ងន់ធ្ងរ បែក​បាក់​ព្រាត់​ប្រាស​គ្រួសារ និង​ស្លាប់​ជា​ច្រើន​ជាង​គេ​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ បទ​ពិសោធន៍​ដ៏​ជូរចត់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​កើត​ឡើង។ ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ប្រទេស​ ដោយ​មិន​យក​ចិត្ត​ទុកដាក់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ ធ្លាក់​ចូល​ទៅ​ក្នុង​សោកនាដកម្ម​ដូច​អតីតកាល»។ ​

​​អ្នកនាំពាក្យ​សមាគម​អាដហុក​ លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​ ​អង្គការ​របស់​លោក ក៏​ដូច​ជា​អង្គការ​ដទៃ​មើល​ឃើញ​ពី​ភាព​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ ហើយ​ហាក់​បាន​ដើរ​ចេញ​កាន់​តែ​ឆ្ងាយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​លោក​សេរី។

លោក ករុណា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ ប្រសិន​លោក​សេរី​​ដក​ដៃ​ចេញ ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​ក៏​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ និង​អាក្រក់​ទៅៗ។ អ៊ីចឹងហើយ​ យើង​ចង់​ឲ្យ​ងាក​មក​គិត​ពី​ស្មារតី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ ដែល​ជា​ស្មារតី​រួម​គ្នា​របស់​អ្នក​ជាតិ​និយម​ទាំង​អស់​ឲ្យ​គិតគូរ​​ដល់​ជោគ​វាសនា​ប្រទេស​ជាតិ​ ដោយ​បញ្ឈប់​ការ​តតាំង​គ្នា​ដោយ​ចុង​កាណុង​អី​ហ្នឹង​ មក​ជជែក​គ្នា​នៅ​តុ​ចរចា អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ លោក សុខ ឥសាន ចាត់​ទុក​សេចក្ដីថ្លែងការណ៍​រួម​នេះ​ថា កំពុង​ព្យាយាម​ជ្រៀតជ្រែក​ដល់​កិច្ចការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​។ លោក​បន្ថែម​ថា​ ស្មារតី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស បាន​រលាយ​ចូល​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ​ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រតិបត្តិ​​ពេញលេញ​តាម​រដ្ឋធម្មនុញ្ញ​នេះ​ដែរ។

លោក ​សុខ ឥសាន មាន​ប្រសាសន៍​ថា៖ «បើ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ប្រជារាស្ត្រ​ប្រាកដ​ជា​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ហើយ មិន​មែន​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថិរភាព​នយោបាយ ក្រោម​ដំបូល​សន្តិភាព​យ៉ាង​រឹង​មាំ​ដូច្នេះ​ទេ។ ហើយ​ម្យ៉ាង​ទៀត​ បើ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ខ្ញុំ​យល់​ថា ​សង្គម​ស៊ីវិល​ទាំង​៨៥ និង​លើក​មុន ​៧៣មក ​ក៏​មិន​អាច​មាន​មតិ​រិះគន់​ ឬ​វាយ​ប្រហារ​មក​លើ​រាជរដ្ឋាភិបាល​តាម​និន្នាការ​លំអៀង​នយោបាយ​នៅ​កម្ពុជា​ដែរ»

ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ដើម្បី​ពិនិត្យ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មុន​រៀប​ចំ​របាយការណ៍​ដាក់​ទៅកាន់​តំណាង​សហភាព​ធ្វើ​ការ​ពិនិត្យ​ថា​ព្យួរ ឬ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA សម្រាប់​កម្ពុជា។ ទោះ​ជា​យ៉ាងណា ​សម្រាប់​រដ្ឋាភិបាល​មិន​យល់​ថា ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​អឺរ៉ុប​នេះ​អាច​វាយ​តម្លៃ​វិជ្ជមាន​ចំពោះ​រដ្ឋាភិបាល​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​១ ខែមិថុនានេះ​ មាន​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៧៣ បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ដាក់​ទៅ​កាន់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ