រដ្ឋ​ចាប់​ផ្ដើម​អនុវត្តឡើង​វិញ​នូវ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ​៣​ឆ្នាំ​ ក្រោយ​លោក ហ៊ុន សែន សម្រេច​ផ្អាក​អនុវត្ត​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​​បាន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​ឡើង​វិញ​នូវ​នីតិវិធី​មួយ​ចំនួន​នៃ​ការ​គ្រប់​គ្រង​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ដែល​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​មិន​ឲ្យ​អនុវត្ត​អំឡុង​ពេល​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​កាល​ពី ៣​ឆ្នាំ​មុន។

​​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៣​ ខែមិថុនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្រេច​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ រាល់​ការ​ផ្ទេរ​​កម្មសិទ្ធិ​យាន​ជំនិះ​ឆ្លង​រាជធានី ឬ​ខេត្ត ​ស្លាក​លេខ និង​បណ្ណសម្គាល់​យានជំនិះ​នោះ​ ក៏​តម្រូវ​ប្ដូរ​តាម​ម្ចាស់​ថ្មី​នៃ​យានជំនិះ​នេះ​ផង​ដែរ។

យោង​តាម​អនុក្រឹត្យ​នេះ រដ្ឋាភិបាល​បាន​សម្រេច​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំង​អស់​ផ្ទេរ​កម្មសិទ្ធិ​លើ​យាន​យន្ត​របស់​ពួកគេ ដែល​នីតិវិធី​ដ៏​វែង​មួយ​នេះ ត្រូវ​បាន​លោក ហ៊ុន សែន សម្រេច​មិន​ឲ្យ​អនុវត្ត​ម្ដង​រួច​មក​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​មក។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ាស៊ឹម សុរិយា បាន​ពន្យល់​ថា ​ការ​សម្រេច​នេះ​ មាន​ន័យ​ថា ​ម្ចាស់​រថយន្ត​ដែល​ទិញ​ថ្មី និង​ទិញ​បន្ត​​ពី​អ្នក​ដទៃ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្លាក​លេខ និង​បណ្ណ​សម្គាល់​ដែល​ខុស​ពី​របស់​ខ្លួន​​នោះ​ទេ គឺ​តម្រូវ​ឲ្យ​ធ្វើ​ថ្មី​តែ​ម្ដង។

លោក​ វ៉ាស៊ឹម សុរិយា មាន​ប្រសាសន៍​ថា៖ «ពី​មុន​ឧបមា​ថា​ យើង​ប្ដូរ​ពី​ភ្នំពេញ​ទៅ​តាកែវ​គឺ​យើង​ត្រូវ​ប្ដូរ​ផ្លាក​លេខ​ តែ​ជាទូទៅ​អ្នក​ដែល​ទិញ​ឡាន​ហើយ ​ច្រើន​តែ​ទុក​ផ្លាក​លេខ​ភ្នំពេញ​ជិះ​អ៊ីចឹង​ទៅ តែ​ដល់​ពេល​នេះ​ត្រូវ​ផ្ទេរ​ដាច់​ខាត់​ហើយ។ អ៊ីចឹង យើង​ត្រូវ​មាន​លេខ​ថ្មី​ចុះ​បញ្ជី​ថ្មី​នៅ​នោះ​ហើយ។ អ៊ីចឹង​បាន​យើង​ថា​ ដល់​ពេល​ហ្នឹង​លេខ​ដែល​ជាប់​នឹង​ឡាន​ហ្នឹង ​បើ​ខ្ញុំ​មិន​ច្រឡំ​ទេ ​គឺ​ស្លាក​លេខ​ហ្នឹង​ត្រូវ​គ្រវាត់​ចោល​ភ្លាម​»

លោក​ វ៉ាស៊ឹម សុរិយា បន្ថែម​ថា ​ជា​គោលការណ៍​នៃ​ច្បាប់​​បច្ចុប្បន្ន​ ម្ចាស់​យានយន្ត​ត្រូវ​រក​ម្ចាស់​រថយន្ត​ដើម​មក​បញ្ជាក់​ការ​ផ្ទេរ​កម្មសិទ្ធិ​នេះ តែ​លោក​ថា​ ដោយ​សារ​ឃើញ​ពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ផ្ទេរ​នេះ​ រដ្ឋាភិបាល​កំពុង​សិក្សា​រក​នីតិវិធី​ថ្មី​ដើម្បី​សម្រួល​បញ្ហា​នេះ​ផង​ដែរ។

លោក សុរិយា ​បន្ថែម​ថា៖ «ឥឡូវ​នេះ​ យើង​ប្រើ​ប្រព័ន្ធ​ IT ដល់​ពេល​ចុះ​បញ្ជី​ គឺ​ម្ចាស់​ហើយ​ដំបូង​បំផុត​នោះ​ដែល​បាន​ទិញ​ឡាន​ពី​ឃ្លាំង​មក​ហ្នឹង​បាន​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​ តែ​បើ​គាត់​អត់​បាន​លុប​អត់​បាន​ផ្ទេរ​កម្មសិទ្ធិ​ទេ ​គឺ​ឈ្មោះ​គាត់​នៅ​ហ្នឹង​។ បើ​សិន​ជា​មាន​ករណី​ព្រហ្មទណ្ឌ​អី​ មាន​ករណី​ប្ដឹង​ផ្ដល់​អី ​គឺ​ឈ្មោះ​គាត់​ហ្នឹង​ហើយ​ទទួល​ការ​ស្រាវជ្រាវ​ហើយ​»

កាល​ពី​ថ្ងៃ​ទី​៣ ខែមិថុនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ ដោយ​លោក​ផ្ដល់​​ជា​យោបល់​ថា ​​​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ គឺ​ត្រូវ​ធ្វើ​ត្រឹម​អ្នក​លក់​ និង​អ្នក​ទិញ​បាន​ហើយ ​ដើម្បី​កាត់​បន្ថយ​នីតិវិធី​ស្មុគ​ស្មាញ និងការ​ចំណាយ​ខ្ពស់​ពេក។

លោក ​ហ៊ុន សែន ថ្លែង​ថា​៖ «អ៊ីចឹង​ទេ បើ​សិន​មាន​រឿង​ហ្នឹង​ ក៏​ត្រូវ​ខិតខំ​ដោះស្រាយ​ ដើម្បី​ឱ្យ​ផ្ទេរ​ត្រឹម​តែ​អ្នក​ទិញ​លក់​ជាមួយ​គ្នា គឺ​កាត់​ឈ្មោះ​ចេញ​តែ​ម្ដង ហើយ​តម្លៃ​ឲ្យ​វា​សមរម្យ​ជា​មួយ​ភាព​រហ័សរហួន​ ហើយ​កុំ​ទាមទារ​ឲ្យ​មាន​ការ​ផ្ទេរ​ច្រើន​ដំណាក់​ពេក​»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ មាន​ប្រសាសន៍​ថា ​កម្រិត​នៃ​គោលនយោបាយ ​គឺ​មាន​រួច​ហើយ​ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ តែ​ឧបសគ្គ​នៅ​ក្នុង​ការ​អនុវត្ត​នោះ​ គឺ​បណ្ដាល​មក​ពី​​ភាព​មិន​ច្បាស់លាស់​នៃ​ប្រភព​ឯកសារ ​ភាព​ស្មុគស្មាញ​នៃ​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​ក្រសួង ហើយ​ផ្នែក​សំខាន់​មួយ​ទៀត ​គឺ​ទាក់ទង​នឹង​ការ​បង់​ពន្ធ។

លោក​ សន ជ័យ ប្រាប់ថា៖ «ម្យ៉ាងទៀត​ របៀប​នៃ​ការ​ទិញ​លក់​ហ្នឹង​ វា​មាន​ភាព​ផុយ​ស្រួយ ​គ្រាន់​តែ​ផ្ដិត​មេដៃ​រវាង​អ្នក​លក់ និង​អ្នក​ទិញ ​ជា​ដើម។ វា​ជា​នីតិវិធី​រដ្ឋបាល​ដែល​មាន​ភាព​សាមញ្ញ​ពេក តែ​នៅ​ពេល​ដែល​យក​ភាព​សាមញ្ញ​ហ្នឹង​យក​មក​ផ្ទៀងផ្ទាត់​នឹង​ផ្លូវ​ច្បាប់​ វា​មាន​ភាព​ស្មុគស្មាញ ដែល​ធ្វើ​ឲ្យ​មាន​ការ​អូស​បន្លាយ។ ទើប​តែ​មាន​រឿង​ធំៗ​មួយ​ចំនួន​ទេ​ ដែល​តម្រូវ​ឲ្យ​ម្ចាស់​ដើម​មក​ទទួល​ខុសត្រូវ​មុខ​ច្បាប់ ​ប្រសិន​ជា​រថយន្ត​ដែល​លក់​ទៅ​ហើយ​ហ្នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​បង្ក​បទ​ល្មើស​ផ្សេង​ៗ​​​​​»

រដ្ឋាភិបាល​បាន​សម្រេច​ដំណើរការ​នីតិវិធី​ទាំង​នេះ​ឡើង​វិញ បន្ទាប់​ពី​នារី​ម្នាក់​ឈ្មោះ យិន ម៉ាណា បាន​បើក​បរ​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​កាល​ពីថ្ងៃ​ទី​២៦ ខែ​មីនា​កន្លង​មក ប៉ុន្តែ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​នោះ ត្រូវ​បាន​ចុះ​បញ្ជី​កាន់​កាប់​ដោយ​បុគ្គល​ផ្សេង​ទៅ​វិញ។

​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ មាត្រា​៤៩​ បាន​ចែង​ថា​ ការ​លក់​ទិញ​ ការ​ធ្វើ​អំណោយ និង​រាល់​ទម្រង់​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​កម្មសិទ្ធិករ​នៃ​យានយន្ត ត្រូវ​បំពេញ​សំណុំ​បែប​បទ​ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​មិន​ឲ្យ​លើស​រយៈពេល​៩០​ថ្ងៃ​។

កាល​ពី​ដើម​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​សម្រេច​ថា ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ជូន​សាធារណជន រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​ការ​កាន់​កាប់​ជាក់​ស្ដែង ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ម្ចាស់​ដើម​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ