លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្មានការចរចានយោបាយណាមួយកើតឡើងនោះឡើយ បើទោះបីជាលោកបានអំពាវនាវឲ្យមានកម្មវិធីហូបនំបញ្ចុកទ្រង់ទ្រាយធំ ដែលលោកហៅថា «នំបញ្ចុកសាមគ្គីជាតិ» ក៏ដោយ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅរាជធានីភ្នំពេញនាព្រឹកនេះ លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀតដល់សមាជិកប្រជាជនកម្ពុជា ព្រមទាំងពលរដ្ឋទូទៅ ឱ្យចូលរួមការហូបនំបញ្ចុកសាមគ្គីជាតិនៅថ្ងៃទី៩ ខែមិថុនា ចុងសប្ដាហ៍នេះ។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍បរិភោគនំបញ្ចុកសាមគ្គីជាតិដ៏ធំនេះ នឹងធ្វើឡើងដោយគ្មានការប្រកាន់បក្សនយោបាយ ហើយបញ្ឈប់ការលាបពណ៌គ្នា ប៉ុន្តែ លោកបដិសេធការចរចានយោបាយណាមួយនៅក្រោយការហូបនំបញ្ចុកសាមគ្គីជាតិនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែ កុំយកបញ្ហាដែលខ្ញុំនិយាយនេះ ទៅធ្វើការវិភាគអ្វីផ្សេងក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចានយោបាយស្អីៗ។ សូមៗកុំមានការភាន់ច្រឡំ! ខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិតាមរយៈនៃការទទួលទាននំបញ្ចុកថ្ងៃ៩ មិថុនា នេះតែម្តង»។
អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា ការប្រកាសហូបនំបញ្ចុកសាមគ្គីរួមគ្នានេះ ជាការបញ្ឈប់បញ្ហាប្រឈមមុខដាក់គ្នារវាងអតីតសកម្មជនគណបក្សប្រឆាំងជាមួយរដ្ឋអំណាចបន្តទៀត ហើយក៏ជាបរិយាកាសបើកផ្លូវនយោបាយមួយឈានទៅរកការចរចាផងដែរ។
លោក សុវណ្ណារ៉ា លើកឡើងបន្ថែមទៀតថា អ្នកនយោបាយខ្មែរ មិនគួរចង់ឈ្នះចាញ់រឿងហូបនំបញ្ចុក ឬរឿងផ្ទាល់ខ្លួននោះឡើយ ហើយលោកថា ផ្ទុយទៅវិញ ត្រូវរួមគ្នាគិតដោះស្រាយបញ្ហាជាតិចំពោះមុខប្រសើរជាង ពិសេសបញ្ហាឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងអនុគ្រោះពន្ធ GSP របស់អាមេរិក។
លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា៖ «អ៊ីចឹង ខ្ញុំគិតថា រដ្ឋាភិបាលហ្នឹងគួរតែមានការនិយាយគ្នា។ ខ្ញុំជឿថា វាត្រឹមត្រូវហើយ អ្វីៗវានឹងអាចទៅជជែកគ្នាបាន ប៉ុន្តែ វាជាការឱ្យមុខគ្នាទៅវិញទៅមក កុំឱ្យបាក់មុខបាក់មាត់គ្នា។ អាហ្នឹង ខ្ញុំមើលឃើញថា ជាជំហាននៃការចាប់ផ្តើម»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មិនទាន់អាចប៉ាន់ស្មានបានថា ទិវាហូបនំបញ្ចុករបស់បក្សកាន់អំណាច និងអតីតបក្សប្រឆាំងនៅថ្ងៃទី៩ ខែមិថុនា នឹងឈានទៅរកភាពសាមគ្គីជាតិកម្រិតណានោះទេ ប៉ុន្តែ ការជជែកគ្នារបស់អ្នកនយោបាយរបៀបនេះ គឺជារឿងប្រសើរ ជាជាងការបន្តប្រើសង្គ្រាមពាក្យសម្តីដាក់គ្នាបន្ថែមទៀត។
អ្នកវិភាគនយោបាយរូបនេះ លើកឡើងបន្តថា លទ្ធភាពនៃការចរចានឹងកើតមានឡើង បន្ទាប់ពីមានសម្ពាធអន្តរជាតិ ប៉ុន្តែ លោកថា ការចរចាមិនអាចកើតមានក្នុងពេលឆាប់ៗនេះឡើយ។
លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការចរចារ ឬមិនមានការចរចា មិនពឹងផ្អែកទៅលើឥលទ្ធិពលរបស់គណបក្សប្រឆាំងខ្លាំងទេ គឺផ្អែកទៅលើសហគមន៍អន្តរជាតិច្រើនជាង ពាក់ព័ន្ធ EBA និងពាក់ព័ន្ធ GSP របស់អាមេរិកនោះ។ វានឹងជំរុញឱ្យអ្នកនយោបាយកម្ពុជាហ្នឹងងាកមករកការនិយាយគ្នាបានច្រើនជាង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកាន់អ្នកគាំទ្របក្សកាន់អំណាចរបស់លោកកាលពីដើមសប្ដាហ៍នេះ ឲ្យរៀបចំកម្មវិធីហូបនំបញ្ចុកទូទាំងប្រទេសនៅចុងសប្ដាហ៍នេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយចោលទៅហើយនោះ គ្រោងរៀបចំពិធីដូចគ្នានេះនៅក្នុងថ្ងៃតែមួយជាមួយគ្នាផងដែរ។
មេដឹកនាំនៃបក្សនយោបាយទាំងពីរ បានអំពាវនាវឲ្យមានពិធីបែបនេះ ចំពេលដែលប្រតិភូសហភាពអឺរ៉ុប និងសហរដ្ឋមេរិក កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យពីបញ្ហាសិទ្ធិមនុស្សក្នុងបរិបទនៃដំណើរការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) និង ប្រព័ន្ធអនុគ្រោះព័ន្ធទូទៅរបស់អាមេរិក (GSP) ជាបណ្ដោះអាសន្ន។
បេសកកម្មស្វែងរកការពិតនៃប្រតិភូទាំងពីរកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសឲ្យដឹងអំពីការដំណើរការនីតិវិធីដែលឈានទៅរកការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីខែមករាកន្លងមក ហើយសមាជិកព្រឹទ្ធសភាអាមេរិក ៤រូប បានស្នើទៅរដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពិនិត្យឡើងវិញនូវពាណិជ្ជកម្មជាមួយកម្ពុជា ក្រោយពីអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែមិនព្រមស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញនោះឡើយ៕