សមត្ថកិច្ចមូលដ្ឋានខេត្តកំពង់ចាម​ហាមឃាត់អតីតសកម្មជន​បក្សប្រឆាំងជួបជុំគ្នាហូបនំបញ្ចុក

អាជ្ញាធរមូលដ្ឋានបានចុះមកហាមឃាត់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ មិនឱ្យជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬ​ជូនដំណឹងទៅអាជ្ញាធរជាមុន។ រូបភាព៖ ហ្វេសប៊ុក Mark Thyboth

អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ចាម អះអាងថា អាជ្ញាធរមូលដ្ឋានបានចុះមកហាមឃាត់ពួកគាត់មិនឱ្យជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬ​ជូនដំណឹងទៅអាជ្ញាធរជាមុន។

អតីតមេឃុំពាមប្រធ្នោះ ស្រុកកោះសូទិន មកពីគណបក្សសង្រ្គោះជាតិ និងជាម្ចាស់ផ្ទះរៀបចំពិធីហូបនំបញ្ចុកនោះ លោក សេក សណ្តាប់ អះអាងថា ទោះបីជានគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិមានគ្នាប្រមាណ ៦​នាក់ ចុះមកហាមឃាត់ការ​ហូបនំបញ្ចុករបស់ពួកគាត់ក៏ដោយ ប៉ុន្តែ ពួកលោកនៅតែបន្តហូបរហូតដល់ចប់។

លោកបន្តថា សកម្មភាពហាមឃាត់របស់សមត្ថកិច្ច​មកលើពួកគាត់ពេលនេះ ​បង្ហាញពីភាពភ័យខ្លាច និង​ការដឹកនាំបែបផ្តាច់ការរបស់អាជ្ញាធរមូលដ្ឋានទៅលើពលរដ្ឋ។

លោក សេក សណ្តាប់ មានប្រសាសន៍ថា៖ «សុំស្នើអាជ្ញាធរមានសមត្ថកិច្ច មុននឹងធ្វើអ្វីត្រូវចេះពិចារណា។ យើងជាជាតិខ្មែរដូចគ្នា កុំមើលតែកំហុសខ្មែរគ្នាឯង ហើយកំហុសបរទេសមានយួន មានចិន ដែលបានធ្វើខុសមកលើពលរដ្ឋខ្មែរ រំលោភ ដោយមានឃើញ មានការកាយផ្លូវកាយអីនៅកំពង់សោម អត់ហ៊ានចុះទៅជួបគេទេ។ កុំបានតែខ្មែរគ្នាឯងពេក»

ពិធីហូបនំបញ្ចុកនេះ លោក សេក សណ្តាប់ អះអាងថា មានចំនួនអ្នកចូលរួមប្រមាណ ៤០នាក់ និងមាននំបញ្ចុកចំនួន ៣០គីឡូក្រាម។

ចំណែកអតីតក្រុមការងារខេត្តកំពង់ចាមគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមក្នុងពិធីហូបនំបញ្ចុកនោះ លោក តូច ថឹង យល់ឃើញថា អាជ្ញាធរមូលដ្ឋាន​កំពុងដើរ​ផ្ទុយទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលណែនាំឱ្យពលរដ្ឋទូទាំងប្រទេសនាំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ និងមិនប្រកាន់បក្សនយោបាយឡើយ។

លោក តូច ថឹង ប្រាប់ថា៖ «ចំណែកខ្ញុំ ខ្ញុំ​មើលឃើញថា សមត្ថកិច្ចនៅមូលដ្ឋានខាងក្រោម ហាក់ដូចជាមិនស្តាប់​តាមប្រសាសន៍របស់សម្តេចទេ ព្រោះសម្តេចគាត់បានប្រកោកប្រកាសឱ្យពលរដ្ឋហូបនំបញ្ចុក ហូបអីទៅ ប៉ុន្តែ សមត្ថកិច្ចនៅតែជម្នះចង់បំបែក ចង់អីទៀត»។ 

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ លោក​ ហេង ប៊ុនថន បញ្ជាក់ថា លោកមិនបានហាមឃាត់សកម្មភាព​ហូបនំបញ្ចុករបស់អតីតសកម្មជនបក្សប្រឆាំងនោះទេ ប៉ុន្តែ អាចជាការយល់ច្រឡំមកលើសមត្ថកិច្ចច្រើនជាង។

លោកថា ការចុះទៅសួរនាំអំពីការរៀបចំពិធីហូបនំបញ្ចុកនោះ លោកក៏មិនដឹងមូលហេតុដែរ ដោយថា ជាការធ្វើតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ។

លោក ហេង ប៊ុនថន បន្តថា៖ «បាទ! ហូបទាល់តែចង់ ខ្ញុំអត់មានហាមឃាត់ទេ ហើយគាត់ហៅខ្ញុំចូលហូប និងកម្លាំងទាំងប៉ុន្មានទៅចូលហូបទៀត។ ខ្ញុំអត់មានហាមឃាត់ទេ គាត់ធ្វើកម្មវិធីហ្នឹងទាល់តែចប់ទៅ ខ្ញុំនៅឈរការពារហ្នឹងទៅ។ ខ្ញុំនេះដែរ មេបញ្ជាទៅ គា្រន់តែឱ្យទៅមើលឃើញមានការជួបជុំគ្នា ឃើញនៅអ៊ូរៗ ហ្នឹងគាត់(មេ)ឱ្យទៅមើល ខ្ញុំចូលទៅឃើញហូបនំបញ្ចុកហ្នឹង ខ្ញុំក៏ប្រាប់គាត់ទៅវិញទៅ»

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា រូបភាពបែបនេះ ជាការបំបិទសិទ្ធិសេរីភាពក្នុងការជួបជុំ ព្រមទាំងប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការចូលរួមជីវភាពនយោបាយផងដែរ។

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖«ពលរដ្ឋកម្ពុជាយើងមានសិទ្ធិក្នុងការធ្វើសកម្មភាពផ្នែកនយោបាយ ការជួបប្រជុំ ការប្រមូលផ្តុំ ការបញ្ចេញមតិយោបល់ក្នុងទស្សនៈរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាល។ ប៉ុន្តែ យើងឃើញហើយថា ការធ្វើសកម្មភាពទាំងអស់នេះ តែងមានការជ្រៀតជ្រែក​ពីរដ្ឋាភិបាលជាបន្តបន្ទាប់មក»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវបន្ថែមទៀតនៅថ្ងៃនេះ ​ទៅ​កាន់​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​របស់​លោក​ ឲ្យ​រៀបចំ​កម្មវិធី​ហូប​នំបញ្ចុក​ទូទាំង​ប្រទេស​នៅ​ចុង​សប្ដាហ៍​នេះ ដោយលោកហៅថាជា ការហូបនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិជាដើម។

ការណែនាំនេះ កើត​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី​ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ ក៏គ្រោង​រៀបចំ​ពិធី​ដូច​គ្នា​នេះ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ