សហរដ្ឋអាមេរិកជំរុញដល់ប្រទេសក្នុងតំបន់ទន្លេមេគង្គឲ្យរៀបចំយន្តការអភិវឌ្ឍន៍ឲ្យច្បាស់លាស់ពីគោលនយោបាយ ការរៀបចំបរិស្ថាន និងសុវត្ថិភាពរបស់ប្រជាជន ខណៈប្រទេសចិនកំពុងបង្កើនឥទ្ធិពលលើតំបន់នេះ។
សហរដ្ឋអាមេរិក តាមរយៈវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃនេះ ក្នុងការជំរុញដល់ប្រទេសនៅតាមដងទន្លេឡានឆាង និងមេគង្គ ឲ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងមានយន្តការក្នុងការអភិវឌ្ឍទាំងរយៈពេលខ្លី និងវែងឆ្ងាយក្នុងតំបន់នេះ។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក លោក Walter Douglas មានប្រសាសន៍ថា សហរដ្ឋអាមេរិកគាំទ្រជានិច្ចដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងឡាយនៅតាមបណ្ដាប្រទេសក្នុងតំបន់នេះតាមរយៈជំនួយផ្សេងៗដែលបានផ្ដល់ឲ្យ។
លោក Walter Douglas មានប្រសាសន៍ថា៖ «ហេតុនេះហើយបានរដ្ឋាភិបាលរបស់យើងសម្រេចចំណាយទាំងថវិកា ពេលវេលា ក្នុងការបង្កើតឲ្យមានកម្មវិធីនេះ និងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងក្នុងការបង្កើតជាចក្ខុវិស័យមួយសម្រាប់មនុស្សគ្រប់គ្នា»។
ទីប្រឹក្សាក្រសួងការបរទេសកម្ពុជា លោក ស៊ឹម វីរៈ មានប្រសាសន៍ថា លោកគាំទ្រចំពោះការបង្កើតនេះ ដោយថា វានឹងជួយឲ្យមានយន្តការច្បាស់លាស់សម្រាប់ប្រទេសក្នុងតំបន់ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន តាមរយៈជំនួយនានាមកកាន់តំបន់នេះ។ លោកបន្ថែមថា តំបន់មេគង្គ មិនគួរក្លាយជាទីតាំងនយោបាយរបស់ប្រទេសណាមួយឡើយ។
លោក ស៊ឹម វីរៈ មានប្រសាសន៍ថា៖ «វេទិកាមេគង្គមិនគួរក្លាយជាទីតាំងនយោបាយប្រឆាំងខាងណានោះទេ ដូចជា ប្រឆាំងចិន ប្រឆាំងអាមេរិក ប្រឆាំងជប៉ុន ប្រឆាំងកូរ៉េ ប្រឆាំងឥណ្ឌា ឬក៏ក្លាយជាទីតាំងភូមិសាស្ត្រនយោបាយខាងណានោះទេ ដែលធ្លាប់កើតមានរួចមកហើយកាលពីអតីតកាល»។
អគ្គនាយកនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក ពូ សុធីរៈ មានប្រសាសន៍ថា ជំនួយពីប្រទេសជាដៃគូមកកាន់តំបន់មេគង្គនេះមានទំហំច្រើនដែលអាចឲ្យប្រទេសនៅក្នុងតំបន់អាចទាញយកជាប្រយោជន៍បាន ជាពិសេសកម្ពុជា។ តែលោកថា ប្រទេសកម្ពុជាគួរមានយន្តការ និងការទទួលយកមួយដែលសមស្របដើម្បីជំរុញដល់ការអភិវឌ្ឍដ៏ត្រឹមត្រូវដល់ប្រទេសខ្លួន។
លោក ពូ សុធីរៈ មានប្រសាសន៍ថា៖ «ការស្វែងរកជំនួយពីបរទេសហ្នឹង គឺធ្វើម៉េចឲ្យវាត្រូវចំគម្រោងអាទិភាពរបស់យើងផង។ អ្វីដែលយើងចង់បានសំខាន់បំផុតនោះសម្រាប់កម្ពុជាយើងដែលទាក់ទងទៅនឹងការកាត់បន្ថយភាពក្រីក្រ និងការរៀបចំមួយដែលមានចីរភាព ហើយប្រកបទៅដោយផលប្រយោជន៍នៃការអភិវឌ្ឍហ្នឹង វាបានធ្លាក់ទៅដល់ខាងក្រោម»។
បើតាមលោក សុធីរៈ តំណាងប្រទេស និងអ្នកជំនាញដែលចូលរួមក្នុងកម្មវិធីនេះមានមកពីសហរដ្ឋអាមេរិក ចិន កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌា កូរ៉េ និងជប៉ុន។
កាលពីឆ្នាំ២០១៦ កន្លងទៅ ប្រទេសចិនផ្ដល់ជំនួយជាង ៣០០លានដុល្លារដល់ប្រទេសនៅតំបន់ទន្លេមេគង្គក្នុងការទទួលយក ដើម្បីបែងចែកទៅអភិវឌ្ឍប្រទេសរៀងខ្លួនសម្រាប់រយៈពេល៥ឆ្នាំ ក្នុងនោះប្រទេសកម្ពុជាបានទទួលគម្រោងចំនួន ១៤ ដែលមានតម្លៃប្រមាណ ១៤លានដុល្លារអាមេរិក៕