អង្គការសកម្មភាពដើម្បីកុមារ ដែលហៅកាត់ថា APLE បានលើកឡើងថា បទល្មើសទេសចរណ៍ផ្លូវភេទលើកុមារកម្ពុជាបានផ្លាស់ប្ដូរទម្រង់ថ្មីតាមរយៈកិច្ចការមនុស្សធម៌របស់ជនល្មើសដែលបានទិញទឹកចិត្តអាណាព្យាបាល និងជនរងគ្រោះ ដែលរដ្ឋាភិបាលត្រូវមានវិធានការជាបន្ទាន់។
ក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការពហុស្ថាប័នក្នុងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទក្នុងវិស័យទេសចរណ៍នៅព្រឹកនេះ នាយកប្រតិបត្តិអង្គការ APLE លោក សំលៀង សីលា មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការរាយការណ៍ពីការរំលោភបំពានផ្លូវភេទកុមារដោយជនបរទេសហាក់បានថយចុះ ដោយសារជនល្មើសបានប្រើប្រាស់រូបភាពថ្មីនៃការរំលោភបំពានផ្លូវភេទវិញ ដោយការទិញទឹកចិត្តក្រុមគ្រួសារជនរងគ្រោះដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការស៊ើបសួរ ទទួលព័ត៌មាន និងឃាត់ខ្លួន។
លោក សីលា មានប្រសាសន៍៖ «ជាក់ស្ដែង ពួកគាត់ជាជនរងគ្រោះ ពួកគាត់ស្ថិតក្នុងជីវភាពខ្វះខាត។ ដូច្នេះ ការទទួលការរំលោភបំពាននេះគឺដើម្បីដោះស្រាយនូវបញ្ហាជីវភាពដែលគ្រួសាររបស់ជនរងគ្រោះមួយចំនួនគឺពឹងផ្អែកលើការគាំទ្ររបស់ជនល្មើស អញ្ចឹង នៅពេលមានរឿងហ្នឹងកើតឡើង (ការរំលោភ)។ គាត់ បារម្ភពីការផ្ដាច់ទំនាក់ទំនង និងការជួយឧបត្ថម្ភហ្នឹងអញ្ចឹង នេះជាបញ្ហាប្រឈម»។
បើតាមលោក សីលា ក្រុមដែលងាយនឹងរងនូវការរំលោភបំពានផ្លូវភេទនេះ គឺជាក្រុមកុមារដែលរស់នៅតាមដងផ្លូវ កុមារអនាថា និងកុមារដែលនៅក្នុងគ្រួសារដែលងាយនឹងទទួលអំណោយតាមរូបភាពមនុស្សធម៌។
ស្នងការរងនគរបាលខេត្តសៀមរាប លោកស្រី ដួង ថាវរី ទទួលស្គាល់ថា មានករណីមួយចំនួនបើទោះបីសមត្ថកិច្ចស្រាវជ្រាវឃើញថា កុមារទាំងនោះកំពុងតែរងនូវការគំរាមនៃការបំពានផ្លូវភេទក៏ដោយ តែដោយសារក្រុមគ្រួសារជនរងគ្រោះទទួលបានផលប្រយោជន៍ពីជនសង្ស័យ នោះវាធ្វើឲ្យមានការលំបាកផងដែរក្នុងការស្រាវជ្រាវ និងប្រមូលភស្តុតាង។
លោកស្រី ដួង ថាវរី៖ «ជនរងគ្រោះដែលគាត់កំពុងតែទទួលបាននូវផលប្រយោជន៍ដោយការលួងលោមរបស់ជនសង្ស័យមួយចំនួននោះ ដែលគាត់បានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ក្រុមគ្រួសាររបស់គេ។ នៅពេលដែលយើងធ្វើការស៊ើបអង្កេត ឬក៏ធ្វើការសាកសួរស្អីដែលចូលទៅក្នុងសំណួរថា មានការកេងប្រវ័ញ្ច គេជេរយកៗតែម្ដង រហូតដល់មានកន្លែងខ្លះគាត់ចង់ប្ដឹងសមត្ថកិច្ចរបស់ខ្ញុំទៀត »។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិលោក ជីវ ផល្លី បានលើកឡើងថា សមត្ថកិច្ចមានការលំបាកក្នុងការតាមដានចំពោះករណីនេះ ដោយសារក្រុមគ្រួសារជនរងគ្រោះមិនសហការជាមួយសមត្ថកិច្ចដើម្បីមានវិធានការនោះទេ។
លោកបន្ថែមថា នៅពេលនេះ សមត្ថកិច្ចកំពុងមានស្វែងរកវិធានការបន្ថែមដើម្បីទប់ស្កាត់ដែលរួមមាន ការបង្កើនកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយពីបទល្មើសដល់ក្រុមជនងាយរងគ្រោះ ផ្ទះសំណាក់ សណ្ឋាគារ និងបន្ទប់ជួល ជាពិសេសពង្រាយភ្នាក់ងារសំងាត់នៅតាមទីតាំងដែលជនល្មើសងាយនឹងធ្វើសកម្មភាព ជាដើម។
លោក ជីវ ផល្លី៖ «កន្លងទៅ យើងបានអនុវត្តបានមួយចំនួនធំហើយ ហើយនៅចំណុចខ្លះៗដែលយើងត្រូវពង្រឹងឡើងវិញ ត្រូវពិនិត្យឡើងវិញ ដោយសារយើងត្រូវការតាមដានបន្ត និងធ្វើការងារបន្តពីការងារចាស់ និងបន្ថែមអ្វីដែលជាល្បិចកលថ្មី យើងធ្វើការឆ្លើយតបការបង្ការទប់ស្កាត់ល្បិចកលថ្មីទាំងនេះ »។
បើតាមរបាយការណ៍របស់អង្គការ APLE ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជនរងគ្រោះដែលជាកុមារមានអាយុចាប់ពី១២ ដល់១៣ឆ្នាំ មានចំនួនជាង១៥០នាក់ ដែលក្នុងនោះ ៥២ភាគរយជាក្មេងប្រុស ខណៈផ្ដន្ទាទោសជនល្មើសជាជនបរទេសបាន ៣២នាក់ ភាគច្រើនជាជនជាតិអាមេរិក អង់គ្លេស អូស្ត្រាលី និងបារាំង៕