ជនជាតិ​ម៉ុងតាញ៉ា​៤​នាក់ដែលស្វែង​​រក​សិទ្ធិ​ជ្រក​កោន ត្រូវ​បាន​បញ្ជូន​ទៅ វៀតណាមវិញ

ជនជាតិម៉ុងតាញ៉ា៤នាក់ ត្រូវបញ្ជូនទៅវៀតណាមវិញកាលពីព្រឹកថ្ងៃសុក្រទី១៤ខែមិថុនាឆ្នាំ២០១៩(រូបផ្តល់ឱ្យពីអ្នកធ្វើការងារការពារសិទ្ធិមនុស្ស)

ដោយ Danielle Keeton-Olsen               

មន្ត្រី​កម្ពុជា​បាន​បញ្ចូន​​ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា​បួន​នាក់​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ត្រឡប់​ទៅ​ប្រទេសវៀតណាមវិញ​ កាលពីថ្ងៃសុក្រម្សិលមិញ ខណៈ​ដែលអ្នកនៅសល់ជិត៣០​នាក់ផ្សេងទៀត​​នៅ​ទីក្រុងភ្នំពេញ​កំពុង​ស្ថិតក្នុ​ងភាព​មិន​ច្បាស់​លាស់។

តំណាង​ម្នាក់​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​នេះ​បាន​និយាយថា មន្ត្រីកម្ពុជា​បីរូប​បាន​អមដំណើរ​អ្នក​ស្វែង​រកសិទ្ធិជ្រក​កោន​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តាញ៉ា​បួន​នាក់​ចេញ​ពី​កន្លែង​ស្នាក់​នៅរបស់ពួកគេ​នៅ​សង្កាត់​ចោម​ចៅ​ក្នុង​ទីក្រុងភ្នំពេញ​តាំងពី​ម៉ោង​៥ព្រឹក​ ដើម្បី​បញ្ជូន​ពួកគេតាម​ផ្លូវ​គោក​​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀត​ណាម​វិញ។

ក្រុម​អ្នក​ស្វែង​រកសិទ្ធិ​ជ្រក​កោន​ទាំង​នេះ​បាន​ចាក​ចេញពី​ប្រទេសវៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ​២០១៥​ ដោយ​សារ​មាន​ការភ័យខ្លាចចំពោះ​​ការ​ធ្វើ​ទុក្ខ​បុកម្នេញមក​លើ​ការ​ប្រតិបត្តិ​សាសនាគ្រឹស្ត​របស់​ពួកគេ​និង​តួនាទី​របស់​ពួកគេ​ក្នុង​ការ​ជួយ​កងទ័ព​អាមេរិក អំឡុង​សង្គ្រាម​អាមេរិក ​វៀតណាម។

លោក Keane Shum ជា​អ្នក​នាំ​ពាក្យ​ការិយាល័យប្រចាំតំបន់​របស់​​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្ស​ស្ថិត​នៅ​ទីក្រុង​បាងកក​បាន​អះអា​ង​ថា ជនជាតិ​ដើម​ភាគតិច​បួន​នាក់នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចូន​ត្រឡប់​ទៅ​ប្រទេស​វៀត​ណាមវិញ។ លោក Shum បាន​និយាយថា ពួកគេ​បីនាក់ត្រូវ​បាន​វាយ​តម្លៃថា មិន​មែនជា​ជន​ភៀស​ខ្លួន​ទេ ចំណែក​អ្នក​ទី​បួន​បាន​ស្នើសុំ​ត្រឡប់​ទៅវិញ។

លោក​ តាន់ សុវិជ្ជា​ ប្រធាននា​យកដ្ឋាន​ជន​ភៀសខ្លួននៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះទេ។ ចំណែក​លោក ហូល សំរិទ្ធ​ ជា​មន្ត្រី​ទទួល​បន្ទុក​ទទួល​ពាក្យ​ស្នើសុំជាជនភៀសខ្លួន​នៅក្រសួង​មហាផ្ទៃ​ បាន​និយាយថា លោក​មិន​បាន​ទទួល​ព័ត៌មាន​ថ្មី​អំពី​ជន​ជាតិ​ដើម​ភាគតិច​ម៉ុង​តាញ៉ាទេ។

តំណែង​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តាញ៉ាបាន​និយាយថា មនុស្ស​ទី​បួនក្នុង​ចំណោម​ក្រុម​នេះ​បាន​សុំវិលត្រឡប់ទៅ​វិញ ដោយ​សារគាត់​មាន​ជំងឺ។​ តំណាងរូបនេះបាន​និយាយថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែលត្រូវ​គេបញ្ចូន​ត្រឡប់​ទៅវិញនេះ ​ដែល​រួម​ទាំង​ស្ត្រីម្នាក់​និង​ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ​ម្នាក់​ផងនោះ​ មក​ពី​ខេត្ត​ដាឡាក់និង​ហ្គៀឡៃ ហើយ​ពួកគេ​មាន​អារម្មណ៍​ក្រៀមក្រំ​​មិន​ចង់ទៅវិញទេ។

នៅពេលដែល​​បុរសទី​បួន​បាន​ស្នើ​សុំធ្វើ​មាតុភូមិនិវត្តន៍​ទៅវៀតណាមវិញ​នោះ ក្រុម​គ្រួសារដែលមាន​គ្នា​​បីនាក់នេះ ​ដែល​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ជ្រក​កោន​និយាយថា ពួកគេត្រូវ​បាន​រៀប​ចំ​ឲ្យ​​វិលត្រឡប់​ជាមួយ​បុរស​ទី​បួន​នេះ​ដែរ។ នេះបើ​តាម​ការ​អះអាងរបស់​លោកស្រី Denise Coghlan នាយិកា​អង្គការ​ Jesuit Refugee Services ដែលបាន​ផ្តល់មូលនិធិ​និង​ជួយ​ក្រុមម៉ុងតាញ៉ានៅទីក្រុង​ភ្នំពេញ។

លោក​ស្រី​ Coghlan បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ក្រុម​គ្រួសារនេះ​ថា មិន​មែនជា​ជនភៀសខ្លួនទេ ប៉ុន្តែ​បានអនុញ្ញាតឲ្យ​ពួកគេ​ស្នាក់នៅ​ ដោយ​សារ​ស្ត្រី​ម្នាក់គាត់​មាន​ទម្ងន់​ជិតគ្រប់ខែ​នៅពេល​ដែល​មាន​ការ​សម្រេចនោះ។ លោកស្រីបាន​និយាយទៀតថា៖ «​ខ្ញុំ​ចង់​ឃើញ​ក្រុមគ្រសារនេះ​ស្នាក់នៅ​ទីនេះ ប៉ុន្តែ​រដ្ឋាភិបាល​មិនបានធ្វើ​អ្វីផ្ទុយនឹងច្បាប់នោះដែរ»។

អង្គការ Jesuit Refugee Services គ្មាន​សកម្មភាពការងារ​នៅ​ក្នុង​ប្រទេសវៀតណាម​ទេ ប៉ុន្តែ​លោកស្រី Coghlan បាន​និយាយថា អង្គ​ការ​របស់​លោកស្រីនឹង​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទាំង​បួន​នាក់នេះ​ ដើម្បីឲ្យ​ដឹងថា តើ​ស្ថានភាព​ពួក​គេ​នឹងទៅជា​យ៉ាងណានៅពេល​ត្រឡប់​ទៅវិញ។

ក្រុមជនជាតិ​ដើម​ភាគតិច​នៅទីក្រុង​ភ្នំពេញ​ដែល​និយម​ហៅ​ដាដេហ្គាមាន​ដើម​កំណើត​នៅ​តំបន់​ខ្ពស់​រាប​ភាគកណ្តាល​ក្នុង​ប្រទេសវៀតណាម​ ប៉ុន្តែ​ពាក្យថា «ម៉ុងតាញ៉ា​» ត្រូវ​បាន​គេប្រើ​ប្រាស់​សម្រាប់​ក្រុម​ជនជាតិ​ដើម​ភាគតិចរស់​នៅ​តំបន់​ភ្នំ​រវាងប្រទេសកម្ពុជា​និង​ប្រទេសវៀតណាមផងដែរ។ ក្រុម​ជន​ជាតិ​ដើម​ភាគតិច​នេះបាន​ចាប់ផ្តើមឆ្លង​ចូល​មក​ប្រទេសកម្ពុជា​តាម​តំបន់​ព្រៃ​កាលពីឆ្នាំ​២០១៥ ដែល​តាម​សេចក្តីរាយការណ៍ថា មាន​ជាង​២០០​នាក់​សុំសិទ្ធិ​ជ្រក​កោន​បន្ទាប់ពី​ចាកចេញពីប្រទេសវៀតណាម។

ដំបូងឡើយ​ ប្រទេសកម្ពុជា​បានពិចារណា​ផ្តល់​សិទ្ធិ​ជ្រកកោន​​ដល់​ពួកគេមួយ​ចំនួន​ ប៉ុន្តែ​កាល​ពីឆ្នាំ​២០១៦​ លោក​ ខៀវ សុភក្រ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយថា ពួកគេ​មិន​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដើម្បី​ជាប់ជាជន​ភៀស​ខ្លួន​ទេ​ ពីព្រោះ​ពួកគេ​បាន​ចូល​មក​ប្រទេសនេះដោយ «ខុស​ច្បាប់»។ ផ្អែក​តាម​ព័ត៌មាន​ពី​ក្រសួង​មហាផ្ទៃ​ មាន​ជន​ជាតិដើម​ភាគតិច​ម៉ុងតាញ៉ា១៤០​​បាន​វិលត្រឡប់​ពី​ប្រទេសកម្ពុជា​ទៅប្រទេសវៀតណាម​វិញ​ ចាប់តាំងពី​ពួកគេ​ចាប់​ផ្តើម​ឆ្លង​ចូល​មកប្រទេស​កម្ពុជា​តាម​តំបន់​ព្រៃ​កាលពីឆ្នាំ​២០១៥។

អំឡុងពេល​នោះ រដ្ឋាភិបាល​កម្ពុជានិង​អង្គការសហប្រជាជាតិ​បានអះអាងថា ពួកគេ​ចង់​វិលត្រឡប់​ទៅ​ប្រទេសវៀតណាម​ ប៉ុន្តែ​ក្រុមជនជាតិ​ភាគតិចម៉ុងតាញ៉ា​ដែល​ត្រូវ​បាន​សម្ភាស​ដោយ​ក្រុម​អ្នក​កាសែត​ឆ្លើយ​ថា ពួកគេត្រូវ​បាន​បង្ខំឲ្យ​ចាកចេញពី​ប្រទេសកម្ពុជា។​

លោក​ស្រី Coghlan បាន​និយាយថា លោកស្រីសង្ឃឺម​ថា ជនជាតិដើមភាគតិច​ម៉ុង​តាញ៉ាបួន​នាក់​ ដែល​វិលត្រឡប់​ទៅ​វិញ​នេះ​អាចទាក់ទងជាមួយ​អ្នក​ដែល​បាន​វិលត្រឡប់ទៅ​រួច​ហើយ ហើយ​នឹង​រាយការណ៍​ពី​ស្ថានភាព​របស់ពួកគេ​ ដោយ​សារតែ​អង្គការ Jesuit Refugee Services គ្មាន​ការិយាល័យ​នៅក្នុង​ប្រទេស​វៀតណាម​ ហើយ​បានទទួល​ព័ត៌មាន​តិច​តួច​ណាស់​។

លោកស្រីបាន​និយាយថា៖ «ពេលខ្លះ​ [​ជនជាតិដើម​ភាគតិចម៉ុងតាញ៉ាដែល​ត្រូវ​បញ្ចូន​ត្រឡប់​ទៅវិញ​នោះនិយាយថា ] ពួកគេ​ជួប​ការ​លំបាក ហើយ​ពេលខ្លះ​ ក៏ងាយ​ស្រួល។ អ្នក​ខ្លះ​រាយការណ៍​ថា ក្រុម​គ្រួសាររបស់ពួកគេត្រូវ​ចាប់ដាក់ពន្ធនាគារ ប៉ុន្តែ​នោះគ្រាន់តែជាអ្វីដែល​ពួកគេ​រាយការណ៍​ ខ្ញុំមិន​បាន​ទៅឃើញ​ផ្ទាល់​នៅទីនោះទេ»។

ការគំរាម​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បញ្ចូន​ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា​ត្រឡប់ទៅប្រទេសវៀតណាមវិញ​បាន​បង្ខំឲ្យ​មនុស្ស​ជា​ង៥០​នាក់​ព្យាយាម​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ថៃ​កាល​ពីឆ្នាំ​២០១៧ ។ ការចាកចេញនេះបាន​រយាល​ទៅវិញ​នៅ​ដំណាច់​ឆ្នាំ​២០១៧ ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​បញ្ចូន​ចេញពី​កន្លែងស្នាក់នៅរបស់ពួកគេ​នៅ​សង្កាត់​ចោមចៅ​ទេ ចាប់ទាំងពីពេលនោះ​មក នេះបើតាម​ការលើកឡើង​ដោយតំណាង​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​​។

យោងតាម​របាយ​ការណ៍​កន្លង​មក វត្តមាន​របស់​នគរបាល​ប្រចាំការនៅ​កន្លែង​ស្នាក់នៅ​របស់ពួកគេ​បាន​កើត​ដល់​១០​នាក់​កាលពី​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​តំណាងដដែល​នេះ​បាន​និយាយថា មានតែ​មន្ត្រីនគរបាលមួយ​រូបប៉ុណ្ណោះឈរយាម​ បន្ទាប់ពី​អាជ្ញា​ធរ​ចាកចេញ​កាល​ពី​ថ្ងៃ​សុក្រ។

អំឡុង​ពេល​មាន​ការ​បង្រ្កាបលើ​ជន​បរទេសនៅប្រទេសកម្ពុជា​កាល​ពី​៦​ខែ​ដំបូង​នៃឆ្នាំ​២០១៦ លោក​ តាន់​ សុវិជ្ជា​ ប្រធាន​នាយកដ្ឋានអន្តោប្រវេសន៍​បាន​និយាយថា ជនជាតិដើមភាគតិច​ម៉ុង​តាញ៉ា​២៩​នាក់​ដែលនៅសល់ក្នុងប្រទេស​កម្ពុជា​នឹង​ត្រូវ​បញ្ចូន​ត្រឡប់​ទៅ​កាន់ប្រទេសវៀតណាមវិញ។ ទោះបីជា​យ៉ាងណា​ ទាំង​តំណាង​របស់​ជនជាតិដើម​ម៉ុងតាញ៉ា​និង​លោកស្រី Coghlan បាន​និយាយថា មាន​ជនជាតិដើម​ម៉ុង​តាញ៉ា​២៨​នាក់ទៀត​កំពុង​បន្តរស់នៅ​ បន្ទាប់ពី​មនុស្ស​បួន​នាក់នេះចាកចេញ​កាលពីថ្ងៃសុក្រ​។

បើទោះបីជា​មានសេចក្តីរាយការណ៍ឆ្នាំ​២០១៨​ក៏ដោយ លោកស្រី Coghlan បាន​និយាយថា ជនជាតិ​ដើម​ម៉ុង​តាញ៉ា​ដែលនៅសល់​នេះសុទ្ធតែ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ ហើយ​កំពុង​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​យាម​កាម​ ប៉ុន្តែ​សេរីភាព​របស់ពួកគេ​ត្រូវ​បាន​រឹតត្បិត​រួម​ទាំង​ការ​សិក្សាភាសាអង់គ្លេស​ ការធ្វើ​ដំណើរទៅផ្សារជិតៗ និង​ឱកាស​លេង​បាល់ទាត់កម្សាន្ត​នៅ​ខាងក្រៅ​ជាដើម។

ពួកគេអាចនឹង​ត្រូវ​បញ្ចូន​ទៅកាន់​ប្រទេសមួយទៀត​ឬក៏​ផ្តល់​សញ្ជាតិក្នុងប្រទេសកម្ពុជា​ ប៉ុន្តែ​លោក​ស្រី​ជឿថា រដ្ឋាភិបាល​កម្ពុជា​មិនទំនងជា​ពិចារណា​ផ្តល់​សញ្ជាតិ​ដល់ពួកគេនោះទេ។

លោកស្រី Coghlan បាន​និយាយថា “​ដោយ​មើល​ឃើញថា ពួកគេមួយចំនួន​បាន​រស់នៅកម្ពុជា​អស់រយៈពេល​បួន​ឆ្នាំ​មក​ហើយ​ ខ្ញុំ​ចង់​ឃើញ​ពួកគេ​មាន​ឱកាស​សាងជីវិត​ថ្មី”៕

ចូលរួមធ្វើសេចក្តីរាយការណ៍ដោយ ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ