រដ្ឋមន្ត្រី ​គ្រោង​ចុះ​ពិនិត្យ​លើ​ផ្លូវ​ផ្សេង​ទៀត ​ក្រោយ​រក​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​មិន​គ្រប់​គុណភាព

សកម្មភាពធ្វើផ្លូវថ្នល់នៅកម្ពុជា (រូបភាព៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​គ្រោង​ចុះ​ពិនិត្យ​លើ​ផ្លូវ​ផ្សេង​ទៀត​ដែល​មាន​ការ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ បន្ទាប់​ពី​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី និង​តម្រូវ​ឲ្យ​សាងសង់​ឡើង​វិញ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​លោក គង់ វិមាន មាន​ប្រសាសន៍​ថា​ចាប់​ពី​ពេល​នេះ​តទៅ​រដ្ឋមន្ត្រី​ក្រសួង​នឹង​ចុះ​ទៅ​ពិនិត្យ​លើ​ផ្លូវ​ដែល​កំពុង​សាងសង់​ដោយ​ខ្លួន​លោក​ផ្ទាល់​ ក្រោយ​ពី​មើល​ឃើញ​ថា​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​សាងសង់​ផ្លូវ​ដោយ​ពុំ​មាន​គុណភាព​តាម​កិច្ច​សន្យា​ដែល​បាន​ចុះ​ជា​មួយ​ក្រសួង​។

លោក​ថា៖ «គ្រប់​ផ្លូវ​ទាំង​អស់​យើង​សុទ្ធ​តែ​មាន​ការ​បែង​ចែក​តាម​ភារកិច្ច​ជូន​ទៅ​ឯកឧត្ដម​​រដ្ឋលេខាធិការ​ដែល​ទទួល​បន្ទុក​តាម​ផ្លូវ​នីមួយៗ អញ្ចឹង​ឯកឧត្ដម​រដ្ឋលេខាធិការ​លោក​កាន់​គម្រោង​ហ្នឹង​ផ្ទាល់​លោក​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើ​របាយការណ៍​ជូន​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ហើយ​ក្នុង​ករណី​ណា​ដែល​មិន​ប្រក្រតី​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​លោក​ចាត់​វិធានការ​ដូច​ ករណី​ផ្លូវ​ជាតិ​៦អា កន្លង​មក​ និង​ផ្លូវ​ជាតិ​លេខ​៣​ពី​កំពត​ទៅ​វាលរេញ​ដូច​គ្នា » ។

ទោះ​ជា​យ៉ាង​ណា ​លោក​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​រដ្ឋមន្ត្រី​ក្រសួង​នឹង​ចុះ​ពិនិត្យ​លើ​ផ្លូវ​ណា​បន្ត​ទៀត​។

កាល​ពី​សប្ដាហ៍​មុន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​លោក ស៊ុន ចាន់​ថុល បាន​ចុះ​ពិនិត្យ​ការ​សាងសង់​ផ្លូវ​ជាតិ​លេខ​៣ នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សាងសង់​ផ្លូវ​នេះ​កែតម្រូវ​ជា​បន្ទាន់​នូវ​ការ​សាងសង់​ក្រោយ​រក​ឃើញ​ថា​ផ្លូវ​នេះ ​ធ្វើ​ដោយ​គ្មាន​គុណភាព​ត្រឹមត្រូវ។

រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​នៅ​មិនទាន់​មាន​វិធានការ ​ឬ​ទណ្ឌកម្ម​ណា​ដាក់​ទៅ​លើ​ក្រុមហ៊ុន​ ឬ​អ្នក​ពាក់​ព័ន្ធ​ នៅ​ពេល​​រដ្ឋ​រក​ឃើញ​ថា​ការ​សាងសង់ផ្លូវ​នោះ​ពុំ​អនុវត្តន៍​តាម​កិច្ច​សន្យា​នោះ​ទេ​ក្រៅ​ពី​បញ្ជា​ឲ្យក្រុមហ៊ុន​សាងសង់​​កែ​តម្រូវតាម​កិច្ច​សន្យា​​តែ​ប៉ុណ្ណោះ។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ មាន​ប្រសាសន៍​ប្រាប់​VOD កាល​ពី​ចុង​សប្ដាហ៍​មុន​ថា​ ការ​ចុះ​ទៅ​ពិនិត្យ​គឺ​ជា​រឿង​មួយ​ដែល​ត្រូវ​អនុវត្តន៍​ តែ​ថា​វា​មិន​ទាន់​ចំ​ចំណុច​ដែល​អាច​លុប​បំបាត់​បញ្ហា​នេះ​ទាំង​ស្រុង​នោះ​ទេ​។ លោក​ឲ្យ​ជា​យោបល់​ថា​ដើម្បី​ធានា​ការសាងសង់​ផ្លូវ​ប្រកបដោយ​គុណភាព​ រដ្ឋមន្ត្រី​ក្រសួង​នេះ​ ត្រូវ​ទប់ស្កាត់​កុំ​ឱ្យ​មានអំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ពីសំណាក់​មន្ត្រី​ខ្លួន​ក្នុង​ការ​ជ្រើសរើស​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​ និង​ការ​ដេញ​ថ្លៃ​គម្រោង​ជាដើម​ ទើប​វិធានការ​ដោះស្រាយ​ចំ​បញ្ហា​។ ​

លោក​មានប្រសាសន៍ថា៖ «គេ​ត្រូវ​មាន​វិធានការ​ទៅលើ​មន្ត្រី​បច្ចេកទេស​ ក្នុង​កម្រិត​មន្ត្រី​ផ្នែក​សាងសង់​ផ្លូវ​ហ្នឹង ហើយ​បើ​វា​ជា​ទម្រង់​មួយ​ធំ​ កន្លែង​ហ្នឹង​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាច់​ប្រាប់​ទេ ​ត្រូវ​បើក​ការស៊ើបអង្កេត​ទៅលើ​អំពើ​ពុករលួយ​​ណា​មួយ​ដែល​អាច​កើតមាន​ »។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​​គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​​លោក ស ខេង កាល​ពី​ឆ្នាំ​២០១៨ បាន​រិះគន់​ការ​សាងសង់​ផ្លូវ​មួយ​ចំនួន​​ដែល​ថា​ហាក់​មិន​បាន​បំពេញ​នូវ​គុណភាព​ ដើម្បី​បំរើ​ការ​ប្រើប្រាស់​បាន​ជាប់​ល្អ​នោះ​ទេ ដោយ​លោក​លើក​ឡើង​ពី​ការ​សាងសង់​ផ្លូវ​មួយ​ចំនួន​ដែល​រួមមាន​ផ្លូវ​ជាតិ​លេខ៨ ផ្លូវជាតិ​លេខ​៦អា​ជា​ដើម​។

​បច្ចុប្បន្ន​នេះ ផ្លូវថ្នល់​រួម​ទាំង​ផ្លូវជាតិ និង​ផ្លូវ​ខេត្ដ​មាន​ប្រវែង សរុប១៦ ២៩២គីឡូម៉ែត្រ ក្នុង​នោះ​ចាក់កៅស៊ូ និង​បេតុង​ប្រវែង​៨ ៥២៦គីឡូម៉ែត្រ ស្មើ​នឹង​ជាង​៥២ភាគរយនៃប្រវែងផ្លូវសរុបនៅទូទាំងប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់​ថ្លែង​ថា ក្នុង​មួយ​ឆ្នាំ​រដ្ឋាភិបាល​ចំណាយ​លុយជិត២០០លានដុល្លារ​ដើម្បី​ជួសជុល និង ថែទាំ​ផ្លូវ​ទូទាំង​ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ