អាមេរិកផាកពិន័យក្រុមហ៊ុនចិន ចោទថាលួចយកទំនិញបន្លំតាមកម្ពុជា

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក Arend Zwartjes ។ រូបភាព៖ វេបសាយបរទេស

សហរដ្ឋអាមេរិក​បាន​ស្រាវជ្រាវ និង​ពិន័យ​ដល់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​នេះ​ដោយ​ប្រើប្រាស់​ឈ្មោះ និង​ទឹកដី​កម្ពុជា។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក Arend Zwartjes បាន​ប្រាប់​រ៉យទ័រ​ ថា ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​អាមេរិក​បាន​ត្រួត​ពិនិត្យ​ និង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក ដោយ​ថា ​ក្រុម​ហ៊ុន​ទាំង​នេះ​បាន​​បញ្ជូន​ទំនិញ​ពី​ចិន​ទៅ​សហរដ្ឋអាមេរិក​តាម​រយៈ​ប្រទេស​កម្ពុជា​ ដើម្បី​គេច​ពី​ការ​បង់ពន្ធ ឬ​បង់​ពន្ធ​ក្នុង​កម្រិត​លើក​លែង។

ទោះ​ជា​យ៉ាង​ណា​ លោក Arend Zwartjes មិន​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ដែល​ត្រូវ​ពិន័យ​នោះ​មាន​ប៉ុន្មាន​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ​ក្រុមហ៊ុន​ចិន​ទាំង​នោះ​មាន​ទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន អាមេរិក បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​តំឡើង​ពន្ធ​នាំ​ចូល​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ដោយ​ក្នុង​នោះ ​ប្រទេស​ចិន​ត្រូវ​មើល​ឃើញ​ថា ​កំពុង​រង​ការ​ខាតបង់​ច្រើន​ជាង​​។

​​កាលពីថ្ងៃទី២៣ ខែ​មីនា ឆ្នាំ​២០១៨​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថ​​លេខា​ឲ្យ​​បន្ត​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ ហៅ​កាត់​ថា GSP ដល់​កម្ពុជា​ដោយមានសុពលភាពរហូតដល់ចុងឆ្នាំ២០២០។

តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​ក្នុង​ត្រីមាស​ទី​១​ នៃ​ឆ្នាំ២០១៩​ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​អាមេរិក​​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង ១ពាន់​លាន​ដុល្លារ កើនឡើង ២៤ភាគរយ ​បើ​ធៀប​​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ