លោក ហ៊ុន សែន ប្រកាសជាថ្មីថាមិនអោនក្បាលចំពោះការគាបសង្កត់របស់បរទេសឡើយ

រូបភាពពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាថ្មីទៀត ថាខ្លួននឹងមិនញុះញ៉មឬ អោនក្បាលចំពោះការគាបសង្កត់ឬ គំរាមកំហែងរបស់បរទេសណាមួយនោះឡើយ។

ថ្លែងក្នុងពិធីរំឭកខួបលើកទី៦៨នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកនេះ លោកហ៊ុន សែន បានបញ្ជាក់ជំហថាកម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនផ្តល់ឱកាសសម្រាប់ឱ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួននោះដែរ។

លោកបានថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកកន្លងមកធ្លាប់រងនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ពីសំណាក់ប្រទេសខាងក្រៅរួចទៅហើយ។ ដូច្នេះរដ្ឋាភិបាលរបស់លោកពេលនេះ ក៏មិនត្រូវឱនក្បាលចំពោះមុខការគាបសង្កត់ឬ ការគំរាមកំហែងណាមួយទៀតនោះដែរ ដោយថា ការមិនអោនក្បាលរបស់រដ្ឋាភិបាលលោក ជាកិត្តិយសរបស់ជាតិ។

លោកមានប្រសាសន៍ថា៖ «យើងមិនត្រូវអោនក្បាលចំពោះមុខការគាបសង្កត់ឬ ការគំរាមកំហែងណាមួយឡើយ។ យើងធ្លាប់ទទួលរងរួចមកហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុតពីសំណាក់ប្រទេសក្រៅ។ ការមិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង។ វាជាការប្រមាថដ៏ធ្ងន់ធ្ងរសម្រាប់ជាតិយើង ប្រសិនបើយើងយកអធិបតេយ្យជាតិយើង ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយពីខាងក្រៅ»។

ការថ្លែងរបស់លោកហ៊ុន សែន ចំពោះភាពមិនចុះញ៉មជាមួយបរទេសនេះ មិនមែនជាលើកទីមួយទេ ដែលគេដឹងថាជាការឆ្លើយតបទៅនឹង​សហភាពអឺរ៉ុប ​ ចំពោះការព្រមាន​អំពីលទ្ធភាពឆ្ពោះទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ប្រសិនបើរដ្ឋាភិបាលនេះមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស​ឡើងវិញ​។

ក្រៅពីការប្រកាន់ជំហមិនអោនក្បាលចំពោះការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាពីសំណាក់សហគមន៍អន្តរជាតិ លោក ហ៊ុន សែន ក៏ធ្លាប់បានប្រកាសថាលោកនឹងយកហេតុផលនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ដើម្បីកម្ទេចជីវិតក្រុមប្រឆាំង មិនឱ្យក្រុមនេះអាចមានកម្លាំង​ចូលរួមការបោះឆ្នោតឆ្នាំ២០២២និង២០២៣ឡើយ។

រដ្ឋាភិបាលលោកហ៊ុន សែន ក៏បានប្រកាសពីកំណែទម្រង់ផ្ទៃក្នុង និងកែទម្រង់លើវិស័យឯកជនមួយចំនួន ដើម្បីត្រៀមទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធណាមួយកើតឡើងទៀតផង។

ចំណែកអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី កាលពីថ្ងៃទី២៦ មិថុនា បានប្រកាសថ្កោលទោស និងដាក់បន្ទុកទៅលើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា ប្រព័ន្ធ EBA របស់អឺរ៉ុបមែននោះ។

លោកបន្ថែមថា៖ « បើលោក ហ៊ុន សែន មិនព្រមធ្វើតាមសំណើរបស់អឺរ៉ុបទេ គឺលោក ហ៊ុន សែន ហ្នឹងហើយជាអ្នកទទួលខុសត្រូវ ធ្វើឲ្យកម្មករបាត់បង់ការងារ ឲ្យប្រជាពលរដ្ឋជួបការលំបាក គឺលោក ហ៊ុន សែន ហ្នឹងហើយអ្នកទទួលខុសត្រូវ។ មានអីពិបាក ដោះលែងលោក កឹម សុខា មានអីពិបាក ឥឡូវទម្លាក់ចោលការចោទប្រកាន់វិញទៅ ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទៅ មានអីពិបាក»។ »

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានលើកឡើងថា​​ការសម្របសម្រួលណាមួយដើម្បីផលប្រយោជន៍ជាតិ ពុំមែនជាការអោនក្បាលនោះទេ។ កញ្ញាថា សម្រាប់ការទាមទាររបស់អឺរ៉ុប និងអាមេរិក ឱ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនោះ គឺពុំមែនស្ថិតនៅក្នុងទម្រង់ដែលអូសទាញឱ្យកម្ពុជាដើរលើផ្លូវអាក្រក់នោះឡើយ។

កញ្ញាបន្ថែមថា៖ «ខ្ញុំចង់លើកឡើងថា តើយើងគិតថាវាជាការអោនក្បាល ហើយទីប៉ុណ្ណោះសហភាពអឺរ៉ុប នឹងដកប្រព័ន្ធអនុគ្រោះពន្ធ សួរថាការអោនក្បាលឬ ការបាត់បង់ប្រយោជន៍ជាតិមួយណាសំខាន់ជាង? ដែលយើងមើលឃើញពីផលប៉ះពាល់នៃការ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក»។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

ក្រោយការប្រកាសរបស់អឺរ៉ុបមួយថ្ងៃ សហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភចំពោះបញ្ហានេះ ដោយអាមេរិក​​បង្ហាញផ្លូវថា ​កម្ពុជា​​នៅតែ​មាន​​ឱកាសក្នុងការជៀសផុតពីផល​អវិជ្ជមាន​ផ្នែកសេដ្ឋកិច្ច​ នៃការដកប្រព័ន្ធការអនុគ្រោះពន្ធ EBA ដោយគ្រាន់តែធ្វើតាមការទាមទាររបស់អឺរ៉ុប ដូចជាស្តារ​ឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ ពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា។

ប្រទេសមហាអំណាចមួយនេះ បានទាមទារឱ្យរដ្ឋាភិបាលទម្លាក់​ចោល​​នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់​តាមទំនើងចិត្តទាំងអស់ ប្រឆាំង​នឹងអ្នក​ទោស​នយោបាយដទៃទៀត ហើយអនុញ្ញាតអោយ​​សហជីព អង្គការ​សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត​នៃ​​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិត។

អាមេរិក ក៏បាន​ណែនាំផងដែរ​ ឲ្យ​​មេដឹកនាំកម្ពុជាតម្កល់សុខុមាល​​​ភាពរបស់ប្រទេសឲ្យ​ខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ