រដ្ឋសភា​ព្រមឱ្យ​ក្រុមហ៊ុន​វិនិយោគ​ថាមពល​អគ្គិសនី​បន្ថែម​នៅ៣ខេត្ត​

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា​ សភា​បាន​យល់ព្រម​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ថាមពល​អគ្គិសនី​បន្ថែម​នៅ​ខេត្ត​ចំនួន៣​ ដើម្បី​ធានា​ដល់​ការ​ផ្តត់​ផ្គង់​ឲ្យមានតម្លៃ​ទាប​។

អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឡេង​ ប៉េង​ឡុង​ ប្រាប់​ VOD ​​ថា​ សភា​កាលពីថ្ងៃចន្ទម្សិលមិញ​ ​បាន​អនុម័ត​លើ​សេច​ក្តី​ព្រាងច្បាប់​ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ថាមពល​អគ្គិសនី​នៅ​ខេត្តពោធិ៍សាត់​ កំពង់ស្ពឺ​ និង​កំពង់ឆ្នាំង​។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​ ទីតាំង​ផលិត​ថាមពល​អគ្គិសនី​ទាំងនេះ​ មាន៣ទីតាំង​ ដំឡើង​ផ្ទាំង​សូ​ឡា​ដើម្បី​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​និង១ទីតាំង សិក្សាគម្រោង​វារីអគ្គិសនី​ទាញ​ចេញពី​ស្ទឹង​ពោធិ៍សាត់​ ។

លោក​ ឡេង​ ប៉េង​ឡុង​ ឲ្យដឹងទៀតថា ការដែល​សភា​យល់ព្រម​បែប​នេះ ​ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​ និង​បញ្ចុះតម្លៃអគ្គិសនី​​ដល់​អ្នកប្រើ​ប្រាស់​ ។

លោក មានប្រសាសន៍​ថា​៖ «យើង​សព្វថ្ងៃ​នៅ​ទិញ ​[អគ្គិសនី​] ពី​ប្រទេស​ថៃ​ និង​វៀតណាម​ ដូច្នេះ​ វា​អត់​ទាន់​គ្រប់​ទេ​។ យើង​ខំ​ផលិត​អគ្គិសនី​ឱ្យ​កាន់តែ​ច្រើន​ ដើម្បី​ឱ្យ​វា​មានតម្លៃ​កាន់តែ​ថោក ​ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ប្រើប្រាស់​ផង​ ជំរុញ​ដល់​ការ​អភិវឌ្ឍ​ផង​»។

បើ​តាម​សេច​ក្តី​ប្រកាស​របស់​រដ្ឋសភា​ ចុះថ្ងៃទី១ ខែកក្កដា ការយល់ព្រម​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ថាមពល​អគ្គិសនី​បន្ថែម​​នេះ​ នឹង​ទទួល​បានការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ២៨០​មេ​ហ្គា​​វ៉ាត់​បន្ថែម​ទៀត​។

នៅដើម​ឆ្នាំនេះ​ ការ​ផ្គ​ត់​ផ្គង់​អគ្គិសនី​ ត្រូវ​កាត់​ផ្តាច់៦ម៉ោង​ក្នុង១ថ្ងៃ ​ដែល​អគ្គិសនី​កម្ពុជា​បំភ្លឺ​ថា មកពីកម្ពុជាជួបបញ្ហា​អាកាសធាតុ​ក្តៅ។ ករណីនេះ​ បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ពលរដ្ឋ ​និង​អ្នក​វិនិយោគ​។

ប៉ុន្តែ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំឡុង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ នា​ចុងខែ​ឧសភា ​បាន​លើកឡើង​ថា​ បញ្ហា​កង្វះ​អគ្គិសនី​នឹង​លែងកើត​មាន​ទៀតហើយ​។

បើតាមមេដឹកនាំ​រូប​នេះ​ កម្ពុជា​នឹង​បន្ថែម​ការ​ផ្គត់ផ្គង់​ក្នុង​បរិមាណ ៥០០មេ​ហ្គា​វ៉ាត់​បន្ថែម​ទៀត​ពី​ប្រភព​នានា ​រួម​ទាំង​ពន្លឺ​ព្រះអាទិត្យ​ បញ្ជូន​ម៉ាស៊ីន​អគ្គិសនី​ពី​ប្រទេស​ហ្វាំងឡង់​ ចំនួន​ ២០០មេ​ហ្គា​វ៉ាត់ ​និង​ពី​ប្រទេស​អាល់​ឡឺម៉​ង់​ ចំនួន​ ២០០មេ​ហ្គា​វ៉ាត់​ ដើម្បី​យក​មក​បម្រុងទុក​ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ