លោក ហ៊ុន សែន អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​និង​ពលរដ្ឋ​ត្រូវ​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​អគ្គិសនី

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ប្រមុខ​រដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ និង​ជាពិសេសទៅដល់ស្ថាប័នរដ្ឋ​ទូទាំងប្រទេស​ ចូលរួម​​សន្សំ​​សំចៃនូវ​ការប្រើប្រាស់អគ្គិសនី ក្រោយតម្លៃអគ្គិសនី​ឈានដល់ដំណាក់កាល​ខាតបង់​ក្នុងទំហំទឹកប្រាក់ប្រមាណ​ជាង១០០លាន​​ដុល្លារ។

ក្នុង​ពិធី​ជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅ​ព្រឹក​​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានអំពាវនាវដល់ប្រជាពល​រដ្ឋ និង​បណ្ដាស្ថា​ប័ន​ជាតិ​ទាំង​អស់ ឱ្យខិតខំសន្សំសំចៃនូវការប្រើប្រាស់អគ្គិសនី ខណៈនេះជាលើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អគ្គិសនី​កម្ពុជា ដែលបានឈានចូលដល់ដំណាក់កាលនៃការខាតបង់។

លោក​បន្តថា ការខាតបង់ទៅលើបញ្ហាអគ្គិសនីនេះកើតឡើង​ក្រោយ​មានវិបត្តិសង្គ្រាម​រវាងរុស្ស៊ី និង​អ៊ុយ​ក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​គ្នា ដែលធ្វើឱ្យវិបត្តិថាមពលកើតឡើងពេញបន្ទុកនៅលើពិភពលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំសូមអំពាវនាវ​គ្រប់ទីកន្លែងទាំងអស់ឱ្យយកចិត្តទុក​ដាក់​ទៅ​លើ​ការ​សន្សំ​សំចៃ​ភ្លើង [អគ្គិសនី] ហើយ​ចាប់​ផ្ដើម​ពី​ស្ថាប័ន​រដ្ឋដែល​ប្រើ​ប្រាស់​ដោយ​ថវិកាជាតិ ព្រោះបើមិនអ៊ីចឹង​ទេ គឺយើងនឹងទទួលការខាតបង់​កាន់តែធំ។ ក្នុងឆ្នាំនេះ​ តាមការគិត យើង​ខាតប្រមាណ​ជាង១០០​លាន​ដុល្លារ ដែលត្រូវខាតបង់ ដែល​ផ្ដើមចេញពីសង្គ្រាមរុស្សី-អ៊ុយក្រែន​ម្ខាង តែម្ខាង​ទៀត​ផ្ដើមចេញពីការដាក់ទណ្ឌកម្ម»។

ទាក់ទិននឹងបញ្ហាអគ្គិសនីនេះដែរ លោកថា រដ្ឋាភិបាល​បានជួបពិភាក្សាជាមួយមន្ត្រីជំនាញ​ កាល​ពីថ្ងៃម្សិលមិញ ដើម្បីរាយការណ៍អំពីវិធានការទាំងឡាយ ដែលក្នុងនោះ ​រដ្ឋាភិបាលគ្រោងនឹង​ប្រកាសការបញ្ចុះថ្លៃអគ្គិសនី​នៅចុងឆ្នាំ២០២២នេះ ប៉ុន្តែ​គម្រោង​​បញ្ចុះថ្លៃអគ្គិសនី​នេះ​មិនអាច​ធ្វើទៅបាន ដោយសារតែ​បញ្ហា​សង្គ្រាម​នៅអ៊ុយក្រែន​ ដែល​ធ្វើឱ្យ​មានវិបត្តិ​ថាមពលនេះកើតឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ