អង់គ្លេស-ចិន បន្តវាយប្រហារគ្នាដោយពាក្យសម្តីធ្ងន់ៗជុំវិញបញ្ហាហុងកុង

លោកប្រធានាធិបតីចិន ស៊ី ជីនពីង។ រូបភាព៖ វេបសាយបរទេស

មន្រ្តីការទូតអង់គ្លេស និងចិន បន្តបោះពាក្យសម្តីដាក់​គ្នាខ្លាំងៗពាក់ព័ន្ធនឹងការធ្វើបាតុកម្ម​តវ៉ា​របស់​ពលរដ្ឋហុងកុង​។

កាលពីថ្ងៃ​ទី​១ ខែកក្កដា ក្នុងពេល​ដែល​រដ្ឋាភិបាល​ប្រារព្ធខួប​២២ឆ្នាំដែល​អង់គ្លេស​ប្រគល់​ទឹក​ដី​ហុងកុងឲ្យ​ចិន​ ពលរដ្ឋហុងកុង​​បាន​នាំគ្នាធ្វើបាតុកម្ម។ ក្រុមបាតុករបាន​​សម្រុក​ចូល​ក្នុង​អគារ​សភា​ហុងកុង ដែល​ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​បាញ់​ឧស្ម័នបង្ហូរទឹក​ភ្នែក​បំបែក​ពួកគេ។

ក្រុមបាតុករបាន​ទាមទារ​ឱ្យរដ្ឋាភិបាលទម្លាក់​ចោល​ទាំងស្រុង​សេចក្តី​ស្នើច្បាប់ធ្វើ​​បត្យាប័ន​អ្នកទោស​ ស្នើឱ្យ​មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam ចុះ​ចេញ​ពីតំណែង និង​ស៊ើបអង្កេត​ការប្រើ​ប្រាស់​អំពើហិង្សា​របស់​ប៉ូលី​សទៅលើ​ក្រុមបាតុករ។​

ប្រមុខការទូតអង់គ្លេស លោក Jeremy Hunt បាន​សរសេរនៅលើបណ្ដាញ​Twitter របស់លោកកាលពីថ្ងៃទី១ ខែកក្កដា​ ថា​អង់គ្លេសគាំទ្រពលរដ្ឋហុងកុងក្នុងការប្រើប្រាស់​សិទ្ធរបស់​ពួកគេ​ក្នុងការ​ធ្វើបាតុកម្ម​ដោយអហិង្សា។ ទោះយ៉ាងណាក៏ដោយ លោកនៅតែទទូចឲ្យ​ក្រុមបាតុករ​ទាំងនោះ​បញ្ចៀសឲ្យ​បាន​នូវការប្រើហិង្សា ហើយត្រូវធ្វើអ្វី​ឲ្យ​ស្រប​ទៅ​តាមច្បាប់។

រដ្ឋមន្រ្តីការបរទេស​ អង់គ្លេសរូបនេះ ក៏បាន​ផ្ញើសារទៅកាន់​រដ្ឋាភិបាល​ចិន​ផងដែរក្នុង ​Twitter ដែលលោកបង្ហោះកាល​ពីថ្ងៃទី៣ ខែកក្កដា។ លោក​ បានសរសេរ​ថា ​ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ គឺផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការគោរពកិច្ចព្រមព្រៀងរួម​ដែល​បាន​ធ្វើជាមួយគ្នា។ លោក បញ្ជាក់ថា នេះ​ជាវិធី​ល្អបំផុតដើម្បី​រក្សាទំនាក់​ទំនង​រវាងអង់គ្លេស​ និងចិន។

ឯកអគ្គរាជទូតចិនប្រចាំទីក្រុង​ឡុង​ លោក Liu Xiaoming បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ​ថា​ ការថ្លែងរបស់ប្រមុខការទូតអង់គ្លេស លោក Jeremy Hunt បាន​បំផ្លាញ​ដល់ទំនាក់​ទំនងរវាងប្រទេស​ទាំងពីរ​។ លោក Liu Xiaoming បានបញ្ជាក់​ស្រដៀងគ្នានឹងលោក Jeremy Hunt ដែរ ដោយថា​ ​ទំនាក់​ទំនងរវាងចិន និង​អង់គ្លេស​ ត្រូវមានការគោរពគ្នាទៅវិញ​ទៅមក​ជាមូលដ្ឋាន។ លោក ព្រមាន​​ថា ​ប្រសិន​បើ​អង់គ្លេសនៅតែ​មិនទទួលស្គាល់​ពី​អធិបតេយ្យភាព​របស់​ចិន​លើ​ដែនដី​ហុងកុង ហើយនូវតែបន្ត​លូកដៃចូលកិច្ចការផ្ទៃក្នុង​ដែនកោះមួយនេះ  នោះ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរនឹង​អាចមានបញ្ហា​ច្រើនជាងនេះ។

ចាប់តាំងពីថ្ងៃចន្ទមក អ្នកនាំពាក្យ​ក្រសួងការបរទេសចិន តែងតែប្រើ​វេទិការសន្និសីទសារព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ វាយប្រហារ​ និង​ឆ្លើយតប​ទៅនឹងភាគី​អង់គ្លេសជុំវិញ​ការ​អត្ថាធិប្បាយនានាទាក់​ទងនឹងបាតុកម្ម​របស់​ពលរដ្ឋហុងកុង។

អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក Geng Shuang បាន​ថ្លែងកាលពីម្សិលមិញថា​ ប្រមុខការទូតអង់គ្លេស​ហាក់​ស្ថិត​នៅក្នុងភាព​ស្រមើស្រមៃពី​អនុត្តរភាព​នៃ​អាណានិគមរបស់​ខ្លួន ហើយនៅតែ​រិះគន់​អ្នកដទៃថាអន់​ជាង​ខ្លួន។

លោកថា ​ចាប់​តាំងពីអង់គ្លេស​ប្រគល់​ដែនដី​ហុងកុងឲ្យ​ចិន​វិញ​នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧មក ដែនកោះ​នេះត្រូវស្ថិតក្រោមការ​គ្រប់​គ្រងតាម​រដ្ឋធម្មនុញ្ញរបស់​ចិន​។ លោក បន្ថែម​ថា ​អង់គ្លេស​គ្មាន​អធិបតេយ្យភាព និង​សិទ្ធិណាមួយ​ដើម្បីគ្រប់គ្រងហុងកុងទៀតឡើយ ហើយគ្មានសូម្បី​តែ​អះអាងពីទំនូល​ខុសត្រូវណាមួយ។

លោក Geng Shuang បាន​ចោទសួរទៅអង់គ្លេស​ផងដែរ ថាតើ​ហុងកុងនៅពេលដែលគ្រប់គ្រងដោយ​​អង់គ្លេស​មាន​ប្រជាធិបតេយ្យ​ដែរឬទេ។ លោកថា កាលនោះប្រជាពលរដ្ឋហុងកុងគ្មាន​ឡើយ​សូម្បី​តែ​សិទ្ធិធ្វើការ​តវ៉ា​តាម​ដងផ្លូវ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្តថា ​ចាប់​តាំងពី​​អនុវត្តគោលនយោបាយ«ប្រទេសមួយ ប្រព័ន្ធពីរ» ពលរដ្ឋហុងកុងបាន​សប្បាយរីករាយ​ក្នុងការប្រើប្រាស់សិទ្ធិ និងសេរីភាព​តាមបែបប្រជាធិបតេយ្យ។

លោក Geng Shuang  បាន​ហៅ​បាតុកម្ម​កាលពីថ្ងៃចន្ទថា ជាការជាន់ឈ្លី​នីតិរដ្ឋ និងបំផ្លាញ​ស្ថិរភាពរបស់​ដែនដីហុងកុង។ ក្រុងប៉េកាំង​ បានប្រកាស​គាំទ្រ​រាល់​ចំណាត់​ការរបស់​រដ្ឋាភិបាល​ហុងកុ​ង​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ ការ​រីកចម្រើន និង​ស្ថិរភាព​ដែនកោះមួយនេះ។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន​ Sraits​ Times របស់​សឹង្ហបុរី គិតមកត្រឹម​ថ្ងៃទី​៤ ខែកក្កដានេះ អាជ្ញាធរហុងកុងបាន​ចាប់​ខ្លួន​បាតុករ​ចំនួន​១២នាក់ដែល​ពាក់​ព័ន្ធ​នឹងបាតុកម្ម​កាល​ពីថ្ងៃ​ទី១ ខែកក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ