លោក ស ខេង ថាការប្តឹង សម រង្ស៊ី ជាការព្រមានអ្នកនយោបាយផ្សេងទៀតឱ្យប្រកាន់សេចក្តីថ្លៃថ្នូរ

លោក សម រង្ស៊ី និងលោក ស ខេង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ការសម្រេចចិត្តប្តឹងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួនឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ។

លោក ស ខេង អះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះទៀតថា ការប្តឹងនេះក៏ជាការព្រមានទៅអ្នកនយោបាយផ្សេងទៀត ថាត្រូវចៀសវាងការប្រឌិតព័ត៌មានសម្រាប់ញុះញង់ បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ក្រុមដទៃ ក្នុងគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួននោះឡើយ។ 

ទំព័រហ្វេសប៊ុករបស់លោក ស ខេង សរសេរថា៖ «​នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី។ ការសម្រេចចិត្តដាក់ពាក្យ​បណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួនឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់ បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន»។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល ថាការប្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបលោក និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានលោក សម រង្ស៊ី ​លាបពណ៌ និងចោទប្រកាន់បំភ្លៃការពិតផងដែរ ។

កាលពីថ្ងៃទី១ ខែកក្កដា ក្រុមមេធាវីរបស់លោក ស ខេង ចំនួន៣នាក់ បានសម្រេចដាក់ពាក្យប្តឹងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការប្តឹងនេះ ក្រោយពេលលោក សម រង្ស៊ី កាលពីដើមខែមិថុនា បានសរសេរ និងផ្តល់បទសម្ភាសន៍ឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដោយលើកឡើងពីមរណភាពរបស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី កាលពីឆ្នាំ២០០៨ ​ជាការរៀបចំឡើងដោយដន្លងរបស់ខ្លួន គឺលោក ហ៊ុន សែន។

លោក សម រង្ស៊ី អះអាងពេលនោះថា បច្ចុប្បន្ន កូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិរូបនេះ គឺលោក ឌី វិជ្ជា កំពុងមានផែនការសងសឹកឱ្យឪពុករបស់ខ្លួនវិញ ដោយថា ផែនការសងសឹកនេះមានការគាំទ្រពីលោក ស ខេង តែម្តង។

អតីតមេបក្សប្រឆាំងដដែល លើកឡើងថា មូលហេតុលោក ស ខេង គាំទ្រគម្រោងសងសឹកនេះដោយលោកដឹងខ្លួនថា លោកនាយករដ្ឋមន្ត្រីមានបំណងដកដំណែង ឬកម្ចាត់លោកចេញពីអំណាច ដើម្បីអនុវត្តផែនការបន្តអំណាចត្រកូល«ហ៊ុន» ដោយគ្មានការរារាំង។  

ក្រុមមេធាវីរបស់លោក ស ខេង បញ្ជាក់ក្នុងពាក្យបណ្តឹងថា ការចោទប្រកាន់ទាំងនេះពីសំណាក់ លោក សម រង្ស៊ី ជាការប្រឌិតព័ត៌មាន ដើម្បីឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និងក្នុងជួរបក្សប្រជាជនកម្ពុជា មានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុងផងដែរ។ 

ការប្តឹងនេះ ក្រុមមេធាវីស្នើឱ្យតុលាការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើលោក សម រង្ស៊ី និងទាមទារសំណងជំងឺចិត្តចំនួន ៤ពាន់លានរៀល ឬស្មើប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក។

មកទល់ពេលបច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​ជាប់​​​ក្តីក្តាំនៅ​តុលាការ​កម្ពុជា មិនក្រោម​១០​បណ្ដឹងនោះឡើយ ដែលប្តឹងឡើងដោយនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងមេៗយោធាជាដើម។ ​

​លោក ស ខេង ក្រៅពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ បច្ចុប្បន្ន លោកជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាមនុស្សដែលគេមើលឃើញថា មានប្រជាប្រិយភាពខ្លាំងទាំងក្នុងជួររដ្ឋាភិបាល និងជួរបក្សរបស់ខ្លួនផងដែរ។

យ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ស្នើឱ្យអ្នកនយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាពរបស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ