កម្ពុជា បង្កើត​មណ្ឌល​សិក្សា​កម្រិត​មូលដ្ឋាន​តាមប្រព័ន្ធ​​អ៊ីនធឺណិត​២​កន្លែ​ង​បន្ថែម​ទៀត

លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងថ្ងៃសម្ពោធមណ្ឌលសិក្សាកម្មវិធី BEEP ចំនួនពីរទីតាំងចុងក្រោយក្នុងខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Basic Education Equivalency Programme -BEEP

កម្ពុជា ​បានបង្កើត​មជ្ឈមណ្ឌល​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កម្រិត​មូល​ដ្ឋាន​ត្រឹម​ថ្នាក់​ទី​៩​ ចំនួន​២​កន្លែង​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដល់​អ្នក​ដែល​បាន​បោះបង់​ការ​សិក្សា​អាច​ទទួល​បាន​ការ​សិក្សា​កម្រិត​មូល​ដ្ឋាន​ ដែល​អាច​យកចំណេះ​វិជ្ជា​ដែល​បាន​សិក្សា​នេះ​​ទៅ​ប្រើប្រាស់ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​បំនិន​ជីវិត​របស់​ពួកគេ។

កាល​ពី​ម្សិលមិញ ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​យូណេស្គូ​ បាន​ដាក់​សម្ពោធ​រួម​គ្នា​នូវ​មជ្ឈមណ្ឌល​សិក្សា​អប់រំ​កម្រិត​មូលដ្ឋាន​នេះ​ចំនួន​២​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ទីតាំង​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀម​រាប។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ក្រសួង​ការងារ​ឲ្យ​ដឹង​ថា ​កម្មវិធី​បណ្ដុះ​បណ្ដាល​ការ​សិក្សា​កម្រិត​មូលដ្ឋាន​នេះ​នឹង​ជួយ​ដល់​យុវជន​ដែល​បាន​បោះ​បង់​ការ​សិក្សា​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ការ​សិក្សា​ថ្នាក់​មូលដ្ឋាន​ដែល​មាន​តម្លៃ​ស្មើ​ថ្នាក់ទី​៩ ដែល​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នេះ​នឹង​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​ចំណេះ​ដឹង​ និង​ជំនាញ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព​ និង​បំនិន​ជីវិត​។

ក្នុង​សេចក្តី​ប្រកាស​នោះ​ លើក​ឡើង​ថា៖ «សិស្ស​ដែលបាន​ចុះ​ឈ្មោះ​ នឹង​ត្រូវ​បាន​ផ្ដល់ជូន​នូវ​សេវា​អ៊ីនធឺណិត​ដោយ​ Smart Axiata ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ស្របតាម​តម្រូវ​ការ​របស់​ពួកគេ។ សិស្សដែល​បាន​បញ្ចប់​មុខ​វិជ្ជា​ទាំង​អស់​ដោយ​ជោគជ័យ​ នឹង​ឆ្លងកាត់​ការ​វាស់ស្ទង់​សមត្ថភាព​តាម​រយៈ​ការ​ប្រឡង និង​ទទួល​បាន​វិញ្ញាបនបត្រ​អប់រំ​មូលដ្ឋាន ហើយ​មាន​ឱកាស​បន្ត​ការ​សិក្សា​របស់គេ​ទាំង​នៅ​វិទ្យា​ល័យ​វិជ្ជាជីវៈ ឬ​ក៏នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ»។

អនុប្រធាន​ការិយាល័យ​បណ្ដុះ​បណ្ដាល​ពិសេស និង​យេនឌ័រ​ នៃ​នាយកដ្ឋាន​បណ្ដុះបណ្ដាល​​របស់​ក្រសួង​ការងារ​ អ្នក​ស្រី ឡុង សុផាន មាន​ប្រសាសន៍​ថា ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ផ្ដល់​​ឱកាស​ដល់​អ្នក​ដែល​ធ្លាប់​បាន​បោះបង់​ការ​សិក្សា​​ឲ្យ​ទទួល​បាន​ការ​អប់រំ​មូលដ្ឋាន​ពេញ​លេញ។ អ្នក​ស្រី​បន្ថែម​ថា​ យុវជន​ដែល​មាន​បំណង​ចង់​សិក្សា​ក្នុង​កម្មវិធី​ថ្មី​នេះ​ អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​ប្រព័ន្ធអ៊ីនធឺណិត​​​តាម​ការ​ណែ​នាំ​របស់​គេហទំព័រ​ហ្វេសបុក ប៊ីប (Basic Education Equivalency Programme -BEEP) ឬ​ទៅ​ទាក់ទង​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​សិក្សាបាន​។

ចំពោះ​ការ​សិក្សា​វិញ ​អ្នក​ស្រី​បញ្ជាក់​ថា មិន​កំណត់​រយៈពេល​នោះ​ទេ ហើយ​​បេក្ខជន​អាច​ធ្វើ​ការ​សិក្សា​នៅ​ផ្ទះ​របស់​ខ្លួន​ ឬ​ក៏​មក​សិក្សា​នៅ​មជ្ឈមណ្ឌល​ដោយ​ផ្ទាល់​បាន​។

អ្នក​ស្រី ឡុង សុផាន មានប្រសាសន៍ថា​៖ «មិន​តម្រូវ​ឲ្យ​សិស្ស​មក​រៀន​នៅ​មណ្ឌល​តែ​ម្ដង​នោះ​ទេ ព្រោះ​អី​យើង​រៀន​ហ្នឹង​គឺ​យើង​អាច​រៀន​តាម​អនឡាញ តែ​នៅ​ក្នុង​ហ្នឹង​គាត់​អាច​មក​ជួប​អ្នក​សម្របសម្រួល​នៅ​តាម​មណ្ឌល​ហ្នឹង​រៀងរាល់​២សប្ដាហ៍​ម្ដង ឬ​ក៏​រាល់​ពេល​ដែល​គាត់​មាន​បញ្ហា។ ហើយ​បើសិន​ជា​គាត់​អត់​មាន​ស្មាតហ្វូន ឬ​ក៏​កុំ​ព្យូទ័រ​សម្រាប់​រៀន​ទេ​ គាត់​អាច​មក​រៀន​នៅ​មណ្ឌល​ ព្រោះ​អី​នៅ​មណ្ឌល​យើង​មាន​ Tablet សម្រាប់​ពួកគាត់​អាច​ចូល​អង្គុយ​រៀន​បាន»។

អ្នក​ស្រី​បញ្ជាក់​ថា​ សិស្ស​ក្រោយ​ពី​ប្រលង​បញ្ចប់​ការ​សិក្សា​កម្រិត​មូលដ្ឋាន​នេះ​ហើយ​ នឹង​ទទួល​សញ្ញាប័ត្រ​ដែល​មាន​កម្រិត​ស្មើ​នឹង​សញ្ញាប័ត្រ​កម្រិត​មូលដ្ឋាន​របស់រដ្ឋ ហើយ​ពួកគេ​អាច​ធ្វើ​ការ​សិក្សា​បន្ត​ទៀតនៅ​សាលា​រដ្ឋ​ ឬ​អាចបន្ត​ការ​សិក្សា​​បច្ចេក​ទេស​​នៅ​ក្រសួង​ការងារ​បាន។

មន្ត្រី​កម្មវិធី​អប់រំ​របស់​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា លោក លៀវ គឹមឡាយ មាន​ប្រសាសន៍​ថា ​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នេះ​មាន​សារៈសំខាន់ណាស់​ដល់​មនុស្ស​ទូទៅ​ ដើម្បី​ឲ្យពួកគេ​មាន​លទ្ធភាព​ក្នុង​ការ​អាន និង​ចំណេះ​ដឹង​ទូទៅ​គ្រប់គ្រាន់​ ដែល​អាច​ឲ្យ​ពួកគេ​អាច​ធ្វើ​ការ​សិក្សា​បច្ចេកទេស​បាន​ងាយ​ស្រួល។ លោក​បន្ថែម​ថា​ តាម​រយៈកម្មវិធី​នេះ​ វា​នឹង​អាច​ជួយ​ឲ្យ​អ្នក​ដែល​បោះបង់​ការ​សិក្សា​ចាប់​ពី​ថ្នាក់​ទី​៦​ ដល់​ទី​៩​ អាច​ទទួល​បាន​ការ​សិក្សា​មូលដ្ឋាន​ពេញ​លេញ ខណៈ​អ្នក​ដែល​បាន​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​នេះ​មាន​ចំនួន​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​សិស្ស​ដែល​បន្ត​ការ​សិក្សា​នៅ​សាលា​រដ្ឋ។

លោកថា៖ «កម្មវិធី ប៊ីប ​នេះ​គឺ​ជា​ស្ពាន​ចម្លង​មួយ​ដ៏​សំខាន់​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ពួកគាត់ ជា​ពិសេស​ដល់​អ្នក​ដែល​រៀន​ដល់​ថ្នាក់​ទី​៦ ​ហើយ​អត់​បាន​បន្ត​ ឬ​ក៏​អ្នក​ដល់​ថ្នាក់​ទី​៧​ ទី​៨ ទី៩ ឬក៏​អ្នក​ប្រលង​ទី​៩​អត់​ជាប់​ហ្នឹង​ គាត់​មាន​ឱកាស​ទី​២។ រៀន​ហើយ​បាន​ទទួល​នូវសញ្ញាបត្រ ដែល​មាន​តម្លៃ​ស្មើ​ថ្នាក់ទី​៩ ហើយ​អាច​យក​ទៅ​សញ្ញាបត្រ​ដែល​បាន​នេះ​យក​ទៅ​ប្រើប្រាស់​ ដើម្បី​បាន​ទទួល​សិក្សា​បន្ត​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ​ក៏​វិទ្យាល័យ​បាន»។

បើ​តាម​លោក គឹមឡាយ ការ​បើក​២​មជ្ឈមណ្ឌល​ចុងក្រោយ​នេះ ​ជា​ការ​បញ្ចប់​គម្រោង​ទី​មួយ​នៅ​កម្ពុជា ដែល​គម្រោង​ទី​២​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ ដែល​គោល​ដៅ​បន្ទាប់​អាច​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

​បច្ចុប្បន្ន មជ្ឈមណ្ឌល​សិក្សា​កម្រិត​មូលដ្ឋានតាម​រយៈ​អ៊ីនធឺ​ណិត​នេះ​ ​បាន​បើក​ចំនួន​១០​ទីតាំង ក្នុង​នោះ​៥​នៅ​ភ្នំពេញ និង​៥​នៅ​សៀម​រាប ដោយ​មាន​​អ្នក​ចូលរៀន​មាន​១៤៨នាក់ ​ស្រីជិត​ពាក់កណ្ដាល ដែលអ្នក​ចូល​រៀន​​មាន​អាយុ​ពី​ជាង​២០ ​ដល់​ជាង​៣០​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ