អាជ្ញាធរ​ ចាប់​បាន​ថ្នាំ​​ញៀន​៣១២គីឡូក្រាម​ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៩

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

របាយការណ៍នគរបាល​ជាតិ​ បង្ហាញ​ថា​​ គ្រឿង​ញៀន​សរុប​ដែល​​ចាប់​បានមាន​ការ​កើន​ឡើង​ដល់​ទៅ​ជាង​ពាក់​កណ្ដាល​ បើប្រៀបធៀបរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​៣ ៦៧៦ករណី ឃាត់​ខ្លួន​មនុស្ស​បានជាង​៧ពាន់៦រយនាក់ ក្នុង​នោះ​ស្រី​៥៤៥នាក់ និង​ចាប់​បាន​គ្រឿងញៀន​សរុប​ជាង​៣១២​គីឡូ​ក្រាម

បើ​ពិនិត្យ​ទៅ​លើ​ចំនួន​នៃ​ការ​បង្ក្រាប​នេះ​ទៅ​នឹង​ការ​បង្ក្រាប​កាល​ពី​ឆ្នាំ​មុន ឃើញ​ថា ​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​បទ​ល្មើស​គ្រឿង​ញៀន (ឆមាស​ទី១​ ឆ្នាំ​២០១៨​ មាន​៣៨៣៨ករណី ឃាត់​ខ្លួន​មនុស្ស​បាន​ជាង​៧៥៨០នាក់) តែ​ចំនួន​គ្រឿង​ញៀន​សរុប​ដែល​មាន​ចាប់​បាន​មាន​ការ​កើន​ឡើង​ទ្វេដង​ ខណៈ​ក្នុង​រយៈពេលដូច​គ្នា​កា​ល​ពី​ឆ្នាំ​មុន អាជ្ញា​ធរ​ចាប់​បាន​គ្រឿង​ញៀន​តែ​ជាង​១៤៥​គីឡូ​ប៉ុណ្ណោះ។

​​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ មាស វីរិទ្ធិ មាន​ប្រសាសន៍​ប្រាប់​VOD ថា មូល​ហេតុ​ដែល​ធ្វើ​ចំនួន​ថ្នាំ​ញៀន​ដែល​ចាប់​បាន​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ​មានចំនួន​​ច្រើន​នោះ​ គឺដោយសារ​អាជ្ញាធរ​ធ្វើ​ការ​បង្ក្រាប​ចំ​ទីតាំងដែល​ជា​​កន្លែង​កែច្នៃ និង​ចែកចាយ​ធំៗ​។ លោក​បញ្ជាក់​ថា​ ការ​ចាប់​បាន​ក្នុង​ចំនួន​ច្រើន​បែប​នេះ វា​ជា​សញ្ញា​​មួយ​ល្អ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់កម្ពុជា ទោះ​ជា​យ៉ាង​ណា ​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​ទៅ​លើ​បញ្ហា​នេះ។

លោក​ មាស វីរិទ្ធិ៖ «ការ​បារម្ភគឺ​នៅ​តែ​មាន ​ដោយ​សារ​តែ​និន្នាការ​នៃ​ការ​ផលិត​គ្រឿង​ញៀន​នៅ​ទូទាំងពិភព​លោក​ គឺ​មាន​ការ​កើន​ឡើង​ មាន​ការ​ប្រែ​ប្រួល។ ប្រែ​ប្រួល​ពី​ការ​ដាំ​ដុះ​ដំណាំ​អាភៀន​ទៅ​ជា​ការ​រីករាល​ដាល​នៃ​ការ​ផលិត​គ្រឿងញៀន​សំយោគ​ប្រភេទ​មេតំហ្វេតាមីន អាហ្នឹង​គឺ​កើន​ឡើង។ ហើយ​គេ​ព្យាករទៀត​ថា​ និន្នាការ​នៃ​ការ​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នឹង​មាន​ការ​ប្រែប្រួល»។

ទីប្រឹក្សា​នៃ​អង្គការ​កម្មវិធីអភិវឌ្ឍន៍ធនធាន​យុវជន លោក ឈាង សុខា មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​វាយ​តម្លៃ​ពីបរិមាណ​នៃ​ចំនួន​គ្រឿង​ញៀន​ដែល​ចាប់​បាន​ទៅ​លើ​បញ្ហា​គ្រឿង​ញៀន​ដែល​កំពុង​កើត​ឡើង​ពេល​បច្ចុប្បន្ន​នេះ​ទេ តែ​លោក​ថា ​វា​ជា​ចំណុច​ហានិភ័យ​សម្រាប់​កម្ពុជា ខណៈ​បញ្ហា​គ្រឿង​ញៀន​កំពុង​តែ​រីករាល​ដាល​ពេញ​ប្រទេស​ដូចនេះ។

លោក​ ឈាង សុខា៖ «មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ស្ទើ​តែ​ប្រជាពលរដ្ឋ​គ្រប់គ្នា​គឺ​បាន​ទទួល​ព័ត៌មាន​ពី​ការ​កើន​ឡើង​នៃ​គ្រឿងញៀន ​ហើយ​វា​ស្ទើរតែ​កើនឡើង​គ្រប់កន្លែង​ទាំង​អស់​។ មិន​ត្រឹម​តែ​ទី​ប្រជុំជន​ទេ​ សូម្បី​តែ​ចុង​កាត់​មាត់​ញក នៅ​តំបន់​ដាច់​ស្រយាល​ នៅ​តាម​ស្រុក​ស្រែ​ហ្នឹង​ក៏​ឃើញ​មានបញ្ហា​ហ្នឹង​កើត​ឡើង​ដែរ។ អញ្ចឹង​ហើយ​​ វា​ក្លាយ​ជា​កង្វល់​របស់​ប្រទេសជាតិ​ហើយ របស់​ប្រជា​ពលរដ្ឋ​ហើយ ទោះ​បី​ជា​វិធាន​ការ​នៃ​ការ​ទប់ស្កាត់​ហ្នឹង​ វា​កើន​ឡើង តែ​ការ​បារម្ភ​ក៏​កាន់​តែ​ធំ​ដែ​រ​សម្រាប់​កម្ពុជា​»។

លោក ឈាង សុខា ជំរុញ​ដល់​មន្ត្រី​រដ្ឋាភិបាល​បន្ថែម​វិធាន​ការ​នៅ​តាម​ព្រំដែន​ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​ខ្លាំង​ក្លា ជាជាង​មាន​វិធានការ​​តែ​ក្នុង​ប្រទេស​ដូច​ពេល​បច្ចុប្បន្ន​នេះ។

កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ដាក់​ចេញ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដើម្បី​បោសសម្អាត​គ្រឿង​ញៀន​ឲ្យ​អស់ពី​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ ​យុទ្ធនាការ​នេះ​បាន​បន្ត​ដល់​យុទ្ធនាការ​ទី៤​ហើយ។

កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ នគរបាល​ប្រឆាំង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជិត​៧​ពាន់​ករណី និង​ឃាត់​ខ្លួន​មនុស្ស​បាន​ជាង​១ម៉ឺន៣​ពាន់នាក់ ខណៈ​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង​៥០០គីឡូ​ក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ