រដ្ឋាភិបាល​បញ្ជាក់​ថា​ ការ​លើក​ពេល​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ស្អែក​គឺ​មក​ពី​គ្មាន​កិច្ច​ការ​ចាំ​បាច់​ដែល​ត្រូវ​​ប្រជុំ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ មានប្រសាសន៍​ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ព័ត៌មានក្លែងក្លាយ អន្ដរាយដល់សន្ដិសុខជាតិ» នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Royal Government Spokesperson Unit

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​ការ​លើកពេល​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃស្អែក​នេះ​គឺ​បណ្ដាលមកពី​មិន​មាន​កិច្ចការ​ណា​ដែល​តម្រូវ​ចាំបាច់​ឱ្យ​មានការ​សម្រេច​ពី​រដ្ឋាភិបាល ​និង​គ្មាន​របៀបវារៈ​គ្រប់គ្រាន់​ដើម្បី​ប្រជុំ​។

ការ​លើកឡើង​នេះ​ គឺ​បន្ទាប់ពី​មាន​អ្នកប្រើ​ប្រាស់​ហ្វេ​សប៊ុកមួយចំនួន​បាន​វាយតម្លៃ​ពី​ការ​លើកពេល​ប្រជុំ​នេះ​ទៅ​នឹង​ស្ថានភាព​សុខភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ទើបតែ​មក​ពី​ព្យាបាល​គ្រេច​ស្មា​នៅ​ប្រទេស​សឹង្ហ​បុរី​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ មានប្រសាសន៍​ក្នុង​សន្នីសិទ្ន​សារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា​ ស្ថានភាព​សុខភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​មាន​សុខភាព​ល្អ​ និង​ប្រក្រតី​ មិន​ដូច​ការ​លើកឡើង​របស់​អ្នកមាន​និន្នាការ​ប្រឆាំង ​ដែល​បាន​សរសេរ​អាក្រក់​ពី​ស្ថានភាព​លោកនាយក​រដ្ឋមន្ត្រី​នោះ​ទេ​។

លោក​ ផៃ​ ស៊ី​ផាន​៖ « វា​ហួសពី​ព្រំដែន​នៃ​ការពិត​។ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ លោក​នៅតែ​បំពេញភារកិច្ច​របស់​លោក​ប្រក្រតី​ សុខមាលភាព​របស់​លោក​ប្រក្រតី​ កាលពី​ម្សិលមិញ​ខ្ញុំ​ផ្ទាល់​ក៏បាន​ទាក់ទង​ទៅ​សម្ដេច​ដោយ​ផ្ទាល់​ដែរ ​ដូច្នេះ​គ្មានអ្វី​ដែល​ស្ថិតនៅក្នុង​ការវាយតម្លៃ​អាក្រក់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នោះ​ទេ​» ។

នៅ​ថ្ងៃនេះ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏បាន​សរសេរ​លើ​ហ្វេ​សបុ​ករបស់​ផង​ដែរ​ថា​ សុខភាព​របស់​លោក​គឺ​រឹងមាំ​ធម្មតា​ ខណៈ​នៅ​ថ្ងៃស្អែក​នេះ​លោក​នឹង​ទទួល​ជួប​ភ្ញៀវ​អន្តរជាតិ​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ទៀតផង​។

លោក​សរសេរ​ថា​៖ « ស្អែកនេះ​ ខ្ញុំ​ជួប​ភ្ញៀវ​មក​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​នៅ​ទី​ស្ដី​ការ​។ អរគុណ​បងប្អូន​ដែល​បាន​ជូនពរ​ខ្ញុំ​។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ​ គឺ​បងប្អូន​ជនរួមជាតិ​មានការ​ងារ​មុខរបរ​រស់នៅ​សុខសប្បាយ​ និង​កូនចៅ​មានឱកាស​ទៅ​សាលារៀន​នៅ​គ្រប់​ទីកន្លែង​» ។

ក្នុង​លិខិត​មួយ​ កាលពី​ម្សិលមិញ​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​​ លោក ​ប៊ិន​ ឈិន​ បានសម្រេច​លើកពេល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​នា​ថ្ងៃទី២៦​ ខែកក្កដា​ ស្អែកនេះ ​ទៅលើ​កក្រោយ​វិញ​ដោយតាម​លិខិត​នោះ​គឺ​ធ្វើឡើង​តាម​សំណើ​របស់​ខុទ្ទកា​ល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី​។

កាលពី​ថ្ងៃទី១២​ ខែកក្កដា​ កន្លងទៅ​ ក្រោយ​ត្រឡប់​មក​ពី​សម្រាក​ព្យាបាល​ជំងឺ​គ្រេច​ស្មា​នៅ​ប្រទេស​សឹង្ហ​បុរី​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ចាត់វិធានការ​លើ​បុគ្គល​ទាំងឡាយ​ណា​ ផ្សព្វផ្សាយ​បំផ្លើស​ពី​ស្ថានភាព​សុខភាព​របស់​លោក​ ដោយ​ថា ​ទង្វើ​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ