រដ្ឋាភិបាលកម្ពុជាគ្រោងនាំអ្នកសារព័ត៌មានជាង៣០នាក់ទៅពិនិត្យមើលទីតាំងដែលកាសែតអាមេរិក The Wall Street Journal រាយការណ៍ថា កម្ពុជាបានចុះកិច្ចសន្យាសម្ងាត់ឲ្យកងទ័ពចិនមានមូលដ្ឋានលើតំបន់នោះ។
ក្នុងសន្នីសិទ្ធសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានសម្រេចឲ្យមន្ត្រីរបស់ខ្លួននាំអ្នកកាសែតទៅពិនិត្យមើលទីតាំងក្នុងខេត្តព្រះសីហនុ លើមូលដ្ឋានកងទ័ពជើងទឹករាម នៅថ្ងៃស្អែក ដោយនឹងអនុញ្ញាតឲ្យអ្នកការសែតសួរសំណួរទៅកាន់មន្ត្រីដែលដឹកនាំទស្សនកិច្ចនោះផងដែរ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ « អ្នកថាចង់ទៅធ្វើទស្សនកិច្ចនៅមន្ទីរប៉ងតាហ្គោល សហរដ្ឋអាមេរិក អ្នកសាកទៅសុំមើលៗថាគេឲ្យចូលទេ! អ្នកសង្ស័យពីមូលដ្ឋានទ័ព (ប្រទេសផ្សេង) ទៅវ៉ៃប្រទេសនីមួយៗ គេឃាំង គេដាក់គុកអ្នកកាសែត រហូតដល់គេរៀបចំហើយបានគេឲ្យទៅ។ តែកម្ពុជាគឺយើងស្មោះស្ម័គ្រជាមួយអ្នកសារព័ត៌មានរហូត គួរសប្បាយរីករាយជាមួយកម្ពុជា ទោះបីជាគេថាអត់មានសេរីភាព។ សាកទៅនៅសហរដ្ឋអាមេរិកទៅ! អ្នកកាសែតអាមេរិក មានពេលឯណាស្រេចនឹកឃើញមកជួបជុំជាមួយរដ្ឋមន្ត្រី ទាល់តែមានឈ្មោះដែលបានចុះនៅហ្នឹងហើយស្រេច » ។
កាលពីថ្ងៃទី២១ ខែកក្កដា ការសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជា-ចិន បានចុះហត្ថលេខាសម្ងាត់ជាមួយគ្នា អំឡុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានជើងទឹកមួយកន្លែងក្នុងឈូងសមុទ្រកម្ពុជា រយៈពេល ៣០ឆ្នាំ។ ប៉ុន្តែ ការចុះផ្សាយនេះ ត្រូវបានភាគីកម្ពុជា និងចិន បានបដិសេធចោលជាបន្តបន្ទាប់៕