ក្រសួង​យុត្តិធម៌ ​ផ្អាក​មុខងារ​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី​ជា​បណ្ដោះ​អាសន្ន​ពាក់ព័ន្ធអំពើ​ផិត​ក្បត់

​ព្រះ​រាជអាជ្ញា​ខេត្ត​រតនគិរី​ លោក ជា ពេជ្រ។ រូបភាព៖ បណ្ដាញសង្គម

ក្រសួង​យុត្តិធម៌ ​សម្រេច​ផ្អាក​មុខ​ងារ​ព្រះ​រាជអាជ្ញា​ខេត្ត​រតនគិរី​ លោក ជា ពេជ្រ ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ឲ្យ​តុលាការរាជធានី​​ភ្នំពេញ​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​ផិតក្បត់​។

ក្នុង​លិខិតមួយ​ច្បាប់​ជម្រាប​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​សម្រេច​សម្រេចផ្អាក​មុខងារ​របស់​ព្រះរាជអាជ្ញា ជា ពេជ្រ​ ពី​តួនាទី​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរីនេះ ​គឺ​បន្ទាប់​ពី​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​លោក ជា ពេជ្រ ពី​បទ​ផិត ដែលប្រព្រឹត្តនៅ​ខេត្ត​រតនគិរី និងរាជធានី​ភ្នំពេញ​ចាប់​តាំ​ង​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩​នេះ និង​បាន​បញ្ជូន​រឿង​ទៅ​ស៊ើប​សួរ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែកក្កដា កន្លង​ទៅ។

ក្នុង​លិខិត​នោះ​សរសេរ​ថា៖ « យោង​តាម​មាត្រា​៥៨ និង​មាត្រា​១០០ នៃ​ច្បាប់​ស្ដីពី​លក្ខន្ដិកៈ​នៃ​ចៅ​ក្រម និង​ព្រះរាជអាជ្ញា ក្រសួង​យុត្តិធម៌​ផ្អាក​មុខងារ​របស់​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី ជា​បណ្ដោះអាសន្ន រហូត​ដល់​មាន​សេចក្តី​សម្រេច​របស់​តុលាការ​អំពី​ទោស​ជា​ស្ថាពរ » ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន មាន​ប្រសាសន៍ថា​ ​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ​គឺ​ជា​ការ​ផ្អាក​មុខ​ងា​រ​ប៉ុណ្ណោះ​ដែល​មាន​ន័យ​ថា​ លោក ជា​ ពេជ្រ នៅ​អាច​ទទួល​បាន​ប្រាក់​បៀវត្ស និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​បាន។  ប៉ុន្តែ​​ លោក​បញ្ជាក់​ថា ​ប្រាក់បៀវត្ស និងតួនាទី​នេះ​ក៏​នឹងបាត់បង់​ផង​ដែរ ប្រសិន​ជា​តុលាការ​រក​ឃើញ​កំហុស​ដូច​ដែល​បាន​ចោទ​ប្រកាន់​មែន​នោះ។

លោក ​ជិន ម៉ាលីន៖ « ប្រសិន​ជា​រកទៅ​ឃើញ​ថា ​គាត់​មាន​ទោស​ដូច​ជា​ការ​ចោទ​ប្រកាន់​ហ្នឹង​មែន ​គឺ​គាត់​អាច​នឹង​រង​វិធាន​ការ​វិន័យ​អី​បន្ទាប់​ទៀត​ ដូចជា ការ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​អី​ ជា​ដើម។ ហើយ​បើ​នីតិ​វិធិ​បញ្ចប់​ទៅ​រក​មិន​ឃើញ​ថា ​គាត់​មាន​ទោស​ដូច​ការ​ចោទ​ហ្នឹង​ទេ គាត់​អាច​ត្រលប់​ទៅ​បំពេញ​តួនាទី​ការងារ​គាត់​ដូចដើម​វិញ » ។

មាត្រា​១០ នៃ​ច្បាប់​ឯកព័ន្ធភាព​ ចែង​ថា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ដល់​១​ឆ្នាំ និង​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ២សែន​រៀល ដល់១លានរៀល ឬ​ផ្ដន្ទាទោស​ណា​មួយ​នៃ​ទោស​ទាំង​ពីរ។

អ្នក​ឯកទេស​ឯករាជ្យ​ផ្នែក​សិទ្ធិ​មនុស្ស​ លោក សួន ប៊ុនស័ក្កិ ​គាំទ្រ​ចំពោះ​ចំណាត់​ការ​ច្បាប់​នេះ​ដោយ​ថា ​ដើម្បី​ជួយ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស។

លោក សួន ប៊ុនស័ក្កិ៖ « ដើម្បី​ឱ្យ​មាន​យុត្តិធម៌​ ទាល់​តែ​មន្ត្រី​យុត្តិ​ធម៌​ហ្នឹ​ង​ធ្វើ​ឱ្យ​ត្រឹមត្រូវ ហើយ​បើ​មន្ត្រី​យុត្តិធម៌​ធ្វើ​មិន​ត្រឹមត្រូវ តើ​ធ្វើ​ម៉េច​នឹង​អាច​រក​យុត្តិធម៌​ ភាព​ត្រឹម​ត្រូវ​ជូន​ប្រជាពលរដ្ឋ​ទៅ។ ទី​មួយ​ បើច្បាប់​ឱ្យ​អំណាច​ហើយ​ក្រសួង​យុត្តិធម៌​គាត់​ធ្វើ​ចុះ​ឲ្យ​តែ​ធ្វើ​តាម​នីតិវិធី​ច្បាប់ ដែល​ច្បាប់​ផ្ដល់​អំណាច​ឱ្យ​ក្នុង​គោល​បំណង​កែ​លំអ​​ប្រព័ន្ធ​យុត្តិ​ធម៌​ ដូចខ្ញុំថា​អញ្ចឹង​! ដើម្បី​កែ​ប្រព័ន្ធ​យុត្តិធម៌ ​ត្រូវ​កែ​ច្បាប់​ទម្លាប់​ឲ្យ​ល្អ ហើយ​ត្រូវ​កែ​ទម្រង់​ចរិត​មនុស្ស​ មនុស្ស​ហ្នឹង​គឺ​មន្ត្រី​យុត្តិធម៌​ឱ្យ​ដើរ​ឱ្យ​ល្អ​ដែរ » ។

ក្រោយ​ការ​ដក​បញ្ឈរ​ជើងលោក ជា ពេជ្រ ជា​​បណ្ដោះអាសន្ន​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក៏​សម្រេច​​​ផ្លាស់​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ងិន ពេជ ​ឲ្យ​ទៅ​បំពេញមុខងា​រជាព្រះរាជអាជ្ញា​ស្ដីទី​នៃ​ខេត្ត​រតនគិរីរហូត​ដល់​មាន​ការ​តែងតាំង​ផ្លូវ​ការ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ