អ្នក​វិភាគ​ សូរ សមយុទ្ធ ច្រានចោលការចោទថា ប្រើសំណេរជេរប្រមាថ​ថ្នាក់​ដឹកនាំបក្ស​កាន់​អំណាច

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបភាព៖ ហួត វុទ្ធី

​​អ្នកវិភាគដែលមានឈ្មោះថា សូរ សមយុទ្ធ បានបដិសេធ​ថា លោក​មិន​បាន​ជេរ​ប្រមាថ​ទៅ​លើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ នៅ​ក្នុង​សំណេរ​វិភាគ​របស់​លោក​នោះ។

នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ទៅ​លើ​អ្នក​វិភាគ លោក សូរ សមយុទ្ធ ដែល​លោក​នាយករដ្ឋ​មន្ត្រី​អះ​អាង​ថា​ បាន​ប្រមាថ​រូប​លោក និង​ហៅ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថា «អា​ត្នោត»

លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា អ្នក​វិភាគ​រូប​នេះ គឺលោក ​ឃន ​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំផងដែរ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «វាហៅសម្តេចក្រឡាហោមថា អាត្នោត វាហៅខ្ញុំ អាហ្នឹង ហើយអាហ្នឹងមនុស្សម្នាក់ក្នុងចំណោមនុស្ស ១១៨នាក់។ អាក្មួយត្រូវចាំ តែមួយសារទៀត ពូយកហើយ ហើយអ្នកនៅបាងកក សូមចាំឲ្យច្បាស់ កម្ពុជាមិនប្រើប្រាស់ទឹកដីរបស់កម្ពុជាប្រឆាំងនឹងប្រទេសថៃ ហើយប្រទេសថៃក៏បានប្តេជ្ញាថា មិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងកម្ពុជា នាយករដ្ឋមន្ត្រីទាំងពីរបានប្តូរផ្តាច់ត្រូវធ្វើរឿងនេះ»

ប៉ុន្តែ អ្នក​វិភាគ សូរ សមយុទ្ធ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា លោក​បាន​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ភាសា និង​ពាក្យ​ពេចន៍ ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​សំណេរ​វិភាគ​របស់​លោក​កន្លង​មក​ ដើម្បី​បញ្ចៀស​នូវ​ពាក្យ​ពេចន៍​ធ្វើ​ឲ្យ​ជាតិ​ឈឺ​ចាប់ ឬ​ក៏​មាន​លក្ខណៈ​មើល​ងាយ​ប្រមាថ​ដល់​បុគ្គល​ណា​ម្នាក់​នោះ។

អ្នក​វិភាគ សូរ សមយុទ្ធ បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា៖ «​ខ្ញុំនៅតែមានជំនឿថា ជេរជួយជាតិមិនបាន, ជេរអាចបំផ្លាញជាតិ, ជេរអាចធ្វើឱ្យជាតិឈឺចាប់, ជេរអាចធ្វើឱ្យមនុស្សគុំគួនចងអាឃាតរវាងគ្នានិងគ្នា, ជេរមួលបង្កាច់ និងលាបពណ៌គ្នា គឺបំផ្លាញជាតិឯង។ ខ្ញុំតែងតែលើកឡើង ជម្រាបអ្នកអានថា បើចេះត្រឹមតែជេរ ជួយស្រុកមិនបានទេ។ ការជេរ គឺបំផ្លាញការគិតរបស់ខ្មែរ។ ចង់ជួយខ្មែរ ពន្យល់ខ្មែរ។ ការជេរខ្មែរ គឺសម្លាប់ខ្មែរ។ ជាមួយគ្នានេះ ខ្ញុំក៏សុំបងប្អូនមួយចំនួន ដែលតែងតែចូលមកសរសេរ ជេរ ប្រមាថបុគ្គលដទៃលើអត្ថបទរបស់ខ្ញុំ ជាថ្មីម្តងទៀត បើរាប់អាន ឬគាំទ្រអត្ថបទខ្ញុំ សុំឈប់ ឬសុំកែប្រែ ពីព្រោះរាល់អត្ថបទរបស់ខ្ញុំ គឺចង់ឱ្យបងប្អូន អាន ពិចារណា វិភាគ គិត កសាង និងការពារជាតិ មិនមែនជាវេទិកា ឱ្យបងប្អូនជេរប្រមាថបុគ្គលណាម្នាក់ និង​បង្កការឈឺចាប់ដល់ជាតិឡើយ»។

យ៉ាងនេះក្តី គណនីហ្វេសប៊ុករបស់ សូរ សមយុទ្ធ បានលើកឡើងថា កន្លងមក ​មានការបង្កើតគណនី និងទំព័រជាច្រើន ដោយប្រើប្រាស់ឈ្មោះរបស់លោក ឬយកសំណេរទៅចែកចាយ ឬយកសំណេរទៅអធិប្បាយបន្ថែម។

លោកថា មួយលើក​ជាពីរលើក លោកតែងតែបានបដិសេធ និងជម្រាប​សាធារណជន ដោយថា គណនីហ្វេសប៊ុក​ពិតរបស់”សូរ សមយុទ្ធ” មានតែមួយនេះគត់ (https://www.facebook.com/samyuth)។ ចំនែកគណនី និងទំព័រផ្សេងៗ ដែលប្រើឈ្មោះ ​សូរ សមយុទ្ធ នោះ ពុំមែនជារបស់លោកឡើយ ហើយលោកក៏មិនអាចទទួលខុសត្រូវចំពោះអ្នកបង្កើត អ្នកបញ្ចេញមតិ និងអ្នកអធិប្បាយបន្ថែម លើសំណេររបស់លោកដែរ។

លើសពីនេះ លោកក៏មិនអាចទទួលខុសត្រូវចំពោះអ្នកបញ្ចេញមតិ (comment) នៅលើសំណេរអត្ថបទរបស់លោកឡើយ ជាពិសេស អ្នកដែលចូលមកសរសេរ ជេរប្រមាថ ពាក្យអសុរោះលើបុគ្គលណាម្នាក់នោះ។

អ្នក​វិភាគ សូរ សមយុទ្ធ ដែល​តែង​តែ​សរសេរ​អត្ថបទ​វិភាគ​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ភ្នំពេញប៉ុស្តិ៍ ជាច្រើន​ឆ្នាំ​មក​ហើយ​ និងធ្លាប់បានវិភាគអត្ថបទខ្លី និងវែង នៅលើគណនីហ្វេសប៊ុករបស់ខ្លួន អំពីបញ្ហាជាតិ និងបញ្ហានយោបាយក្នុងតំបន់។

លើសពីនេះ លោកធ្លាប់បានសរសេរសៀវភៅបែបវិភាគអំពីស្ថានភាពនយោបាយ និងសង្គមកម្ពុជា ចំនួន២ក្បាលរួចមកហើយ ដោយសៀវភៅទី១ ជាសៀវភៅពណ៌ស មានចំណងជើងថា «សគិតជាតិ» និង សៀវភៅទី២ ដែលជាសៀវភៅពណ៌ក្រហម មានចំណងជើងថា «កសាងជាតិ»។ ​ អ្នកវិភាគរូបនេះ ក៏មានបំណងចេញសៀវភៅទី៣ របស់ខ្លួននៅពេលខាងមុខ ដែលជាសៀវភៅខៀវ គ្រោងដាក់ចំណងជើងថា «ការពារជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ