លោក ​ហ៊ុន សែន ជំរុញ​​អាមេរិក​​ឲ្យ​ពន្លឿន​ច្បាប់​ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជាឲ្យ​លឿន​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ Screenshot

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ជំរុញ​​ទៅ​អាមេរិក​ឱ្យ​ពន្លឿន​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​កម្ពុជា​​ឲ្យ​បាន​ឆាប់ ដោយ​លោក​ថា ច្បាប់​នោះនឹង​​​គ្មាន​ឥទ្ធិពល​អ្វី​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ។

រដ្ឋ​សភាសហរដ្ឋអាមេរិក​​កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ​​បាន​អនុម័ត​សំណើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០១៩​ ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួនទៀត​ ដែល​អាមេរិក​យល់​ថា ​ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា ដែល​អាច​ឈានដល់ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ។​

ថ្លែង​ក្នុង​ការ​ពិនិត្យ​ការដ្ឋាន​សំណង់​ពហុកីឡដ្ឋាន​មរតក​តេជោ​ នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ចេញ​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​លោក​ថា ប្រសិន​បើ​ច្បាប់​នេះ​ចេញ​មែននោះ ប្រជាជន​កម្ពុជា​ ១៦​លាន​នាក់ នឹង​មិន​ទទួលផល​ប៉ះ​ពាល់​នោះ​ឡើយ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា វា​អាច​​ប៉ះពាល់​ដល់​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក។

លោកថា៖ «បើ​ច្បាប់​នេះ​ មាន​គោល​ដៅ​ជាក់​លាក់​ មាន២សំខាន់ៗ ទី​មួយ ​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​មួយ​ចំនួន ទី​ពីរ​ បង្ក​ទ្រព្យ​សម្បត្តិ អា​ហ្នឹង​វា​ធំ​ប៉ុណ្ណឹង! អញ្ចឹង​ទេ ប្រជា​ជន​ខ្មែរ​អត់​មាន​អី​ប៉ះពាល់​សោះ ហើយ​មន្ត្រី​ខ្មែរ​ ខ្ញុំ​ថា ​ឲ្យ ១០០នាក់​ទៅ​ចុះ ហើយ​ ១០០នាក់​ហ្នឹង​ ត្រូវ​ការ​ទៅ​ស្រុក​អាមេរិក​ធ្វើ​អី ខ្ញុំ​សួរ​ទៅ​ធ្វើ​អី​ បើ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ វា​មិន​ដែល​ទៅ​ផង​នោះ»

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន នាពេលនេះ គឺគ្រាន់តែជាចិត្តសាស្ត្រចាក់បណ្ដោយឲ្យស្ងប់ចិត្តប៉ុណ្ណេាះ។

លោក គឹម សុខ ទទួលស្គាល់ថា វាប៉ះដល់មន្ត្រីធំៗរបស់បក្សប្រជាជន​ដូចលោក ហ៊ុន សែន លើកឡើងមែន តែធាតុពិតនៅពីក្រោយ គឺប៉ះពាល់ធ្ងន់ធ្ងរជាងនេះ ទាំងកេរ្តិ៍ឈ្មោះប្រទេស និងការទទួលជំនួយផ្សេងៗ។

លោកថា៖ «វានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាតាមរយៈកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ក្រុមលោក ហ៊ុន សែន ដែលកំពុងតែដឹកនាំអំណាចហ្នឹង ស្ទើរតែដួលរលំហើយ បើសិនជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ស្ថានភាពសេដ្ឋកិច្ចស្ទើរតែដួលរលំ សួរថា ប្រជាពលរដ្ឋអាចរស់នៅបានដោយរបៀបណា? គឺប៉ះដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ មិនមែនមិនប៉ះទេ»

បើតាមលោក គឹម សុខ រដ្ឋាភិបាលគួរតែងាកមកទទួលយកសំណើរបស់សហគមន៍អន្តរជាតិ ជាពិសេសសំណើរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត យកមកកែលំអខ្លួនឡើងវិញ ដើម្បីបញ្ចៀសនូវទណ្ឌកម្មណាមួយមកលើប្រទេសខ្លួននេះ។

ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ដែល​សភា​អាមេរិក​បាន​អនុម័ត​​នោះ​ ត្រូវបាន​ដាក់​ចូល​ដល់​ព្រឹទ្ធសភា​រួច​ហើយកាល​ពី​ថ្ងៃ​ទី​១៦ ខែកក្កដា មុន​នឹងប្រជុំ​អនុម័ត និង​ឆ្លង​កាត់​ការ​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​មួយ​ដំណាក់​កាល​ទៀត។

ក្រោយ​ការ​ដំណើរ​ការ​ច្បាប់​នេះ ​រដ្ឋាភិបាល​កម្ពុជាបាន​ចេញ​សេចក្តី​ប្រកាស​​ដោយបាន​សម្តែង​នូវ​ការ​ខក​ចិត្ត និង​ប្រឆាំង​ដាច់​ខាត​ទៅ​លើ​ការ​សម្រេច​នេះ ដោយ​ថា​ អាមេរិក​កំពុង​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ