សកម្មជនអតីតគណបក្សប្រឆាំងមួយរូបទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធការចោទប្រកាន់ថា បានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា គណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក ម៉ៃ ហុងស្រៀង គឺជាសកម្មជននយោបាយទី១៤ហើយ ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ និងឃុំខ្លួនដោយខុសច្បាប់ ចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមកនេះ។
អតីតបក្សប្រឆាំងនេះក៏បានទាមទារឱ្យអាជ្ញាធរក្រុងភ្នំពេញដោះលែងលោក ម៉ៃ ហុងស្រៀង និងសកម្មជននយោបាយដទៃជាបន្ទាន់ និងឥតលក្ខខណ្ឌផងដែរ។
ក្នុងលិខិតនោះលើកឡើងថា៖ «សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ធ្វើការតាមដានស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងបន្តការដាក់សម្ពោធលើរបបក្រុងភ្នំពេញ ដើម្បីរបបនេះបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ នៅក្នុងប្រទេសកម្ពុជា»។
បើតាមសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh news បានដកស្រង់ប្រសាសន៍របស់ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ ថាការឃាត់ខ្លួនលោក ម៉ៃ ហុងស្រៀង នេះគឺធ្វើឡើងក្រោយពីជនសង្ស័យរូបនេះវិលត្រលប់ពីប្រទេសថៃវិញ ហើយការឃាត់ខ្លួននេះគឺមកពីសកម្មជនអតីតបក្សប្រឆាំងនេះធ្វើសកម្មភាពប្រមាថថ្នាក់ដឹកនាំកម្ពុជានៅលើបណ្ដាញសង្គម Facebook តាមរយៈការកាត់រូបភាពផ្សេងៗ៕