រដ្ឋាភិបាល​ថា នៅតែស្វាគមន៍​បក្ស​ដទៃ​ឱ្យ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់

ដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់(រូបពីលេខាធិការដ្ឋានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់)

រដ្ឋាភិបា​ល​ ប្រកាស​បើក​ចំហ​សមាជិក​ភាព​សម្រាប់​បក្ស​ដទៃ​ដែល​មិនទាន់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​ហ្វេសបុក​របស់​លោក​ដោយ​បញ្ជាក់​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ ថាយន្ត​ការ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​គឺ​មាន​អំណាច​​ក្នុង​ការ​កោះ​ហៅ​ក្រសួង​ស្ថាប័ន​រដ្ឋ​មក​សាកសួរ​បាន ដោយ​​​រដ្ឋាភិបាលនៅ​តែ​​​បើក​ចំហ​សម្រាប់​គណបក្ស​ដទៃ​​ទៀត​ អាច​ចូល​ជា​សមាជិកបាន​​។

លោក​សរសេរ​ថា៖ « យន្តការនេះ នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ក្នុងការចូលរួមជាសមាជិកតាមរយៈការស្នើសុំជាសមាជិក  »

គណបក្ស​៤ ដែល​មិន​ចូល​រួម​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ​មាន​ គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្សមាតុភូមិ​យើង។

អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ​លោក  កូវ គា មានប្រសាសន៍​ថាគណបក្ស​លោក​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​មិន​ចូល​រួម​ជា​មួយក្រុមប្រឹក្សា​នេះ ដោយ​សារ​គណបក្ស​មើល​ឃើញ​ថា​ក្រុមប្រឹក្សា​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កែ​ប្រែឥរិយាបថ​ ឬ​សកម្មភាព​ខ្លួន​នោះ​ទេ។

លោក ថា៖ « គាត់(នាយករដ្ឋមន្ត្រី)យក​មក​ហ្នឹង​គឺ​គ្រាន់​តែ​ជា​រូបភាព​ទេ។ គាត់​មិន​មែន​ខ្វះខាត​អី​ទេ! ឧទាហរណ៍​ថា​ខ្វះខាត​ទៀត​សោត​ក៏​វា​មិន​បាន​អី​ដែរ។ ទោះ​យើង​ចូល​មិន​ចូល​ក៏​វា​មិន​បាន​អី​ដែរ ចង់​និយាយ​ថា​សម្ដី​យើង​វា​មិន​មាន​ឥទ្ធិពល។​ វា​មាន​តែ​យើង​ធ្វើ​ការ​បែប​យើង​ គឺ​យើង​មាន​គណបក្ស​នយោបាយ​មួយ​ហើយ​មាន​មនោគមន៍​វិជ្ជា​របស់​យើង​ហើយ​យើង​ផ្សព្វផ្សាយ​គំនិត​ហ្នឹង​ទៅ​ បើ​ថា​ប្រជាពលរដ្ឋ​គាំទ្រ​ទើប​យើង​អាច​ធ្វើ​បាន​ បើ​ដូច​រាល់​ថ្ងៃ​នេះ​គឺ​យើង​ធ្វើ​អី​ក៏​វា​មិន​បាន​ដែរ » ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក ឡឹក សុធា មាន​ប្រសាសន៍ថា​គណបក្ស​លោក​នៅ​តែ​រក្សា​ជំហរ​ដូច​ដើម​ក្នុង​ការ​មិន​ចូល​រួម​ជាមួយ​ក្រុមប្រឹក្សា​នេះ ដោយ​ថា​គណបក្ស​សម្រេច​ជ្រើស​រើស​ផ្លូវ​រួច​ហើយ​ក្នុង​ការ​ធ្វើ​ការ។

លោក ​ថា៖ «​​ យើង​មិន​បាន​គិត​ពី​បញ្ហា ឬ​ក៏​ប្រសិទ្ធិភាព​អី​ទេ! តែ​យើង​គិត​ថា​វា​ច្បាស់​ណាស់​វា​គួរ​តែ​មាន​អ្នកណា​មួយ​ដែល​ឈរ​នៅ​ក្រៅ​រង្វង់​ហ្នឹង​ហើយ​ចាំ​ជួយ​ប្រាប់វិញ​ក៏​ល្អ​ជាង។ ហើយ​យើង​សុខ​ចិត្ត​ដើរ​តួនាទី​បែប​ហ្នឹង​ជាជាង​ការ​ចូល​រួម​ក្នុង​ក្រុម​ដែល​យើង​គិត​ថា​ស្ថិត​ក្នុង​ប្រអប់​មួយ​ដែលអាច​មើល​មិនឃើញ​គ្រប់ជ្រុងជ្រោយជាដើម »​ ។

ប្រធាន​ស្ដីទី​នៃ​គណបក្សមាតុភូមិ​យើង​លោកស្រី ហ៊ឹម សុគន្ធី មាន​ប្រសាសន៍​ថាគណបក្សលោក​ស្រី​នៅ​មិន​ទាន់​មាន​ជំហរ​យ៉ាង​ណា​ចំពោះ​ការ​ប្រកាស​ថ្មីនេះ​ដោយ​រង់ចាំ​ការ​ប្រជុំ​សម្រេចជា​មួយ​ប្រធាន​បក្ស​សិន។

លោក​ស្រី ហ៊ឹម សុគន្ធី ៖ « យើងនឹងពិភាក្សាថាយើងត្រូវចូលរួមមិនចូលរួម តែសម្រាប់ខ្ញុំទោះបីជាចូលរួមក៏ដោយមិនចូលរួមក៏ដោយក៏វានៅក្រោមដំបូលរបស់រាជរដ្ឋាភិបាលតែមួយទេ »

​VOD មិន​អាច​ទាក់ទង​គណបក្ស​ខ្មែរ​ឈប់​ក្រ​ដើម្បី​សុំ​ការ​យល់​ឃើញ​របស់​បក្ស​នេះ​ចំពោះ​ការ​ប្រកាសរបស់​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ។

គិត​រហូត​មក​ដល់ពេល​នេះ​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ត្រូវ​បាន​បង្កើតឡើង​មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ក្រោយ​ពីបង្កើត​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៨។ ​

មន្ត្រី​ជាន់​ខ្ពស់ផ្នែក​អង្កេត​​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ខុមហ្វ្រែល​ លោក កន សាវង្ស មាន​ប្រសាសន៍​ថាលោក​មិនមាន​ការ​បក​ស្រាយ​ ឬ​ជំទាស់​នោះ​ទេ​ទៅ​លើ​ការ​បង្កើត​នេះ តែ​លោក​ថា​តាម​ផ្លូវ​ច្បាប់​ អ្នក​ដែល​មាន​​សិទ្ធិ​ក្នុងការ​កោះហៅ​ក្រសួង​ស្ថាប័ន​រដ្ឋមកឆ្លើយ​បំភ្លឺ​គឺ​មាន​តែ​សមាជិក​សភាប៉ុណ្ណោះ។

លោក​កន សាវាង្ស៖ « បើនិយាយពីក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់វាអត់មានចែងក្នុងរដ្ឋធម្មនុញ្ញទេ ហើយសភាក៏អត់មាននិយាយអំពីរឿងហ្នឹងដែរ។ អញ្ចឹងរាល់ការផ្ដល់សិទ្ធិ ឬអាទិភាពអំណាចឱ្យក្រុមនេះក្នុងការកោះហៅរដ្ឋមន្ត្រី​​ ខ្ញុំមិនមានជាយោបល់ទេព្រោះវាជាការសរសេរលើកឡើងរបស់រដ្ឋាភិបាល តែនៅក្នុងផ្លូវច្បាប់ ដូចជានៅក្នុងរដ្ឋសភាខ្ញុំអត់ឃើញមាននេះជាអ្វីដែលមានយោងទៅលើច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏មានចែងក្នុងច្បាប់នោះ »

ក្រោយទទួល​បាន​អាសនៈ​ ១២៥​កៅអីពេញ​សភាក្រោយ​​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ប្រធាន​គណបក្សប្រជាជន លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដើម្បី​អនុញ្ញាត​ឱ្យ​បក្ស​ដែល​មិន​ជាប់​ឆ្នោត​អាច​ចូល​រួម​ក្នុង​អ្វី​ដែល​លោក​ហៅថា​ជា​ប្រជាធិបតេយ្យ​បែប​ថ្មី ទោះ​ជា​យ៉ាង​ណា​អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ថា​ការ​បង្កើត​នេះ​គឺ​គ្រាន់​តែ​ធ្វើ​ឱ្យ​ល្អ​មើល​ និង​ខ្ជះខ្ជាយ​ថវិការ​ជាតិ។

បច្ចុប្បន្ន​​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មាន​ចំនួន​១៦ គណបក្ស​​ក្នុង​ចំណោម​គណបក្ស​ដែល​ចូល​រួម​បោះឆ្នោត​ឆ្នាំ​២០១៨​ ចំនួន​២០​គណបក្ស។

ទោះ​ជា​យ៉ាង​ណា​កាល​ពី​ថ្ងៃ​ទី ៧ មិថុនា កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ថា​ឧត្តម​ក្រុមប្រឹក្សា​ និង​ផ្ដល់​យោបល់​នឹង​លែងមាន​ទៀត​ហើយ​​នៅ​អាណត្តិក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ