ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចោទ​សួរ​អំពី​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ក្រោយ​មរណភាព នួន ជា

បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា គឺ​ជា​អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ រូបថត៖ អ.វ.ត.ក.

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចោទ​សួរ​អំពី​យុត្តិធម៌​ដែល​ប្រជាជន​កម្ពុជា​គួរ​តែ​ទទួល​បាន បន្ទាប់​ពី​មរណភាព​របស់​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​ទៀត​នៃ​របប​ខ្មែរ​ក្រហម។

បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា បាន​ទទួល​មរណភាព​នៅ​អាយុ ៩៣​ឆ្នាំ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​នេះ។

មរណភាព​នៃ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ បាន​ជំរុញ​ឲ្យ​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចោទសួរ​ថា  តើ​ប្រជាជន​កម្ពុជា​ទទួល​បាន​យុត្តិធម៌​ហើយ​ឬនៅ។

នាយក​រង​​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​នេះ​ថា​៖ «មរណភាព​របស់​គាត់ [នួន ជា] បាន​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​នូវ​សំណួរ​ដ៏​សំខាន់ៗ​ថា តើ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​ក្រុម​គ្រួសារ​របស់​ពួកគេ បាន​ទទួល​យុត្តិធម៌​ដែល​ពួកគេ​សម​តែ​ទទួល​បាន​ហើយ​ឬនៅ»

លោក នួន ជា អតីត​ប្រធាន​សភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ​កាល​ពី​ឆ្នាំ​២០១៤ ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ក៏​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​ជា​លើក​ទី​២​​នៅ​ឆ្នាំ​២០១៨ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ជន​ជាតិ​វៀតណាម និង​ខ្មែរ​ឥស្លាម។

ប៉ុន្តែ លោក Phil Robertson បាន​អះ​អាង​ថា មេដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃ​របប​ខ្មែរ​ក្រហម មិន​ត្រូវ​បាន​នាំ​យក​ទៅ​កាត់​ទោស​នៅ​សាលា​ក្ដី​កូន​កាត់​មួយ​នេះ​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​មាន​ការ​រារាំង​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​អតីត​មេ​បញ្ជាការ​មួយ​រូប​របស់​ខ្មែរ​ក្រហម​ផង​ដែរ។

ខណៈ​ដែល​​មេដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃ​របប​ខ្មែរ​ក្រហម ដែល​ត្រូវ​ចាត់​បញ្ចូល​ទៅ​ក្នុង​ករណី ០០៣ និង ០០៤ មិន​ត្រូវ​បាន​នាំ​យក​ទៅ​កាត់​ទោស​នោះ អង្គការ​ Human Rights Watch បាន​ចាត់​ទុក​​ការ​​ចំណាយ​ថវិកា​ដល់​ទៅ​ជាង ៣០០​លាន​ដុល្លារ​សម្រាប់​ដំណើរការ​សាលាក្ដី​កូន​កាត់​សម្រាប់​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ថា​ជា​ «បរាជ័យ»​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ