ស្ត្រីមួយចំនួនក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកម្សៅទឹកដោះគោបំបៅកូនជំនួសទឹកដោះម្តាយបន្ទាប់ពីសម្រាលបាន២ទៅ៣ខែ ដោយសារកត្តាការងារ និងជីវភាពរស់នៅរបស់ពួកគេ។
ស្រ្តីវ័យចំណាស់ដែលមើលថែចៅតូចៗនៅខេត្តពោធិ៍សាត់បានអះអាងថា ចៅរបស់ពួកគាត់ចាប់ផ្តើមបៅម្សៅទឹកដោះគោបន្ទាប់ពីពួកគេកើតបានចន្លោះពីកន្លះខែ ទៅ៣ខែ ព្រោះម្តាយទារកទាំងនោះត្រូវត្រឡប់ទៅធ្វើការនៅខេត្តផ្សេងៗ និងនៅរាជធានីភ្នំពេញវិញ។
អ្នកស្រី ញ៉េ សារិ មានទីលំនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បាននិយាយថា ចៅរបស់គាត់បានបៅទឹកដោះម្តាយតែរយៈពេល២០ថ្ងៃប៉ុណ្នោះ ព្រោះម្តាយទារកត្រូវត្រឡប់ទៅធ្វើការនៅភ្នំពេញវិញ។ គាត់បានឱ្យចៅបៅទឹកដោះគោម្សៅរហូតមកដល់ពេលនេះមានអាយុ ៨ខែហើយ។
អ្នកស្រី សារិន បានិយាយថា នៅពេលដែលឱ្យចៅបៅម្សៅទឹកដោះគោ គឺគាត់មិនបានទៅពិគ្រោះយោបល់ពីមណ្ឌលសុខភាពឡើយ។ ការបំបៅទឹកដោះគោជំនួសទឹកដោះម្តាយបានធ្វើឱ្យចៅរបស់គាត់មានជម្ងឺរាគរូសញឹកញាប់ សុខភាពមិនសូវល្អ ម្តងឈឺនេះម្តងឈឺនោះ និងជាពិសេសរលាកបំពង់ក។
អ្នកស្រី សារិ បាននិយាយថា ៖ «ពេលចៅឈឺខ្ញុំយកទៅមណ្ឌលសុខភាព ពេទ្យប្រាប់ថាមកពីខ្ញុំប្រើទឹកដោះគោមិនល្អ ទឹកដោះគោវាស្អិតជាប់បំពង់កក្មេងទើបនាំឱ្យរលាកបំពង់ក ហើយក៍នាំឱ្យរាគរូសដែរ»។
អ្នកស្រី បានបន្តថា ក្នុង១ខែៗគាត់ចំណាយ ១៥០ដុល្លារសម្រាប់ថ្ងៃទឹកដោះគោ និងថ្លៃព្យាបាលចៅ។ ថវិកាដែលឪពុកម្តាយរកបាន គឺគ្រាន់តែទប់ទល់ថ្លៃព្យាបាលជម្ងឺកូន ម្យ៉ាងទៀតធ្វើឱ្យសុខភាពគាត់ទ្រុឌទ្រោមដោយសារការថែទាំចៅ។
ស្ត្រីវ័យចំណាស់ម្នាក់ទៀត អ្នកស្រី អឿង សាវន រស់នៅក្នុង សង្កាត់លលកស ក្រុងពោធិ៍សាត់ បានឱ្យដឹងថា ចៅរបស់គាត់បៅទឹកដោះម្តាយបានត្រឹមតែអាយុប្រហែល២ខែប៉ុណ្នោះ។ ក្រោយមកអ្នកស្រីបានឲ្យចៅបៅម្សៅទឹកដោះគោជំនួសវិញដោយសារកូនស្រីរបស់គាត់ត្រូវត្រឡប់ទៅធ្វើការជាកម្មការនីកាត់ដេរវិញនៅភ្នំពេញ។
អ្នកស្រីមានការព្រួយបារម្ភពីសុខភាពនៅពេលឲ្យចៅបៅម្សៅទឹកដោះគោ ប៉ុន្តែ អ្នកស្រីគ្មានជំរើសនោះទេ ដោយសារកូនស្រីត្រូវត្រឡប់ទៅធ្វើការវិញ ដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីបន្តថា៖ «ខ្ញុំមិនចង់ឱ្យចៅបៅទឹកដោះគោម្សៅទេ ព្រោះអីតាមការណែនាំរបស់ពេទ្យ មានតែទឹកដោះម្តាយទេដែលធ្វើឱ្យក្មេងលូតលាស់បានល្អ»។
គាត់បានបន្ថែមថា ការបំបៅម៉្សៅទឹកដោះគោ វាបង្កើនការចំណាយក្នុងគ្រួសារ ហើយនៅពេលចៅមានជំងឺរាគរូសដោយសារការបំបៅនោះផង វាកាន់តែចំណាយច្រើនទ្វេដង។ អ្នកស្រីសំណូមពរទៅថៅកែរោងចក្រឱ្យបង្កើតកន្លែងសម្រាប់បំបៅដោះកូននៅតាមរោងចក្រនីមួយៗ ដើម្បីឱ្យម្តាយបានមកបំបៅកូនដោយទឹកដោះម្តាយផង។
លោកស្រី អ៊ុន សុភា ប្រធានមណ្ឌលសុខភាពវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ បានឱ្យដឹងថា ស្រ្តីពេលមកសម្រាលកូននៅមណ្ឌលសុខភាព គាត់តែងតែណែនាំឱ្យបំបៅដោះម្តាយតាំងពីកើតរហូតដល់អាយុ ៦ខែ ទើបឱ្យញ៉ាំបន្ថែមអាហារបំប៉នផ្សេងៗ។ប៉ុន្ តែបើគេបោះបង់ការបំបៅដោះកូនដោយទឹកដោះម្តាយមុនរយៈពេល ៦ខែ គឺប្រហែលមានធុរៈចាំបាច់។
លោកស្រី សុភាពបាននិយាយថា៖ «ការដែលគេបោះបង់បំបៅដោះកូនដោយទឹកដោះម្តាយមុនក្មេងមានអាយុ ៦ខែប្រហែលមកពីគាត់ត្រូវដល់ច្បាប់ទៅធ្វើការងារវិញ។លោកស្រីបន្តថា ការដែលបំបៅដោះកូនដោយទឹកដោះម្តាយមិនគ្រប់រយៈពេល ៦ខែ វាធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភ ងាយមានជម្ងឺផ្សេងៗ ហើយការលូតលាស់យឺតទៀតផង។
លោក ហ៊ូ ក្រើន អ្នកឯកទេសអាហារូបត្ថម្ភនៃអង្គការ Helen Keller International បានឱ្យដឹងថា ការខាតបង់ដោយសារតែមិនបំបៅដោះកូនដោយទឹកដោះម្តាយក្នុង ១ឆ្នាំៗ កម្ពុជាចំណាយថ្លៃទឹកដោះគោឱ្យទារកបៅអស់ ១០៧លានដុល្លារ។ ម្យ៉ាងទៀតការខាតបង់ថ្លៃព្យាបាលទារកដោយសារខ្វះអាហារូបត្ថម្ភ គឺក្នុង ១ឆ្នាំៗអស់ជាង ៣០០លានដុល្លារ។
លោក ក្រើន បានមានប្រសាសន៍ថា៖ «ការខាតបង់ គឺគិតតាំងពីពេលទារកឈឺ ម្តាយរត់ទៅរកពេទ្យ និងចំណាយផ្សេងៗ បូកបញ្ចូលគ្នាទៅអស់ប្រហែលជាង ៣០០លានដុល្លា។ នេះជាការខាតបង់ដ៍ធំមួយរបស់កម្ពុជាក្នុង១ឆ្នាំៗ»។
លោក ហ៊ូ ក្រើន បានឲ្យដឹងថា ការបំបៅកូនដោយទឹកដោះម្ដាយ បានធ្លាក់ចុះពីចំនួន ៧៣.៥ភាគរយ នៅឆ្នាំ២០១០ មកដល់ចំនួន ៦៤.៦ភាគរយ នៅឆ្នាំ២០១៤កន្លងមក។ លោកបន្ថែមថា ផ្ទុយទៅវិញ តួលេខនៃការបំបៅទារកដោយដបទឹកដោះគោ បានកើនឡើងឆាប់រហ័សពីចំនួន ១១.៨ភាគរយ នៅឆ្នាំ២០០៥ ដល់ចំនួន ២៤.៧ភាគរយ នៅឆ្នាំ២០១០ ហើយកើនឡើងដល់ចំនួនជាង ៣០ភាគរយ នៅឆ្នាំ២០១៤កន្លងមក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពិធិមួយក្រោមប្រធានបទ «យើងទាំងអស់គ្នាគាំទ្របំបៅដោះកូនដោយទឹកដោះម្តាយ» បានឱ្យដឹងថា ភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ច្បាស់ថា ការបំបៅដោះកូនដោយទឹកដោះម្តាយភ្លាមក្នុងកំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលហើយ អាចទប់ស្កាត់មរណៈភាពបានប្រហែល ២០ភាគរយ។
កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ខែដំបូងអាចកាត់បន្ថយជម្ងឺរាករុសបាន១១ដង និងជម្ងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
កុមារដែលមិនបានបំបៅដោយទឹកដោះម្តាយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងទារកដែលបំបៅដោយទឹកដោះម្តាយ។ មិនតែប៉ុណ្នោះពួកគេបាត់បង់ភាពឆ្លាតវៃ IQ ចំនួន ២.៦ពិន្ ទុបើប្រៀបទៅនឹងកុមាទទួលបំបៅទឹកដោះម្តាយពេញលេញ៕
អត្ថបទ៖ លោក រុង រឿង