យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ បានបញ្ជាក់ថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានបណ្តាលឲ្យករណីរំលោភសិទ្ធិមនុស្សកម្រិតធ្ងន់ធ្ងរជាលក្ខណៈប្រព័ន្ធកើតមានឡើង។
តាមរយៈរបាយការណ៍ដែលមានជំណងជើងថា “អន្តរាយដល់ទ្រព្យបញ្ចាំ៖ រឿងរ៉ាវបាត់បង់ដីធ្លី និងរំលោភសិទ្ធិ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា” ដែលត្រូវបានចេញផ្សាយក្នុងថ្ងៃនេះ អង្គការសិទ្ធិមនុស្ស លីកាដូ និងអង្គការសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោត បានរិះគន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា “ជញ្ជក់ឈាម” និងជាទូទៅមិនអនុវត្តតាមគោលការណ៍ក្រមសីលធម៌ក្នុងការផ្តល់ប្រាក់កម្ចីទេ។
របាយការណ៍ដដែលនោះបានជ្រើសរើសយកគ្រួសារចំនួន ២៨ ធ្វើជាករណីសិក្សា ហើយគ្រួសារទាំងនោះ “បានរងគ្រោះពីអំពើរំលោភសិទ្ធិមនុស្សជាច្រើនលើកច្រើនសារ និង/ឬ ក្នុងកម្រិតធ្ងន់ ដោយសារតែជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ហើយបានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនេះរីកចម្រើន ដោយពឹងផ្អែកលើប្រតិបត្តិការលក់ដីធ្លីដោយការបង្ខិតបង្ខំ ពលកម្មកុមារ ចលនាចំណាកស្រុកដោយសារជាប់បំណុល និងអំពើរំលោភបំពានផ្សេងៗទៀត។
ទោះជាយ៉ាងនេះក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបដិសេធចំណុចចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា ករណីបែបនោះកម្រកើតឡើងណាស់ ហើយបានអះអាងថា គោលនយោបាយ និងគោលការណ៍ជាច្រើនត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ ដើម្បីចៀសវាងអំពើរំលោភបំពានឲ្យដល់កម្រិតអតិបរមា។ គ្រឹះស្ថានទាំងនេះក៏បានបញ្ជាក់ផងដែរថា តែងតែមានការចរចាដើម្បីរក្សាទំនាក់ទំនងល្អរវាងអ្នកផ្តល់កម្ចី និងអ្នកខ្ចី។
ចំណែកឯម្ចាស់ភាគហ៊ុនបរទេសក៏បានលើកឡើងថាផងដែរថា ពួកគេមានទំនុកចិត្តលើស្តង់ដាររបស់គ្រឹះស្ថាននៅប្រទេសកម្ពុជា ដែលពួកគេបានចូលហ៊ុនជាមួយ ប៉ុន្តែមិនបានធ្វើសេចក្តីវិនិច្ឆ័យលើអ្វីដែលត្រូវបានរកឃើញនៅក្នុងរបាយការណ៍នេះទេ។
អង្គការទាំងពីរបានឲ្យដឹងថា នៅដើមឆ្នាំនេះ ប្រជាជនប្រមាណជា ២,៤ លាននាក់ ប្រហែលជា ១៥ ភាគរយនៃចំនួនប្រជាជនសរុប នៅជាប់ បំណុលខ្នាតតូច“យ៉ាងហោចណាស់ ៨ ពាន់លានដុល្លារ” បូករួមទាំងបំណុល ខ្នាតតូចពីធនាគារ អេស៊ីលីដា និង ធនាគារ ស្ថាបនា ផង។
តួលេខនៅក្នុងរបាយកាណ៍ដដែលនេះបង្ហាញថា ជាមធ្យមអ្នកខ្ចីប្រាក់ម្នាក់ជាប់បំណុលខ្នាតតូចចំនួនប្រមាណជា ៣ ៣៧០ ដុល្លារ ដែលនេះជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ ប៉ុន្តែ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលយកតួលេខគណនានេះទេ ពីព្រោះវាស៊ីគ្នាទៅនឹងចំនួនប្រាក់កម្ចីជាមធ្យម ដែលអតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបាន បូករួមទាំងប្រាក់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងកសិករដែលមានប្រាក់ចំណូលទាប។
ពីឆ្នាំ ២០០៣ ដល់២០១៤ ចំនួនប្រាក់កម្ចីនៅក្នុងប្រទេសប្រទេសកម្ពុជា បានកើនឡើងក្នុងល្បឿនមួយលឿនជាងប្រាក់ចំណូលរបស់អ្នកខ្ចី។ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០១៦ នៃគម្រោងសន្ទស្សន៍អាទានភាពនិងតិត្ថិភាពនៃទីផ្សារមីក្រូហិរញ្ញវត្ថុ (Microfinance Index of Market Outreach and Saturation, MIMOSA)។
របាយការណ៍របស់អង្គការទាំងពីរបញ្ជាក់ទៀតថា ក្នុងចំណោម ២៨ ករណី មាន ២២ ករណីដែលបញ្ចាក់ថា មន្ត្រីឥណទានបានគំរាមកំហែង បញ្ជា ឬបង្ខំអ្នកខ្ចីឲ្យលក់ដីរបស់ពួកគាត់ ដែលភាគច្រើនជាទ្រព្យមសម្បត្តិសម្រាប់រកចំណូល ក្នុងគោលបំណងសងបំណុល។
អង្គការ លីកាដូ និងសមាគមធាងត្នោត បានឲ្យដឹងថា ជាធម្មតា សម្រាប់ឥណទានថ្មីទាំងអស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឲ្យអតិថិជនដាក់ប្លង់ដីរបស់ខ្លួនជាវត្ថុធានា ជាពិសេស ឥណទានដែលមានទំហំលើសពី ១ ០០០ ដុល្លារ ហើយអ្នកចូលរួមសម្ភាសបាននិយាយថា ពួកគាត់បានផ្តល់ប្លង់ដី ដើម្បីប្តូរយកឥណទាន។
របាយការណ៍ដដែលបញ្ជាក់យ៉ាងដូច្នេះថា “រឿងបាត់បង់ដីធ្លីមិនមែនត្រឹមតែជារឿងផ្ទេរអចលទ្រព្យប៉ុណ្ណោះទេ ពោលគឺ វាថែមទាំងជាបញ្ហាធ្វើឲ្យហិនហោចដល់ជីវភាពរស់នៅ មុខរបរ និងអត្តសញ្ញាណ របស់គ្រួសារប្រជាជនទៀតផង”។
អង្គការ លីកាដូ និង សមាគមធាងត្នោត បានឲ្យដឹងបន្ថែមថា ជាញឹកញាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់សម្ពាធឲ្យអ្នកខ្ចីប្រាក់លក់ដីរបស់ខ្លួន ជាជាងយកទៅប្តឹងតុលាការ ដែលនេះជាការព្យាយាមគេចពីច្បាប់ ដែលតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ “ទៅរកតុលាការ នៅពេលអតិថិជនបាត់បង់សមត្ថភាពសង”។
របាយការណ៍របស់អង្គការទាំងពីរបានលើកករណីមួយមកបញ្ជាក់ថា ចំរើន (មិនមែនឈ្មោះពិតទេ) បានខ្ចីប្រាក់ចំនួន ៣ ០០០ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីយកទៅដាំម្រេច និងកៅស៊ូ។ របាយការណ៍ដដែលបានបន្តថា រយៈពេលមួយឆ្នាំក្រោយមក បន្ទាប់ពីគាត់មិនបានផលពីដំណាំរបស់គាត់ ហើយដល់ថ្ងៃត្រូវទូទាត់បំណុល ស្រាប់តែមន្ត្រីឥណទានរបស់គ្រឹះស្ថាននេះបានប្រាប់ និងណែនាំឲ្យ ចំរើន ខ្ចីប្រាក់ពីអ្នកចងការឯកជនមួយ។
របាយការណ៍នេះមានខ្លឹមសារយ៉ាងដូច្តេះថា “មន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានប្រាប់គាត់ថា ពួកគេនឹងនាំគាត់ទៅកាន់តុលាការ ប្រសិនបើគាត់មិនសងប្រាក់ទេនោះ។ ដូច្នេះហើយ ទើបគាត់យល់ព្រមទៅខ្ចីប្រាក់ពីអ្នកចងការឯកជនតែម្តងទៅ”។
ដោយជួបការលំបាក់ក្នុងការសងប្រាក់ដល់អ្នកចងការ ចំរើន ក៏បានលក់ដីមួយចំណែក និងខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ទោះបីជាតាមពិតគាត់បានប្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះថា គាត់នឹងយកប្រាក់កម្ចីថ្មីនេះ ទៅសងអ្នកចងការក៏ដោយ។ អង្គការទាំងនេះបានឲ្យដឹងថា មន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ត្រូវការតែប្លង់ដីពីគាត់ប៉ុណ្ណោះ។
ដដែលជាដែល ចំរើន នៅតែមិនអាចទូទាត់បំណុលបាន និងទទួលសម្ពាធពីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ឲ្យលក់ដីរបស់គាត់ទៅអ្នកទិញជាក់លាក់ម្នាក់ ហើយទីបំផុតដីរបស់គាត់ក៏លក់ដីរបស់គាត់ បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះបានបញ្ជូនមនុស្សចំនួន១១ នាក់ទៅផ្ទះរបស់គាត់ ដើម្បីគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះគាត់។ នេះបើយោងតាមរបាយការណ៍របស់អង្គការទាំងពីរ។
ចំរើនបាននិយាយថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានផលប្រយោជន៍ទេ។ ខ្ញុំធ្លាប់តែមានអាហារញាំ ប៉ុន្តែថ្ងៃនេះ ជីវិតរបស់ខ្ញុំជួបការលំបាកកាន់តែច្រើន”។
របាយការណ៍ដដែលបានលើកឡើងបន្ថែមទៀតថា បំណុល និងសម្ពាធពីមន្ត្រីឥណទាន បាននាំឲ្យមានការប្រព្រឹត្តិអំពើរំលោភសិទ្ធិដទៃទៀត ដូចជា ទាសភាពបំណុល ពលកម្មកុមារ និងអំពើកេងប្រវ័ញ្ចផ្សេងៗទៀត នៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅក្នុងប្រទេស ចលនាចំណាកស្រុករកការងារធ្វើ ដែលពេលខ្លះនាំទទួលបានការងារដែលមានហានិភ័យ និងបញ្ហាបាត់បង់សន្តិសុខស្បៀង។
ទោះជាយ៉ាង ថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំពីរ ដែលបានជួបជុំគ្នានៅទីស្នាក់ការសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សម្ភាសដល់វិទ្យុ VOD កាលពីថ្ងៃចន្ទ បាននិយាយល្អយ៉ាងច្រើនអំពីផលប្រយោជន៍នៃ “ការទទួលបានហិរញ្ញប្បទាន”។ ពួកគេបានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុជួយឲ្យសេដ្ឋកិច្ចដំណើរការល្អ តាមរយៈការផ្តល់ឥណទានម៉ូតូ គ្រឿងចក្រកសិកម្ម ហាងលក់ទំនិញ-សេវាកម្ម លំនៅដ្ឋាន និងទូរទស្សន៍ ដែលបានរីកសុះសាយទូទាំងប្រទេស។
លោក ប៊ុន មុន្នី ជាឧកញ៉ាម្នាក់ដែលបានធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ មានប្រសាសន៍ថា “សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់មីក្រូហរិញ្ញវត្ថុខ្លាំងណាស់ ពីព្រោះវាជួយប្រជាជន”។ លោកគឺជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថីម៉ាយក្រូហ្វាយនែន និងជាអនុប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពជា។
ថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះបានលើកឡើងថា ប្រតិបត្តិការប្រចាំថ្ងៃស្ទើរតែទាំងអស់ ពោលគឺអតិថិជន 97 ភាគរយ ឬក៏ច្រើនជាងនេះ សុទ្ធតែដំណើរការទៅមុខដោយរលូន។
ទោះជាយ៉ាងនេះក្តី លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និងជាប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ពេលខ្លះក៏មាន “មនុស្សមិនល្អ” ដែរ។
លោកបានបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់មីក្រូហិរញ្ញវត្ថុគឺ “របៀបដែលយើងត្រូវដោះស្រាយបញ្ហាករណីដែលមាន ១ ឬ ២ ភាគរយ។”
លោកបានថ្លែងដូច្នេះថា “សម្រាប់ឥណទាននីមួយៗ យើងតែងតែវិភាគសមត្ថភាពសង”។ ប៉ុន្តែ ចៀសមិនផុតទេ ករណីមួយចំនួន ឥណទាននាំឲ្យអ្នកខ្ចីបាត់បង់សមត្ថភាពសង និងទូទាត់សងយឺត។
លោកបានបន្ថែមថា ក្នុងករណីបែបនេះ មន្ត្រីឥណទានត្រូវកំណត់ថាតើ អតិថិជនពិតជាជួបបញ្ហាមែនដែរឬយ៉ាង ហើយប្រសិនបើពួកគេជួបបញ្ហាមែន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវចរចាឲ្យអតិថិជនសងប្រាក់ក្នុងចំនួនមួយតិចជាងមុន ដោយផ្តល់ឥណទានថ្មីសម្រាប់បំណុលនោះ ឬក៏លុបបំណុលចោលតែម្តង”។
លោក បូរាណ បានមានប្រសាសន៍ថា “យើងបានលុបចោលបំណុលមិនតិចជាង ១0 លានដុល្លារទេ ក្នុងមួយឆ្នាំ” ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា រឿងរ៉ាវបែបនេះមិនគួរត្រូវបានផ្សព្វផ្សាយទេ។
លោកបានលើកឡើងទៀតថា ប្រសិនបើអតិថិជនទាំងអស់ជឿជាក់ថា ខ្លួនប្រហែលជាមិនអាចទូទាត់ប្រាក់កម្ចីទេ នោះអាជីវកម្មនឹងត្រូវរលាយហើយ។
លោកមានប្រសាសន៍ដូច្នេះថា “យើងលុបចោលបំណុលជារៀងរាល់់ឆ្នាំ ប៉ុន្តែយើងមិនអាចចេញទៅក្រៅ ហើយប្រាប់ប្រជាជនអំពីរឿងនេះបានទេ ពីព្រោះវានឹងធ្វើឲ្យវិស័យនេះដួលជាមិនខាន”។
លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា វគ្គបណ្តុះបណ្តាល និងចំណាត់ការផ្នែកវិស័យលើមន្ត្រីឥណទានខិលខូចក៏ជាបញ្ហាប្រឈមប្រចាំថ្ងៃមួយ នៅក្នុងដំណើរការនៃប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។
លោកបានថ្លែងថា “យើងខិតខំបណ្តុះបណ្តាលមន្ត្រីឥណទានរបស់យើង ប៉ុន្តែយើងមិនអាចធានាថា មន្ត្រីឥណទាននឹងប្រតិបត្តិអ្វីដែលពួកគេបានរៀនសូត្របានទេ”។
លោកបានបន្ថែមថា “សំណួរសំខាន់ដែលយើងត្រូវឆ្លើយគឺ តើវាកើតឡើងជាលក្ខណៈប្រព័ន្ធនៅគ្រប់ទីកន្លែងដែរឬទេ? ថាតើការប្រតិបត្តិបែបនេះកំពុងកើតឡើងនៅគ្រប់ទីកន្លែង ហើយគំរាមកំហែងអតិថិជន ៥0 ភាគរយដែរឬអត់”។ នេះគឺជាសំណួរទាក់ទងនឹងចំនួនសំណាកនៅក្នុងរបាយការណ៍របស់អង្គការទាំងពីរ ដែលមានតែ ២៨ គ្រួសារ ក្នុងចំណោមអ្នកខ្ចីប្រាក់ជាង ២ លាននាក់។
លោក ឌីន បានលើកឡើងថា វិស័យនេះតែងតែពង្រឹងកិច្ចប្រតិបត្តិល្អបំផុតរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើសូចនាករ ៩៥ ចំណុច នៅក្នុងយុទ្ធនាការឆ្លាតជាសាកល ដើម្បីការពារអតិថិជន ពោលគឺត្រូវអនុវត្តគោលការណ៍ផ្តល់ប្រាក់កម្ចី ដែលបង្កើតឡើងដោយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជននៅតាមតំបន់ជនបទ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “រដ្ឋាភិបាល [និង] សាធារណជនចង់បានច្រើនពេកពីមីក្រូហ្វាយនេន ដោយសារតែយើងខ្ញុំធ្វើការជាមួយប្រជាជនក្រីក្រ។ យើងមិនអាចចេះតែរំពឹងអ្វីគ្រប់យ៉ាងពីមីក្រូហ្វាយនេននោះទេ ហើយលើកឧទាហរណ៍ពីរបីមកបន្ទោសវិស័យទាំងមូលទេ។ ពេលខ្លះ ខ្ញុំយល់ថា វាមិនសមស្របទេ”៕ ប្រែសម្រួលដោយ កង សុធា
អត្ថបទដោយ៖ Michael Dickison, Matt Surrusco និង ហ៊ុន សេរីវឌ្ឍន៍