ប្រធានអគ្គីសនីកម្ពុជាបញ្ជាក់ថា កម្ពុជាគ្មានគម្រោងក្នុងការសាងសង់ទំនប់វារីអគ្គិសនីកាត់ផ្ទៃទន្លេមេគង្គនោះទេ ដោយថា ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ទន្លេ។
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសន្ធីសិទ្ធការសែតនៅព្រឹកនេះនៅទីស្ដីការគណៈរដ្ឋមន្ត្រីថា ប្រទេសកម្ពុជាជៀសវាងដាច់ខាតនូវគម្រោងការសាងសងទំនប់វារីអគ្គិសនីណាមួយកាត់ដងទន្លេមេគង្គ ខណៈលោកថាគម្រោងដែលមានសិក្សាកន្លងមក គឺគ្រាន់តែសិក្សាពីសក្ដានុពលប៉ុណ្ណោះ។
លោកថា៖ «ការសិក្សាពីនេះ ពីនោះរបស់អ្នកជំនាញផ្សេងៗ គឺសិក្សាៗចុះយើងមិនដែលឃាត់ទេ ដើម្បីឱ្យយើងបានដឹងថាអាហ្នឹងវាមានសក្ដានុពលយ៉ាងមិច? តែក្នុងក្របខណ្ឌនៃការអភិវឌ្ឍយើងអត់ដែលយកមកនិយាយជជែកគ្នាត្រូវវិនិយោគអីហ្នឹងអត់ដែលសោះ! អញ្ចឹងសូមឱ្យបងប្អូនសុំកុំបារម្ភអី រឿងបញ្ហាហ្នឹង។ អញ្ចឹងហើយបានយើងព្យាយាមបំពេញបញ្ហាខ្វះខាតហ្នឹងតាមរយៈអ្វីផ្សេង »។
បើតាមលោកកែវ រតនៈ បច្ចុប្បន្ន ប្រភពថាមពលអគ្គិសនីដែលទាញយកមកប្រើប្រាស់មានមកពីវារីអគ្គិសនី ៥០ភាគរយ ធ្យូងថ្ម ៣០ភាគរយ ប្រេងឥន្ធនៈប្រមាណ ៥ភាគរយ និងការនាំចូលពីប្រទេសជិតខាងមួយចំនួនទៀត ខណៈនៅឆ្នាំ២០២០ខាងមុខ កម្ពុជានឹងមានប្រភពថាមពលចេញពីពន្លឺព្រះអាទិត្យចំនួន១៥ភាគរយនៃប្រភពថាមពលសរុប។
កាលពីខែឧសភា ឆ្នាំ២០១៨ ការសែតអង់គ្លេសមួយឈ្មោះ The Guardian បានទម្លាយការសិក្សាសម្ងាត់មួយរបស់វិទ្យាស្ថាន Natural Heritage Institute មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧ ក្រោមការផ្ដល់ថវិកាពីរដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីសំបូរ ក្នុងខេត្តក្រចេះ។
តែទោះជាយ៉ាងណាក្នុងការសិក្សានោះ បានបង្ហាញថា ការសាងសង់កាត់ផ្ទៃទន្លេមេគង្គ គឺជាការជ្រើសរើសទីតាំងដែលអាក្រក់បំផុតក្នុងការសាងសង់ ដែលស្មើនឹងការសម្លាប់ ជីវិតទន្លេមេគង្គ តែម្តង។
អ្នកពិគ្រោះយោបល់ឯករាជ្យទាក់ទងនឹងអភិបាលកិច្ចធនធានធម្មជាតិ លោក ហែម ឧត្តម សាទរចំពោះការបញ្ជាក់នេះ ខណៈលោកព្រមានថាប្រសិនជាទំនប់នេះត្រូវបានសាងសង់វិញនោះវានឹងធ្វើឱ្យប៉ះពាល់ដល់លំហូរត្រី ប្រព័ន្ធអេកូឡូស៊ី និងភក់ល្បាប់របស់កម្ពុជា និងផ្ទៃទន្លេមេគង្គទៅក្រោមទៀតផងដែរ។
លោកថា៖ «មិនត្រឹមតែកម្ពុជាទេ វាប៉ះដល់វៀតណាមទៀត បន្ទាប់ពីនោះទៅ គឺសមុទ្រចិនខាងត្បូង។ ប្រសិនជាខ្វះទឹកទន្លេមេគង្គពីខាងលើមក ទឹកប្រៃនឹងនាចចូលតំបន់ដីសណ្ដរទន្លេមេគង្គហ្នឹងក៏នាចចូលដែរ។ ខ្ញុំគិតថា នេះជាក្ដីបារម្ភខ្លាំងទាក់ទងនឹងទិន្នផលត្រីដែលប្រជាពលរដ្ឋយើងពឹងផ្អែកខ្លាំងពាក់ព័ន្ធនឹងប្រូតេអ៊ីន និងទិន្នផលត្រីដែលយើងធ្លាប់បានហ្នឹង»។
រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែបានបង្ហាញមហិច្ឆតាដើម្បីកសាងវារីអគ្គីសនី ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គលើ ដែលស្ថិតនៅប្រទេសចិនសរុបមានចំនួន៦ ដែលមានអានុភាពអគ្គីសនីសរុប ១៥៦០០ម៉េហ្គាវ៉ាត់ ហើយគម្រោងមួយទៀតឈ្មោះ ហ្គាឡាន់បា (១៥៥ម៉េហ្គាវ៉ាត់) កំពុងសិក្សា។ ចំពោះទន្លេមេគង្គក្រោមវិញ មានទំនប់វារីអគ្គីសនីចំនួន៩នៅឡាវ ដែលសរុបអានុភាពអគ្គីសនីប្រមាណ ៨៧៨៩ម៉េហ្គាវ៉ាត់។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន គាំទ្រចំពោះការបញ្ជាក់នេះតែថា លោកនៅមិនទាន់ទុកចិត្តនោះទេបើគ្មានការបញ្ជាក់ចេញពីនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកថា៖ «បើចង់ឱ្យប្រជាជនខ្មែរទុកចិត្ត គ្រាន់តែពាក្យសំដីរបស់លោក កែវ រតនៈ នៅក្នុងសន្និសីទកាសែត វាអត់គ្រប់គ្រាន់ទេ គួរតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ប្រកាសជាសាធារណៈមិនមែនតែម្ដងទេ! គួរតែប្រកាសកន្លះឆ្នាំម្តង ឬក៏មួយឆ្នាំម្ដង និយាយជាសាធារណៈវិញថា គ្មានការសាងសង់ជាដាច់ខាត់ ទើបអ្នកវិនិយោគគេថយ។ ប្រសិនជាពាក្យសំដីរបស់កែវ រតនៈគឺមិនអាចទុកចិត្តបានទេ»។
ចំណែកគម្រោង ២ទៀតដែលស្ថិតនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជា គឺគម្រោងវារីអគ្គីសនីស្ទឹងត្រែង និងគម្រោងទំនប់វារីអគ្គិសនីសំបូរ មានអានុភាពអគ្គិសនី ២៦០០ម៉េហ្គាវ៉ាត់ ។
គម្រោងទាំងពីរនេះ មានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង ជាអ្នកវិនិយោគ ដោយមានការចូលហ៊ុនជាមួយក្រុមហ៊ុនចិន។ ទោះយ៉ាងណាក្ដី គម្រោងទាំងពីររបស់កម្ពុជានេះមិនទាន់ទទួលការអនុម័តពីគណៈរដ្ឋមន្ត្រីនៅឡើយទេ៕