មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃនេះថា មនុស្សយ៉ាងតិចណាស់ ៤នាក់ស្លាប់ ហើយពលរដ្ឋជាង ១៣០០គ្រួសារទៀត ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព បន្ទាប់ជំនន់ទឹកភ្លៀងបានវាយប្រហារលើភូមិស្រុកជាច្រើននៅតាមបណ្ដាខេត្តចំនួន ៥ នៅភាគខាងត្បូង និងភាគឦសានកម្ពុជាចាប់តាំងពីដើមខែសីហានេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានឲ្យដឹងថា ទឹកជំនន់ភ្លៀងបានជន់លិចស្រុកមួយចំនួននៅខេត្តកោះកុង រតនគិរី មណ្ឌលគិរី កំពត និងខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ ហើយប៉ះពាល់ដល់ប្រជាជនចំនួន ៥៨៦៩គ្រួសារនៅតាមបណ្ដាខេត្តទាំងនោះ។ លោកបញ្ជាក់ថា អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងសហការគ្នាត្រៀមដោះស្រាយបញ្ហាប្រឈមដែលកើតឡើងក្នុងរដូវវស្សារនេះ។
លោក កែវ វី ប្រាប់ថា៖ «ទឹកចាប់ស្រកហើយនៅតាមទន្លេស្រែពកខេត្តរតនគិរី ហើយកំពង់សោម កំពតក៏ស្រកដែរ។ ចំពោះកោះកុងចាប់ផ្តើមស្រកតិច តែមណ្ឌលគិរីស្រកមែនទែនហើយ។ អាជ្ញាធរបានជួយអន្តរាគមន៍ច្រើនទៅកាន់ប្រជាពលរដ្ឋ តាំងពីជម្លៀសទៅកាន់ទីសុវត្ថិភាព ចែកអំណោយជាដើម។ យើងនៅតែត្រៀម ព្រោះការព្យាករណ៍ថា នឹងមានភ្លៀងច្រើនមកទៀតនៅពាក់កណ្ដាលខែនេះ»។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ចាប់ពីថ្ងៃទី៤ ដល់ ៩សីហា បានបង្កឱ្យមានជំនន់ទឹកភ្លៀង។
កម្លាំងជំនន់ទឹកភ្លៀងនេះបណ្ដាលឱ្យរលំរបងថ្មសង្កត់កម្មករសំណង់ ២នាក់ប្ដីប្រពន្ធស្លាប់ ខណៈពួកគាត់កំពុងជ្រកក្នុងរោងស្នាក់នៅជាប់របងផ្ទះធ្វើពីថ្មរៀបឥដ្ឋ ស្ថិតក្នុងក្រុមទី២១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។
ករណីមួយផ្សេងទៀត នៅចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុងស្រុកព្រៃនប់ មានជនជាតិចិនម្នាក់ស្លាប់ដោយសាររបងឡឥដ្ឋសង្កត់លើ។ ចំពោះករណីមួយទៀត គឺក្មេងស្រី អាយុ ១៥ឆ្នាំម្នាក់ រស់នៅភូមិដីឡូតិ៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានលង់ទឹកស្លាប់ កាលពីថ្ងៃទី៩ សីហា ដោយសារលិចទូក នៅពេលភ្លៀងកំពុងធ្លាក់។
តួលេខពីគណៈកម្មាធិការដដែលនេះ បង្ហាញថា ប្រជាពលរដ្ឋ ១៣៤២គ្រសារ ត្រូវជម្លៀសចេញពីលំនៅឋានដោយខ្លាចគ្រោះថ្នាក់ ក្នុងនោះរួមមានខេត្តរតនគិរី១១៧០គ្រួសារ កំពតជាង១០០គ្រួសារ និងខេត្តព្រះសីហនុ៦គ្រួសារ។ របាយការណ៍បញ្ជាក់ទៀតថា សាលារៀន ១៩កន្លែង វត្តអារាម ៨កន្លែង មណ្ឌលសុខភាព ១កន្លែង ស្រូវស្រែទំហំ ៣១១៩ហិចតា និងដីចម្ការ ៧៥៣ហិចតារងការលិចលង់។
អ្នកឃ្លាំមើលបញ្ហាបរិស្ថានយុវជន សាន់ ម៉ាឡា លើកឡើងថា កំណើនជំនន់ទឹកភ្លៀងធំៗភ្លាមទាំងនេះ គឺជាវិញ្ញាសារមួយថ្មីទៀត ដែលរដ្ឋាភិបាលត្រូវគិតគូរ ដើម្បីរកដំណោះស្រាយ។ លោកបន្តថា ចាប់តាំងពីមានការកាប់បំផ្លាញព្រៃឈើច្រើន និងការកើនឡើងនៃទំនប់វារីអគ្គីសនីមកកម្ពុជាជួបបញ្ហាទឹកជំនន់ភ្លាមៗគួរឱ្យបារម្ភ។
យុវជន សាន់ ម៉ាឡា ប្រាប់ថា៖ «យើងសព្វថ្ងៃនេះ ខែប្រាំងខ្សត់ទឹកខ្លាំង ដល់វស្សារភ្លៀងខ្លាំងយ៉ាងគំហុគ រាជរដ្ឋាភិបាលត្រូវគិតគូរពីបញ្ហានេះ»។
ភ្លៀងធ្លាក់ខ្លាំងនៅដើមខែសីហានេះ បានជន់លិចសង្កាត់ចំនួនបួនក្នុងក្រុងព្រះសីហនុ នាំឱ្យអាជ្ញាធរក្រុងបង្ខំចិត្តផ្តាច់អគ្គីសនី ផ្ដាច់ទឹកស្អាតអស់រយៈពេលមួយយប់។
ភ្លៀងខ្លាំងក៏បាននាំឱ្យក្រុមហ៊ុនចិនបើកទ្វារទឹកទំនប់វារីអគ្គីសនីក្នុងខេត្ត២ គឺទំនប់កំចាយនៅកំពត និងទំនប់វារីអគ្គីសនីស្ទឹងតាតៃនៅខេត្តកោះកុង បណ្ដាលឱ្យទឹកជន់លិចភូមិឋានអ្នកស្រុកចំនួន ២ ក្នុងខេត្តកំពត និងស្រុក២ទៀតនៅខេត្តកោះកុង។
ភ្លៀងខ្លាំងនេះក៏បានបណ្ដាលឱ្យបាក់ទំនប់ស្តុកទឹក ឈ្មោះប្រទាក់ក្រឡាក្នុងឃុំកូនសត្វ ស្រុកកំពតបណ្ដាលឱ្យប៉ះពាល់លិចលង់លំនៅឋានពលរដ្ឋមួយចំនួនដែរ តែអាជ្ញាធរក្រសួងធនធានទឹកទប់ទំនប់នោះរួចហើយ៕
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសចេញសេចក្ដីប្រកាសជូនដំណឹងនៅថ្ងៃនេះថា ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១០ ដល់ទី១៦ ខែសីហា។ ទឹកភ្លៀងនិងខ្យល់បក់បោកខ្លាំងនោះ បណ្ដាលមកពីព្យុះដែលកើតឡើងនៅឡាវ និងវៀតណាម។ ក្រសួងនេះព្រមានថា ទឹកជំនន់ភ្លៀងអាចនឹងកើតឡើងជាថ្មីនៅកោះកុង ខេត្តព្រះសីហនុ និងខេត្តតាមបណ្ដោយព្រំដែនជាប់ប្រទេសវៀតណាម៕