ជនជាតិចិនជា​ម្ចាស់អាគារ៩ជាន់ដែល​សង់​​ខុសច្បាប់​នៅខេត្តព្រះសីហនុ ព្រម​រុះរើដោយខ្លួនឯង

ម្ចាស់សំណង់អាគារខុសច្បាប់កម្ពស់៩ ជាន់ដែលជា​ជនជាតិចិន បាន​យល់ព្រមរុះរើអាគារដោយខ្លួនឯងតាម​សំណើរបស់​អាជ្ញាធរខេត្ត​ព្រះសីហនុ​។

តាមការចុះផ្សាយ​លើ​ទំព័រ Facebook រដ្ឋបាលខេត្តព្រះសីហនុកាលពីម្សិលមិញ អភិបាលខេត្ត លោក គួច ចំរើន បានកោះហៅម្ចាស់សំណង់លោក Zhu Fubing រួមជាមួយម្ចាស់សំណង់ដែលរកឃើញមានបញ្ហាទ្រេតមួយផ្សេងទៀតឈ្មោះ​ Ma Shundi ដើម្បីធ្វើការដោះស្រាយ។

ប្រភពដដែល ឱ្យដឹងទៀតថាម្ចាស់​សំណង់ទាំង​ពីរបានយល់​ព្រមធ្វើការ​រុះរើ​សំណង់​របស់​​ខ្លួនជាបន្ទាន់ តាមការណែនាំរបស់អាជ្ញាធរ ប៉ុន្តែ លោក Fubing ស្នើរសុំឱ្យរដ្ឋបាលខេត្តជួយសិក្សាបច្ចេកទេស និងផ្តល់លិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យាពេលកិច្ចសន្យាថ្លៃជួលដី។

ដោយឡែក លោក Shundi ដែលសំណង់របស់គេស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ស្នើរសុំរដ្ឋបាល​ខេត្តជួយសម្របសម្រួលជាមួយម្ចាស់ដី តម្លៃជួលក្នុងការរុះរើ និងច្បាប់សាងសង់។​

ដំណោះស្រាយនេះ គឺធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុកាលពីម្សិលមិញ​ បាន​បញ្ជាក់ជំហរក្នុងការវាយកម្ទេចសំណង់អាគារកម្ពស់៩ ជាន់នោះ បន្ទាប់ពីមន្រ្តីជំនាញរកឃើញមានស្នាមប្រេះស្រាំ និងស្រុតផ្នែកមួយចំនួន។

អ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ ប្រាប់ វីអូឌី ថា អាជ្ញាធរនឹងហៅមកសាក​សួរ និង​ចាត់ការតាមនិតិវិធីច្បាប់សំណង់កម្ពុជា ហើយពួកគេត្រូវតែគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួង។

លោកថា៖ «វាមិនមានហេតុផលណាមួយដែលគាត់ [ម្ចាស់សំណង់] មិនអនុវត្តតាម[សេចក្តីប្រកាស]នោះទេ។ បើមិនអនុវត្តតាមយើងចាត់ការតាមនិតិវិធីច្បាប់ហើយ។ បើគាត់មិនរុះរើ មានន័យថាអាជ្ញាធរនឹងចុះរុះរើ។»

ប្រធានសហព័ន្ធសហជីពពលករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន សាទរចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ប៉ុន្តែ លោកចង់ឱ្យមានការពន្លឿន និងបន្តការអនុវត្តឱ្យមានប្រ​សិទ្ធ​ភាពលើសំណង់អាគារខុសច្បាប់ដទៃទៀត ដែលឃើញមានមួយចំនួនទៀតនៅជិតមាត់សមុទ្ទ ដើម្បីបញ្ជៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោក គីន និយាយថា៖ «យើងអត់ចង់ឱ្យមានបញ្ហាគ្រោះថ្នាក់ហើយបានចាត់វិធានការទេ។ យើង​ចង់ឱ្យចាត់វិធានការស្មើៗគ្នាពេលដែលគាត់[អាជ្ញាធរ]រកឃើញ ព្រោះវាជៀសវាងកុំឱ្យមានបញ្ហាទៅខាងមុខទៀត»

មន្រ្តីសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ចៀប សុធារី ពុំទាន់មានទំនុកចិត្តចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តនៅឡើយ ដោយផ្អែកលើករ​ណីបាក់សំណង់អាគារសាងសង់ខុសបច្ចេកទេសកម្ពស់៧ ជាន់ កាលពី២ខែមុនជាឧទាហរណ៍។

លោកស្រី សុធារី បន្ថែមថា៖ «បើសិនជាម្ចាស់សំណង់ ឬម្ចាស់អាគារ គាត់អត់គោរពតាមបញ្ជា ឬក៏សេចក្តីណែនាំ សេចក្តីសម្រេចរបស់គណកម្មការ ឬរបស់ក្រសួង អាជ្ញាធរទេ សូមឱ្យប្រើវិធានការតាមផ្លូវច្បាប់ទៅ ជៀសវាមានគ្រោះថ្នាក់តទៅទៀត។ បើគ្រាន់តែចេញលិខិតហើយ យើងមិនតាមដានមើលការអនុវត្ត ឬប្រសិទ្ធភាពនៃលិខិតឯកសារគតិយុត្ត​បស់យើងទេ។ អាហ្នឹងវាដូចជាអត់ប្រយោជន៍។ វាធ្វើឱ្យច្បាប់ស្រុកយើងអត់មានតម្លៃ»

បន្ទាប់ពីកើតមានករណីបាក់អាគារកម្ពស់៧ ជាន់ សង្កត់មនុស្សស្លាប់២៨ នាក់ និងរបួស២៦ នាក់កាលពីខែមិថុនា​ នៅក្រុងព្រះសីហនុ រដ្ឋាភិបាលបានបង្កើតឱ្យមានគណកម្មការត្រួតពិនិត្យគុណភាពសំណង់ក្នុងខេត្ត ហើយជាបន្តបន្ទាប់ សំណង់ខុសច្បាប់ និងមិនគោរពស្តង់ដាសុវត្ថិភាពត្រូវបានរកឃើញ និងតម្រូវឱ្យរុះរើចេញជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ