លោក ផៃស៊ីផាន៖ បើ​យើង​រំលឹក​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ បានន័យ​ថា​យើង​បើក​ចំហ​ឱ្យ​បរទេស​មក​គ្រប់គ្រង​

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ មានប្រសាសន៍​ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ព័ត៌មានក្លែងក្លាយ អន្ដរាយដល់សន្ដិសុខជាតិ» នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Royal Government Spokesperson Unit

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​លើក​ឡើង​ថា​ការ​រំលឹក​ទិវា​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​២៣តុលា​ប្រៀបបាន​នឹងការបើកចំឲ្យ​​បរទេស​មក​គ្រប់គ្រងកម្ពុជា​។

លោក​ផៃ ស៊ីផាន​ថ្លែង​បែប​នេះ​ក្នុង​សន្នីសិទ​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នានា​​ពាក់ព័ន្ធនឹង​​ការ​លុបចោល​ទិវា​កិច្ច​ព្រមពៀង​ក្រុង​ប៉ារីស ២៣ ចេញ​ពីថ្ងៃ​ឈប់សម្រាករបស់​ជាតិ​។

លោក ផៃ ស៊ីផាន ថ្លែង​ថា​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា​តែងតែ​ប្រើ​ប្រាស់​ទិវា​នេះ​ដើម្បី​ហៅ​បរទេស​ឱ្យ​មក​គ្រប់គ្រង​កម្ពុជា​ ខណៈ​លោក​បញ្ជាក់​ថា​កិច្ចព្រមព្រៀង​នេះ​គឺ​គ្រាន់​តែ​ជា​សុបិន្ត​អាក្រក់​មួយប៉ុណ្ណោះ​​ ដោយ​​ជំរុញ​ឱ្យប្រជាជន​​ឱ្យ​តម្លៃ​ដល់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​វិញ។

លោក​ផៃ ស៊ីផាន៖ « បើ​យើង​រំលឹក​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​បានន័យ​ថា​យើង​បើក​ចំហ​ឱ្យ​បរទេស​មក​គ្រប់គ្រង​យើង​ផ្ទាល់! ក៏​ប៉ុន្តែ​ប្រសិន​យើង​រំលឹក​ទិវា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ យើង​អាច​ជជែក​គ្នា​បាន តើ​ធ្វើ​យ៉ាង​មិច​ឱ្យ​ប្រទេស​យើង​ជឿន​លឿន​តទៅទៀត? រក្សា​ស្ថិរភាព​ឱ្យ​បាន​រឹង​មាំ​តទៅ​ទៀត តើ​យើង​ធ្វើ​ច្បាប់​មួយ​ការ​ពារ​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ប្រាស់ចាក​ពី​ការ​ជិះជាន់​ពី​មន្ត្រី​អាក្រក់ » ។ ​

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នំា១៩៩១ មានប្រទេសចំនួន ១៨ បានចុះហត្ថលេខាទទួលស្គាល់ ក្នុងនោះ​មាន​ទាំងមហាអំណាចទាំង ៥ផងដែរ ដូចជា ចិន រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក ជាដើម។

កិច្ច​ព្រមព្រៀង​នេះ​ហើយ​ដែលធ្វើ​​ឱ្យ​ខ្មែរ​គ្រប់ភាគីឈប់​ប្រយុទ្ធគ្នា​​ បើក​ឱ្យ​អង្គការ​សហប្រជាជាតិ​ចូល​មក​ជួយ​រៀប​ចំ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ទទួល​ជំនួយ​ពីសហគមន៍អន្តរជាតិសម្រាប់អភិវឌ្ឍជាតិ នាំមក​នូវ​ការ​គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

អ្នក​នាំពាក្យ​សមាគម​អាដហុក​លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស២៣​តុលា មិន​មែន​ជា​សមិទ្ធិផល​​របស់​បរទេស​នោះ​ទេ វា​ជាការ​​ស្រុះស្រួល​គ្នា​រវាង​មេដឹក​នាំ​កម្ពុជា​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​រ៉ាំរ៉ៃ និង​ស្វាគមន៍​ឱ្យ​បាន​ការ​ជួយ​សម្របសម្រួល​ដោយ​​អន្តរជាតិ​ដោយកម្ពុជា​​ខ្លួន​ឯង។

លោក ​ថា៖ « យើង​ត្រូវ​ដឹង​ថា​បញ្ហា​ទាំង​អស់​នេះ​គឺ​ជា​បញ្ហា​របស់​ខ្មែរ ផ្ទុយ​ទៅ​វិញ​ខ្មែរ​មាន​ភ័ព្វវាសនា​ទៅ​វិញ​ទេ​ដែល​បរទេស​ទាំង​អស់​នោះ​គេ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នយោបាយ​របស់​ស្រុក​ខ្មែរ​។ … ទោះ​បី​ជា​មាន​៧ មករា ក៏​ដោយ​បើ​សិន​គ្មាន​២៣​តុលា​ទេ សង្គ្រាម​ស៊ីវិល​សម្លាប់​ខ្មែរ​ និង​ខ្មែរ​គឺ​អត់​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ ទាល់​តែ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​ហើយ ទើ​ប​យើង​មូលមាត់​គ្នា​បញ្ចប់​នូវ​ការ​យក​ឈ្នះ​យក​ចាញ់​គ្នា​ដោយ​ចុង​កាណុង​ ដោយ​ងាក​មក​រក​ការ​បោះឆ្នោតដោយ​លិទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ និង​គោរព​សិទ្ធិ​មនុស្ស​នេះ​ឯង »

ក្នុង​អនុក្រឹត្យចុះថ្ងៃទី២ ខែ​សីហា រដ្ឋាភិបាល​បានកាត់បន្ថយថ្ងៃឈប់សម្រាក​ការងាររបស់មន្ត្រីរាជការ និយោជក កម្មករ ប្រចាំឆ្នាំ២០២០ ពី ២៨ថ្ងៃ មកត្រឹម ២២ថ្ងៃវិញ។

រដ្ឋាភិបាលឲ្យដឹងទៀតថា ថ្ងៃដែលបានលុបចេញពីប្រតិទិននោះមាន ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាជាតិនៃការចងចាំ ២០ឧសភា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា និងលុបចោល ២ថ្ងៃ សម្រាប់ព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ។

ថ្លែង​ប្រាប់​VOD កាល​ពី​សប្ដាហ៍​មុន ប្រធានគ្រង់ផ្នែក​អង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើក​ឡើង​ថា​ ការដកថ្ងៃ ២៣ តុលា ចេញ​ពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនេះ អាចធ្វើឲ្យពលរដ្ឋភ្លេចប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ និង​ធ្វើឲ្យសហគមន៍​អន្តរជាតិ កាន់តែមើលឃើញថា រដ្ឋាភិបាលគ្មានឆន្ទៈស្តារស្ថានភាពសិទ្ធិមនុស្ស​តាមយន្តការប្រជាធិតេយ្យ ដូចមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ឡើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ «យើងឃើញហើយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១នេះ វានាំ​មក​នូវ​ព្រះរាជាណាចក្រកម្ពុជាទី២ ហើយនាំកម្ពុជាឲ្យប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ អានេះក្រៅតែអំពីបទឈប់បាញ់ ក្រៅអំពីការអភិវឌ្ឍ ជួយជ្រោមជ្រែងប្រទេសកម្ពុជាឲ្យរួចផុតពីរបបកុម្មុយនីស្តកន្លងមក»

ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១នេះ ត្រូវរដ្ឋាភិបាល​លុបចេញ​ពី​ប្រតិទិន​ឈប់សម្រាក​ការងារ​ម្តង​ហើយ​កាល​ពីឆ្នាំ២០០៥ ប៉ុន្តែ បានសម្រេចដាក់បញ្ចូលវិញនៅឆ្នាំ២០១២ ក្រោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចូលទីវង្គត។

រដ្ឋាភិបាល អះអាងពេលនោះថា ការដាក់ឡើងបញ្ចូលថ្ងៃ២៣ តុលា ទៅក្នុងថ្ងៃឈប់សម្រាកឡើងវិញនោះ​ថា ជា​ឆន្ទៈ​នយោបាយ​​របស់​រាជរដ្ឋា​ភិបាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​វីរភាព​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀងនេះ នាំ​ឲ្យ​កម្ពុជា​​សម្រេច​បាន​នូវ​ការបោះឆ្នោត​ មាន​សភាធម្មនុញ្ញ មាន​រដ្ឋធម្មនុញ្ញ ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ