សមត្ថកិច្ចសន្និដ្ឋានករណីស្លាប់១គ្រួសារនៅព្រះសីហនុជាការបំពុល

សាកសពដែលស្លាប់ទាំងគ្រួសារនៅខេត្តព្រះសីហនុ (ប្រភពរូប៖ អគ្គស្នងកានគរបាលជាតិ)

សមត្ថកិច្ចក្រុងព្រះសីហនុ ឱ្យដឹងថា ករណីឪពុក និងកូនស្រី ត្រូវបានប្រទះឃើ​ញ​​​​ដេកស្លាប់ក្នុងផ្ទះ និងម្តាយឃើញនៅសល់ដង្ហើម ហើយបានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅវេលាម៉ោងប្រហែល ៨ យ​ប់​ថ្ងៃម្សិលមិញ គឺជាករណីស្ត្រីមេផ្ទះបំពុលសម្លាប់ប្តី កូន និងខ្លួនឯង។​

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានប្រាប់ វីអូឌី តាមទូរសព្ទថា ឆ្លងកាត់តាមការស្រាវជ្រាវបឋមពីមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសី​ហនុ សមត្ថកិច្ចវាយ​តម្លៃជំហានដំបូងថា ហេតុការណ៍ខាងលើ គឺជាករណីអត្តឃាត បន្ទាប់ពីសមត្ថកិច្ចស្រាវ​ជ្រាវស៊ើបអង្កេតទៅលើទីតាំងកើតហេតុតាមបច្ចេកទេសជំនាញ។

លោក ជួន ណារិន៖ «វិធានការជំនាញរបស់យើងស្រាវជ្រាវ ទី១ គឺពិនិត្យទៅលើកន្លែងកើតហេតុ គាត់បានខ្ទាស់ខ្ទាស់អីនៅក្នុងផ្ទះជិតតែម្តង មិនអាចនរណាចេញចូលបាន ទី២ គាត់ឈ្លោះគ្នាញឹកញាប់ ប្តីជាមួយនឹងប្រពន្ធ ហើយទី៣ ការស្លាប់នេះមិនមានស្លាកស្នាមធើអីទេ គឺថាពាក់ព័ន្ធនឹង..ជាតិពុល»។

លោកបន្ថែមថា នៅមានមូលហេតុមួយទៀតដែលនាំឱ្យសមត្ថកិច្ចសន្និដ្ឋានករណីនេះមិនមែនជាករណីឃាតកម្មនោះគឺថា ឪពុក និងកូនស្រីស្លាប់មុន ឯស្រ្តីជាម្តាយ និងជាប្រពន្ធស្លាប់តាមក្រោយដោយសារធាតុពុលដូចគ្នា ហើយថាស្រ្តីជាប្រពន្ធ និងជាម្តាយ គឺជាអ្នកបំពុលប្តី និងកូនស្រីរបស់ខ្លួនមុន រួចទើបបំពុលខ្លួនឯងតាមក្រោយ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ជនរងគ្រោះជាឪពុកមានឈ្មោះ ខេង អាយុ ៤៣ឆ្នាំ មុខរបរជាមេការជាងកញ្ចក់, កូនស្រី មានឈ្មោះ លី ស៊ីវឈីង អាយុ១២ ឆ្នាំ មុខរបរជាសិស្ស និងស្រ្តីជាប្រពន្ធ និងជាម្តាយមានឈ្មោះ ម៉ឹង សុផល អាយុ ៤១ឆ្នាំ មុខរបរអ៊ុតសក់ ពួកគេទាំងបី បានជួលផ្ទះរបស់ឈ្មោះ យ៉ាន់ សុផុន អាយុ ៦៥ឆ្នាំ។

គួរបញ្ជាក់ថា ​មុន​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​២​ បាន​ទទួល​ព័ត៌មាន​ថា​ នៅផ្ទះ​ជួល​របស់​ឈ្មោះ​ យ៉ា​ន់​ សុ​ផុ​ន​ មាន​មនុស្ស​ដេក​ស្លាប់​​ ដោយ​ចាក់សោរ​ជាប់​ពី​ខាងក្នុង​។​

ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ចជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថាទ្វារផ្ទះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ និង​សាច់ញ្ញាតិ​ជន​រង​គ្រោះ​ ព្រមទាំង​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​គាស់​ រួច​ចូល​ទៅ​ក្នុងផ្ទះ​ ឃើញ​មាន​មនុស្ស​២​នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ (​ឪពុក​និង​កូនស្រី​)​ ចំណែក​ម្តាយ​នៅ​មាន​ដង្ហើម​ ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ហើយ​ក្រោយមក​បាន​ស្លាប់​ នៅ​វេលា​ម៉ោង​២៣​នឹង​២០​នាទី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ