កម្ពុជាជំរុញ​កូរ៉េ​​ខាង​ត្បូងឱ្យ​បង្កើន​ការ​វិនិយោគ​មក​កម្ពុជា​ឡើង​វិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក អូ ណាក់យ៉ុង ក្នុងកិច្ចប្រជុំពិភាក្សាការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ (ប្រភព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ជំរុញ​ដល់​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​ឱ្យ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​​កម្ពុជា​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ ជា​ពិសេស​ការ​បង្កើន​ការ​វិនិយោគ​មក​កម្ពុជា​ឡើង​វិញ​ផង​ដែរ។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែននេះ​ គឺ​ធ្វើ​ឡើង​ក្នុ​ងកិច្ច​ប្រជុំ​ពិភាក្សាការងារ​មួយ​ជា​មួយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង លោក ​អូ ណាក់យ៉ុង ដែល​ចប់​អាណត្តិ​កាល​ពី​ម្សិល​មិញ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នេះ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន មាន​ប្រសាសន៍​​ថា ក្នុង​កិច្ចប្រជុំ​នោះ​ លោក​នាយករដ្ឋ​មន្ត្រី​បាន​ជំរុញ​ដល់​ភាគី​កូរ៉េ​ឱ្យ​បន្ត​ជួយ​នាំចូល​​ផលិតផល​កសិផល​របស់​កម្ពុជា ចូល​ទៅ​កាន់​ទីផ្សារ​កូរ៉េ និង​ជំរុញ​ឱ្យ​បង្កើននូវ​ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត​ ក្នុង​នោះ​លោក​ក៏​ចង់​ឃើញ​សាធារណ​រដ្ឋ​កូរ៉េ បង្កើន​ការវិនិយោគ​មក​កាន់​កម្ពុជា​ថែម​ទៀតផង​ដែរ។

លោក កៅ គឹមហួន ប្រាប់​ថា៖ «ខ្ញុំ​សុំ​ជម្រាបជូន​ផង​ដែរ​ថា ​អ្វី​ដែល​សម្តេច​ចង់​ឃើញ​នា​ពេល​ខាង​មុខ​នេះ​ គឺ​ទី​មួយ​មាន​ការ​កើន​ឡើងទំនាក់​ទំនង​រវា​ប្រជាជន​ និង​ប្រជាជន ទី​ពីរ ​ទំហំពាណិជ្ជកម្ម​ និង​ការ​កើន​ឡើង​កំណើន​វិនិយោគ និង​ទេស​ចរណ៍​ ហើយ​ជា​ពិសេស​ទៀត​ យើង​ដឹង​ស្រាប់​ហើយ​អ្នក​ដែល​ជំរុញ​ការ​ផ្ដួច​ផ្ដើម​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​កូរ៉េ គឺ​សម្តេច​តេជោ​តែ​ម្ដង។ ហើយ​នៅ​ពេល​ខាង​មុខ​នេះ ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កូរ៉េ ហើយ​សម្ដេច​ក៏​នឹង​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េ​ផង​ដែរ ​តែ​ចំណុច​នេះ ពេល​វេលា​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅ​ឡើយ​ទេ»

​បើ​តាម​របាយការណ៍​វិនិយោគ​អាស៊ាន ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​កូរ៉េ​មក​កាន់​កម្ពុជា​ បាន​ធ្លាក់​ចុះជា​បន្តបន្ទាប់​ពី​ដៃ​គូរ​វិនិយោគ​​លំដាប់​ទី​២​ ដែល​មាន​តម្លៃ​​ជាង ​​១៧០លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ដល់​ដៃ​គូរ​វិនិយោគ​ទី​៥​​ ដែល​មាន​តម្លៃ​ប្រមាណ​ ១៣០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។

ក្នុង​ឆ្នាំ២០១៨ នេះទំហំពាណិជ្ជកម្មកម្ពុជា​-កូរ៉េ មាន​តម្លៃ ៧៥៦​លានដុល្លារ ក្នុងនោះ​ភាគី​កម្ពុជា​នាំចូល​ទៅកាន់​ទីផ្សារកូរ៉េមាន​តម្លៃ ២០២​លានដុល្លារ ខណៈ​កូរ៉េខាងត្បូងនាំចូលមកកាន់កម្ពុជាវិញ មាន​តម្លៃ​​ ៥៤៧លានដុល្លារ។

ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកាន់ទីផ្សារកូរ៉េមានដូចជា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើងភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និង​ក្រដាសកាតុង ហើយទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​កូរ៉េ​ខាង​ត្បូង​វិញ​ភាគច្រើន គឺជាក្រណាត់តំបាញ រថយន្តដឹកទំនិញភេសជ្ជៈ គ្រឿងម៉ាស៊ីន គ្រឿងតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ