មន្ត្រីជាន់ខ្ពស់កម្ពុជា បានស្នើទៅវៀតណាមឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើដែលត្រូវបាននាំចេញពីប្រទេសកម្ពុជា ដែលការស្នើសុំនេះ ត្រូវបានសកម្មជនបរិស្ថាន ចាត់ទុកជាការឆ្លុះបញ្ចាំងឱ្យឃើញនូវបរាជ័យរបស់សមត្ថកិច្ចកម្ពុជាក្នុងការបង្ក្រាបទៅលើបទល្មើសព្រៃឈើ។
ក្រោយត្រឡប់មកពីចូលរួមសន្និសីទអន្តរជាតិលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសកម្ពុជា ឡាវ វៀតណាម កាលពីថ្ងៃទី១៩សីហានោះ ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា លោក ឈាង វុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងកិច្ចប្រជុំនោះ កម្ពុជាបានស្នើទៅរដ្ឋាភិបាលវៀតណាមឱ្យជួបទប់ស្កាត់បទល្មើសព្រៃឈើ និងបញ្ឈប់ការទទួលយកឈើចូលពីកម្ពុជា។
លោក ឈាង វុន មានប្រសាសន៍ថា៖ «យើងស្នើឱ្យភាគីវៀតណាមជួយទប់ស្កាត់ដែរ។ បើគាត់បណ្តោយឱ្យយកឈើចូលស្រុកគាត់ដោយរលូនស្រួល អ្នកកាប់ឈើនៅតែមាន។ មិនតែប៉ុណ្ណោះទេ មានរហូតដល់ជនជាតិវៀតណាម ដែលគាត់យល់ថា ជាមិត្តរបស់យើង គាត់មករួមបំផ្លាញដែរព្រៃឈើស្រុកខ្មែរ»។
សារព័ត៌មានវៀតណាមឈ្មោះ Cóng Thoúng បានចុះផ្សាយកាលពីដើមខែកក្កដាកន្លងមកនេះថា ប្រទេសកុម្មុយនីស្តមួយនេះ នឹងរកចំណូលបានលើសពី ១០ពាន់លានដុល្លារនៅឆ្នាំនេះ តាមរយៈការនាំឈើចេញទៅក្រៅប្រទេស។
តាមរបាយការណ៍របស់អគ្គនាយដ្ឋានព្រៃឈើ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សារព័ត៌មាននេះ បានចុះផ្សាយថា ចំណូលនាំចេញឈើកែច្នៃ និងអនុផលព្រៃឈើទៅសហគមន៍អន្តរជាតិក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ មានចំនួនជាង ៥ ២៣០លានដុល្លារសហរដ្ឋអាមេរិក ឬបានកើនឡើងខ្ទង់ ២០ភាគរយ បើធៀបនឹងតួលេខចំណូលនាំចេញឈើទៅក្រៅប្រទេសក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សារព័ត៌មាននេះ បញ្ជាក់ថា វៀតណាមនៅតែអាចរក្សាតំណែងជាប្រទេសនាំមុខគេក្នុងការនាំចេញផលិតផលឈើ និងអនុផលព្រៃឈើក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ី និងជាប់លេខ ៥ ក្នុងពិភពលោកផងដែរ។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឆឺយ ឧត្តមរស្មី បានលើកឡើងថា ការស្នើសុំឱ្យភាគីវៀតណាមជួយទប់ស្កាត់បទល្មើសព្រៃឈើ និងការនាំឈើចូលប្រទេសគេនោះ វាជារឿងគួរឱ្យខ្មាសអៀន និងបង្ហាញពីបរាជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
លោក ឆឺយ ឧត្ដមរស្មី ប្រាប់ថា៖ «យើងមិនបាច់ដល់ថ្នាក់ទៅសំណូមពរវៀតណាមទេ ឱ្យតែយើងអនុវត្តច្បាប់ប្រទេសយើងឱ្យបានត្រឹមត្រូវ អាការកាប់ព្រៃឈើហ្នឹងវានឹងអស់ឯង។ ជាពិសេសហ្នឹង សុំឱ្យក្រសួងកសិកម្ម ក្រសួងបរិស្ថានហ្នឹង បញ្ឈប់ដីព្រៃសម្បទាន បិទក្រុមហ៊ុនឈើទាំងអស់ហ្នឹងកុំឱ្យមានការដំណើរការបន្តទៀត។
បិទអាជីវកម្មកែច្នៃឈើទាំងអស់ ហើយបញ្ឈប់ការចេញលិខិតប៉េសេ(PC) នាំឈើចេញជាបន្ទាន់ អាហ្នឹងខ្ញុំគិតថា ជាភាពជោគជ័យមួយហើយ មិនបាច់រដ្ឋាភិបាល ឬ គណៈកម្មការហ្នឹងទៅសំណូមពរខាងវៀតណាមទេ។ យើងធ្វើការដោយខ្លួនយើងកុំឱ្យគេមើលងាយយើងក្នុងនាមយើងជាប្រទេសសាម៉ី។
ខ្ញុំគិតថា អាការទៅសំណូមពរវៀតណាម ប្រៀបដូចយកសាច់ជៀមទៅផ្ញើនឹងមាត់ខ្លាអីចឹង»។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ វិញ លើកឡើងថា ការស្នើនោះ ជារឿងអាម៉ាស់សម្រាប់ជាតិ និងបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិរបស់ខ្លួន។
លោក ហេង ស្រស់ មានប្រសាសន៍ថា៖ «ដើមចមដែលមនាំឱ្យមានការដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម ហើយមានការកាប់បំផ្លាញព្រៃឈើ គឺដោយសារពួកមន្ត្រីទាំងអស់ហ្នឹង ដែលជាអ្នកអនុញ្ញាតឱ្យមានលិខិត PC សិទ្ធិកែច្នៃឈើសម្រាប់រោងចក្រធំៗ ដូចជា រោងចក្រស៊ីងបាយអូទិច រោងចក្រអីជាដើមហ្នឹង គឺសុទ្ធតែជាអ្នកទទួលបានសិទ្ធិចេញពីក្រសួងកសិកម្ម។
អីចឹងហើយ ប្រសិនបើរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ហ្នឹងគាត់ចង់ឱ្យការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជាឱ្យវាមានប្រសិទ្ធភាព ទាល់តែឈប់ផ្តល់អាជ្ញាប័ណ្ណ ឈប់ផ្តល់លិខិតPC ទៅឱ្យក្រុមហ៊ុនធំៗទាំងនោះ»។
យ៉ាងណា អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបទល្មើសព្រៃឈើ និងធនធានធម្មជាតិ លោក អេង ហ៊ី ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាស្នើសុំវៀតណាមឱ្យចូលរួមទប់ស្កាត់បទល្មើស និងការនាំឈើចេញទៅប្រទេសរបស់គេនោះ ដោយថា កន្លងមកកម្ពុជាក៏ធ្លាប់បានស្នើសុំទៅភាគីវៀតណាមអំពីបញ្ហានេះដែរ។
អ្នកនាំពាក្យរូបនេះ ថ្លែងដោយមិនខ្វល់ទៅនឹងការរិះគន់ចំពោះការស្នើសុំនេះឡើយ ហើយថា នឹងនៅតែបន្តសហការជាមួយភាគីវៀតណាមដើម្បីជាចំណែកទប់ស្កាត់ និងបង្ក្រាបបទល្មើសមួយនេះឱ្យមានប្រសិទ្ធភាព។
លោក អេង ហ៊ី មានប្រសាសន៍ថា៖ «ចំពោះទស្សនមនុស្សយើងមិនអាចឃាត់គេបានទេ ការគិតរបស់គេ។ ចង់គេគិតម៉េចគិតទៅ សំខាន់ គណៈកម្មការជាតិមានការសហការគ្នា អ្វីក៏ដោយក៏ទាមទារឱ្យមានការសហការគ្នា»។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យបិទទាំងស្រុងនូវការនាំចេញឈើពីកម្ពុជាទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំ២០១៦កន្លងមក ប៉ុន្តែ ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ហៅកាត់ថា EIA បានលើកឡើងនៅក្នុងរបាយការណ៍ខ្លួនកាលពីឆ្នាំមុនថា ឈើជាង ៣១ម៉ឺនម៉ែត្រគូប (៣១០ ២៣២) ត្រូវបាននាំចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដែលមានតម្លៃជិត ២០០លានដុល្លារ(១៨១ដុល្លារ)នៅឆ្នាំ២០១៦កន្លងមក។
របាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានហៅថា EIA ដែលចេញផ្សាយកាលពីឆ្នាំមុនដោយដកស្រង់ទិន្នន័យផ្សេងៗ ពិសេសពីប្រភពគយវៀតណាមមកបញ្ចូលរបាយការណ៍ផ្សេងៗ អមដោយការវិភាគទិន្នន័យរបស់ខ្លួនផងបានឱ្យដឹងថា ទំហំនៃការនាំឈើប្រណិត និងឈើអារច្រៀករួចចេញពីកម្ពុជា ដែលភាគច្រើនជាឈើខុសច្បាប់ ទៅកាន់ប្រទេសវៀតណាមនៅតែមានកម្រិតធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០១៦មក។
នៅឆ្នាំ២០១៧ EIA រកឃើញថា ការនាំឈើចេញពីកម្ពុជាទៅកាន់វៀតណាមមានចំនួនជាង ៤៣ម៉ឺនម៉ែត្រគូប(៤៣៥ ៧៦៤) ដែលកើនឡើងជាងឆ្នាំ២០១៦ប្រមាណ ៤០ភាគរយ ដោយគិតជាទឹកប្រាក់មានជាង ២០០លានដុល្លារ(២១៣ដុល្លារ)។
នៅឆ្នាំ២០១៨ នៅមិនទាន់មានទិន្នន័យជាក់លាក់នៃការនាំឈើចេញពីកម្ពុជាទៅវៀតណាមនៅឡើយទេ ប៉ុន្តែ EIA បានវិភាគទិន្នន័យដោយផ្នែកលើឯកសារមួយចំនួន បង្ហាញថា ចន្លោះពីចុងឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨ ដែលជារដូវប្រមូលផលឈើខ្លាំងនោះ មានឈើជិត ២០ម៉ឺនម៉ែត្រគូប ត្រូវបានចេញពីកម្ពុជាទៅកាន់វៀតណាម ដែលមានទំហំទឹកប្រាក់ជិត ១រយលានដុល្លារ(៧៥ដុល្លារ)។
លោក សៅ សុខា ប្រធានគណៈកម្មកាជាតិទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ បានលើកឡើងក្នុងសារជាសំឡេងដែលត្រូវបានចែកចាយកាលពីថ្ងៃទី ១៩ កក្កដា ថា លោកមានការសោកស្តាយណាស់ចំពោះបញ្ហាព្រៃឈើកម្ពុជាចេះតែបាត់បង់ តែចំណូលថវិកាជាតិគ្មាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលព័ត៌មានថា ប្រទេសជិតខាងយើង គេសល់ព្រៃ ៦០ភាគរយនៃផ្ទៃដីទៅវិញ។ គេបានចំណូលពីការនាំឈើចេញរហូតដល់រាប់ពាន់លានដុល្លារ។ រីឯប្រទេសយើងវិញ ព្រៃបាត់បង់លុយចូលថវិកាជាតិអត់មាន។
នេះជាការខ្មាសអៀនធំណាស់ ដែលយើងជាកូនខ្មែរទាំងអស់គ្នា»៕